Paris Peace Accords 23 Oct. 1991

Sunday, January 26, 2014

គ្រាប់​មីន​ មិន​ទាន់​ផ្ទុះ​ ប្រមាណ​ ជាង​ ២​ពាន់​ គីឡូ​ម៉ែត្រ​ក្រឡា​ ទូទាំង​ ប្រទេស

គ្រាប់​មីន ៣០៥
រូបភាព​គ្រាប់​មីន​ជា​ច្រើន​ប្រភេទ ដែល​គេ​ឃើញ​មាន​នៅ​ក្នុង​ទឹក​ដី​កម្ពុជា។  (រូបថត  RFA / Sok Serey)

គ្រាប់​មីន​ មិន​ទាន់​ផ្ទុះ​ ប្រមាណ​ ជាង​ ២​ពាន់​ គីឡូ​ម៉ែត្រ​ក្រឡា​ ទូទាំង​ ប្រទេស

ការ​គ្រប់គ្រង​ទិន្នន័យ​បាន​បង្ហាញ​ថា បច្ចុប្បន្ន កម្ពុជា នៅ​សល់​ផ្ទៃ​ដី​ប្រមាណ​ជាង ២​ពាន់​គីឡូ​ម៉ែត្រ​ក្រឡា​ទៀត​ដែល​សេសសល់​គ្រាប់​មីន នៅ​ក្នុង​ចំណោម​ផ្ទៃ​ដី​សរុប​របស់​ប្រទេស។ ផ្ទៃ​ដី​ដែល​នៅ​សេសសល់​គ្រាប់​មីន ហើយ​តែង​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​រងគ្រោះ គឺ​នៅ​តាម​បណ្ដា​ខេត្ត​ចំនួន​ប្រាំ ដែល​ជាប់​ព្រំដែន​គ្នា​ជាមួយ​ប្រទេស​ថៃ។
ដោយ ហង្ស សាវយុត / អាស៊ីសេរី | ២៥ មករា ២០១៤
មន្ត្រី​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (ស៊ីម៉ាក= CMAC) បាន​ឱ្យ​ដឹង​ថា ខេត្ត​ឧត្តរមានជ័យ គឺ​ជា​ខេត្ត​មួយ​ដែល​មាន​ចំនួន​អ្នក​រងគ្រោះ​ដោយសារ​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ច្រើន​ជាង​គេ​នៅ​ក្នុង​ឆ្នាំ​២០១៣។
បញ្ហា​នេះ ធ្វើ​ឱ្យ​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​នៃ​ខេត្ត​ឧត្តរមានជ័យ កំពុង​មាន​កង្វល់​យ៉ាង​ខ្លាំង​ទៅ​លើ​សុវត្ថិភាព​អ្នក​ភូមិ ដែល​តែង​ត្រូវ​ការ​ពង្រីក​ផ្ទៃ​ដី​ធ្វើ​កសិកម្ម​នៅ​តាម​កន្លែង​ថ្មីៗ​ជា​អតីត​តំបន់​សមរភូមិ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​រដ្ឋាភិបាល និង​ក្រុម​ខ្មែរ​ក្រហម។
កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ កន្លង​ទៅ ប្រជាពលរដ្ឋ​ចំនួន ៧​នាក់ នៅ​ឃុំ​ត្រពាំងប្រិយ ស្រុក​អន្លង់វែង បាន​រង​របួស​ក្នុង​ពេល​ដែល​នាំ​គ្នា​ទៅ​ច្រូត​ស្រូវ ហើយ​ប៉ះ​ចំ​គ្រាប់​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម។
មេ​ឃុំ​ត្រពាំងប្រិយ គឺ​លោក ស៊ូ ណាត។ លោក​បាន​មាន​ប្រសាសន៍​ថា ទឹក​ដី​នៃ​ឃុំ​របស់​លោក​ដែល​នៅ​តាម​បណ្ដោយ​ជើង​ភ្នំ​ដងរែក ជាប់​នឹង​ព្រំដែន​ខ្មែរ-ថៃ ជា​អតីត​តំបន់​សមរភូមិ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​វៀតណាម និង​ក្រុម​ខ្មែរ​ក្រហម និង​រវាង​ខ្មែរ​ក្រហម ជាមួយ​ទាហាន​រដ្ឋាភិបាល ចាប់​ពី​អំឡុង​ឆ្នាំ​១៩៧៩ រហូត​ដល់​ឆ្នាំ​១៩៩៨។ ដូច្នេះ នៅ​តាម​តំបន់​ជាច្រើន គឺ​មាន​នៅ​សេសសល់​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ បើ​ទោះ​បី​ជា​មាន​ក្រុម​ដោះ​មីន​ស៊ីម៉ាក និង​ហាឡូត្រាស (Hallo Trust) ធ្លាប់​ចូល​ទៅ​ធ្វើ​ការ​បោស​សម្អាត​ខ្លះ​ហើយ​ក៏ដោយ។
