ជនត្រូវចាប់ខ្លួនក្នុងហេតុការណ៍ប៉ះទង្គិចរវាងសមត្ថកិច្ច និងកម្មការ នៅផ្លូវវ៉េងស្រេង (រូបភាព តាត ឧត្តម)
សាក្សី ៣នាក់ នឹងចូលបំភ្លឺ នៅតុលាការ ជុំវិញ ការចោទប្រកាន់ លើជនទាំង ២៣នាក់
ដោយ៖ តាំង វីដា / វីអូឌី | ថ្ងៃអង្គារ ទី28 ខែមករា ឆ្នាំ2014
ក្រុមមេធាវីការពារក្តីជនជាប់ចោទ២៣នាក់ ឲ្យដឹងថា សាក្សី ចំនួន៣នាក់ នឹងចូលឆ្លើយបំភ្លឺតាមការកោះហៅរបស់តំណាងអយ្យការអមសាលាដំបូង នៅរសៀលនេះ ជុំវិញការចោទប្រកាន់លើជនជាប់ចោទទាំងនោះថា បានញុះញង់បាតុករឲ្យមានអំពើហិង្សា នៅពេលកម្មករធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែ ១៦០ដុល្លារ កាលពីថ្ងៃទី២ និង៣ ខែមករា។
មេធាវីសហភាពការងារកម្ពុជា ការពារក្តី លោក វន់ ពៅ គឺលោក គីម សុជាតិ ឲ្យដឹងនៅព្រឹកនេះថា ការចូលឆ្លើយបំភ្លឺរបស់សាក្សី ៣រូបនេះ គឺស្ថិតក្នុងនីតិវិធីសាកសួររបស់ចៅក្រមស៊ើបអង្កេត ដែលធ្វើឡើង បន្ទាប់ពីតុលាការ បានសួរនាំភាគីពាក់ព័ន្ធមួយចំនួនរួចរាល់ហើយ។
មេធាវីអង្គការ Solidality Center អ្នកស្រី ហេង ប៉ុង ឲ្យដឹងដែរថា សាក្សី ៣រូបនេះ គឺត្រូវបានបញ្ជាក់ទទួលយកដោយជនជាប់ចោទផ្ទាល់ ដើម្បីបំភ្លឺដោះបន្ទុក ក្នុងហេតុការណ៍ប៉ះទង្គិចថា មិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់នោះទេ «សាក្សីដែលកូនក្តីយើងគាត់បញ្ជាក់ថា អាចធ្វើជាសាក្សីនៅក្នុងរឿងហ្នឹងបាន ហើយបានជួបជាមួយគាត់ បញ្ជូនឈ្មោះនោះទៅតុលាការ ដូចជាតុលាការបានបានកោះហៅគាត់ទៅបំភ្លឺ»។
ជុំវិញការឆ្លើយបំភ្លឺក្នុងហេតុការណ៍នោះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ខេង ទីតូ មានប្រសាសន៍ថា ក្នុងដំណើរការសាកសួរនេះ មន្ត្រីប៉េអឹម ៥រូប ត្រូវបានបញ្ជូនទៅឆ្លើយបំភ្លឺតាមការកោះអញ្ជើញរបស់តុលាការ កាលពីចុងសប្តាហ៍មុននេះ ក្នុងលក្ខខណ្ឌបំពេញកាតព្វកិច្ច ជាមន្ត្រីមុខងារសាធារណៈ «យើងត្រូវតែអនុវត្តតាមនីតិវិធី របស់តុលាការតាមច្បាប់អាវុធហត្ថ មន្ត្រីអនុវត្តច្បាប់ ពីមន្ត្រីមានតួនាទីភារកិច្ច គាត់គ្រាន់តែត្រូវបានអញ្ជើញឲ្យទៅបំភ្លឺ នៅក្នុងករណីផ្លូវវ៉េងស្រេង ជូនតុលាការដើម្បីឲ្យតុលាការគាត់មានមូលដ្ឋាននៅក្នុងការពិចារណា»។
សកម្មជនការពារសិទ្ធិមនុស្សនៃសមាគមអាដហុក លោក ចាន់ សុវ៉េត យល់ថា ព័ត៌មានពាក់ព័ន្ធនឹងដំណើរការសាកសួររបស់តុលាការនេះ ហាក់មានភាពលាក់បាំងច្រើនចំពោះសាធារណជន និងសង្គមស៊ីវិល។ លោកថា តុលាការ ត្រូវតែស៊ើបអង្កេតឲ្យបានស៊ីជម្រៅចំពោះករណីនេះ ដើម្បីបង្ហាញពីអព្យាក្រឹត្យភាពរបស់ខ្លួន «ច្បាប់តម្រូវយ៉ាងដូចម្តេច គឺយើងត្រូវតែធ្វើទៅតាម ករណីកិច្ចហ្នឹង។ នៅក្នុងនីតិវិធីច្បាប់ បានចែងច្បាស់ណាស់ ភាគីដែលពាក់ព័ន្ធនៅក្នុងរឿងក្តីនិមួយៗ មានភាគីសហការី មានការីដៃដល់ មានអ្នកផ្សំគំនិត មានភស្តុតាងអ្វីផ្សេងៗទៀត ដែលគេបានរក។ អ៊ីចឹងតុលាការនឹងស្វែងរកលើចំនុចទាំងអស់នោះឯង ខ្ញុំគិតថាអញ្ចឹង»។
គួរបញ្ជាក់ថា ក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងសមត្ថកិច្ច និងកម្មករ កាលពីថ្ងៃទី២ ខែមករា នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខាងមុខរោងចក្រយ៉ាកជីង មនុស្ស១០នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងចោទប្រកាន់ពីបទហិង្សាដោយចេតនា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។ ចំណែកថ្ងៃទី៣ ខែមករា ការប៉ះទង្គិចដូចគ្នា នៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា បានបណ្តាលឲ្យកម្មករ៥នាក់ស្លាប់ ១៣នាក់ទៀត ត្រូវបានចាប់ខ្លួនទៅឃុំនៅមណ្ឌលអប់រំកែប្រែម៣ ក្នុងខេត្តកំពង់ចាម៕
No comments:
Post a Comment