លោក ស៊ូ ណាត៖ «យើង​នៅ​មាន​ការ​បារម្ភ​ដែរ អ៊ីចឹង​ហើយ​បាន​ជា​យើង​ណែនាំ​ប្រជាពលរដ្ឋ​ទៅ​ព្រៃ​ជួប​ប្រទះ​គ្រាប់​កុំ​ប៉ះ ហើយ​ការ​ដុត​ភ្លើង​ដុត​អី មុន​នឹង​ដុត​ត្រូវ​ពិនិត្យ​មើល កុំ​ឱ្យ​វា​មាន​ការ​គ្រោះថ្នាក់​ទៀត ព្រោះ​គ្រាប់​មីន​ហ្នឹង​វា​កប់​ក្នុង​ដី​យើង​មើល​មិន​ឃើញ ព្រោះ​ខាង​ស៊ីម៉ាក ហាឡូ រាវ​បាន​តិច​ណាស់​ក្នុង​ផ្ទៃ​ដី​ទាំងអស់​នៅ​ក្នុង​ឃុំ វា ៣២.១០០​ហិកតារ​ហ្នឹង​បាន​ប្រហែល​ជា ៥% ប៉ុណ្ណឹង​ទេ។ ការ​រាវ​ហ្នឹង​វា​អត់​ទាន់​ទៅ​តាម​សំណូមពរ​របស់​យើង​ទេ ព្រោះ​អា​នេះ​ធ្វើ​ផែន​ការ​ប្រចាំ​ឆ្នាំ យើង​លើក​សំណើ​ដាក់​ទៅ​តាម​ផែន​ការ​អភិវឌ្ឍន៍​របស់​ឃុំ​ហ្នឹង»
ចំណែក​នៅ​ឯ​ស្រុក​ត្រពាំងប្រាសាទ ដែល​ជា​ស្រុក​ជាប់​ព្រំប្រទល់​គ្នា​ជាមួយ​ស្រុក​ជាំក្សាន្ដ ខេត្ត​ព្រះវិហារ វិញ​មាន​សេចក្តី​រាយការណ៍​ថា មាន​ប្រជាពលរដ្ឋ​ស្លាប់ និង​រង​របួស​ជាច្រើន​លើក ដោយសារ​ផ្ទុះ​មីន​ក្រោម​ដី និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ក្នុង​ឆ្នាំ​២០១៣។
កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៣ យុវជន​ម្នាក់​ឈ្មោះ សយ វី អាយុ ២៤​ឆ្នាំ ជា​អ្នក​ភូមិ​ប្រាសាទ​ក្រហម​សែន​ជ័យ នៃ​ឃុំ​ព្រះប្រឡាយ បាន​រង​របួស​ធ្ងន់ធ្ងរ​នៅ​ពេល​គាត់​បាន​បើក​ត្រាក់ទ័រ​ទៅ​ភ្ជួរ​ស្រែ​លើ​ដី​ដែល​ទើប​តែ​គាស់​កាយ​ថ្មី។ ហើយ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ដែរ ទាហាន​ម្នាក់​ឈ្មោះ ហ៊ុន ណាន នៅ​ឃុំ​ព្រះប្រឡាយ បាន​ស្លាប់ និង​កូន​ប្រុស​ម្នាក់​ទៀត​រង​របួស​ធ្ងន់ ដោយសារ​តែ​យក​គ្រាប់​ផ្លោង​សេសសល់​ពី​សង្គ្រាម​ទៅ​ច្នៃ ដើម្បី​បំផ្ទុះ​ចាប់​យក​ត្រី។
សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ត្រពាំង​ប្រាសាទ លោក វឿង ស៊ីន បាន​មាន​ប្រសាសន៍​ថា ទាហាន​ដែល​ស្លាប់​នោះ គឺ​នៅ​ក្នុង​កង​វរ​លេខ​៣៧៥ ចំណុះ​ឱ្យ​កងពល​លេខ​៧៖ «ផ្ទុះ​នៅ​ស្រែ​ជិត​កន្លែង គេ​ហៅ​អន្លង់​ត្រាំ​ចាន។ បាក់​ដៃ​បាក់​អី​អស់ ហើយ​មុខ​អស់​រលីង កូន​អាយុ ១១​ឆ្នាំ រង​របួស​អស់​មួយ​ចំហៀង​ខ្លួន​តាំង​ពី​មុខ​រហូត​ដល់​ក្រោម​ក្លៀក»
កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៣ កុមារ ២​នាក់ និង​បុរស​ម្នាក់​ជា​អ្នក​ភូមិ​ទំនប់​អភិវឌ្ឍន៍ ឃុំ​អូរស្វាយ ស្រុក​ត្រពាំង​ប្រាសាទ បាន​ស្លាប់​ក្នុង​ហេតុការណ៍​ផ្ទុះ​មីន​ប្រឆាំង​រថក្រោះ​ដែល​កប់​ត្រួត​គ្នា​ជាច្រើន​គ្រាប់​នៅ​ក្រោម​ដី នៅ​ពេល​គាត់​ប​រទេះ​ក្របី ចូល​ទៅ​ដឹក​ឈើ​នៅ​ក្នុង​ព្រៃ។
អាជ្ញាធរ​មីន​កម្ពុជា បាន​បង្ហាញ​របាយការណ៍​ថា ចាប់​តាំង​ពី​ខែ​មករា រហូត​ដល់​ខែ​ធ្នូ ឆ្នាំ​២០១៣ នៅ​ខេត្ត​ឧត្តរមានជ័យ មាន​ប្រជាពលរដ្ឋ​ចំនួន ២៨​នាក់ ដែល​រងគ្រោះ​ដោយសារ​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ។ អ្នក​រងគ្រោះ​ទាំង​នោះ គឺ​រស់​នៅ​ក្នុង​ស្រុក​ចំនួន​៤ របស់​ខេត្ត​ឧត្តរមានជ័យ គឺ​ស្រុក​ត្រពាំង​ប្រាសាទ ស្រុក​អន្លង់វែង ក្រុង​សំរោង និង​ស្រុក​បន្ទាយអំពិល។
ប្រធាន​សាខា​កាកបាទ​ក្រហម​កម្ពុជា ខេត្ត​ឧត្តរមានជ័យ លោក ស សៀកហៀង បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​ស្រុក​ទាំងអស់​ចំនួន​៥ គឺ​មាន​តែ​ស្រុក​ចុងកាល់ មួយ​ទេ​ដែល​មិន​មាន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ។ ចំណែក​ឯ​ស្រុក​ចំនួន ៤​ទៀត ដែល​នៅ​ជាប់​ព្រំដែន​ខ្មែរ-ថៃ គឺ​ជា​តំបន់​ដែល​សម្បូរ​គ្រាប់​មីន​សេសសល់​ពី​សម័យ​សង្គ្រាម​កប់​ក្រោម​ដី​នៅ​ឡើយ។
លោក ស សៀកហៀង ៖ «ព្រោះ​កន្លែង​តំបន់​នេះ​សមរភូមិ​ក្ដៅ ហើយ​កាល​ពី​លើក​មុន នៅ​ទូទាំង​ប្រទេស​មក​ដាក់​មីន​តែ​ខេត្ត​នេះ​ឯង ហើយ​យើង​បាន​ដោះ​តែ​តាម​តំបន់​នៅ​ជុំវិញ​ទឹក តាម​បន្ទាយ​ចាស់ ឬ​ក៏​តាម​កន្លែង​ណា​ដែល​កំណត់​ទេ។ អា​ដាក់​រាយប៉ាយ​ពាស​វាល​ពាស​កាល​ហ្នឹង យើង​អត់​ទាន់​ដោះ​ទេ។ វា​សំខាន់ គឺ​ម៉ា​ជួរ​ភ្នំ​ដងរែក គឺ​នៅ​មាន​មីន​រហូត ក្នុង​ចម្ងាយ​ដី​ជាង ១២៤​គីឡូ​ម៉ែត្រ​ហ្នឹង គឺ​ប្រឈម​មុខ​ទាំងអស់​កន្លែង​ហ្នឹង។ អា​ការ​ដោះស្រាយ​របស់​រដ្ឋាភិបាល និង​អង្គការ​មួយ​ចំនួន ចេះ​តែ​ដោះ​ហើយ ក៏ប៉ុន្ដែ​វា​មិន​ដែល​រក​ឃើញ​ទាំងអស់​ទេ ជួន​កាល​ដី​គេ​ធ្វើ​ស្រែ​អស់​ហើយ គេ​សង់​ផ្ទះ​នៅ​ហើយ យើង​មិន​បាន​ទៅ​រុក​រក​ទេ ប៉ុន្តែ​ជួន​កាល​វា​ផ្ទុះ​ក្រោម​ផ្ទះ ដូច​ក្នុង​សាលា​រៀន ក្នុង​អី​នៅ​មាន​ខ្លះ»
អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា លោក ហេង រតនា បាន​ឱ្យ​ដឹង​ថា ចំនួន​អ្នក​រងគ្រោះ​ដោយសារ​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្នុង​ខេត្ត​ឧត្តរមានជ័យ មាន​តួលេខ​ខ្ពស់​ជាង​គេ​ក្នុង​ឆ្នាំ​២០១៣ បើ​ប្រៀបធៀប​នឹង​ខេត្ត​បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និង​ខេត្ត​ព្រះវិហារ ដែល​នៅ​តែ​មាន​អ្នក​រងគ្រោះ​ដោយសារ​គ្រាប់​មីន​សេសសល់​ក្រោម​ដី​ដែរ​នោះ។
លោក ហេង រតនា បាន​បញ្ជាក់​ទៀត​ថា ទោះ​យ៉ាង​ណា​ក៏ដោយ ក៏​ចំនួន​អ្នក​រងគ្រោះ​ដោយសារ​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្នុង​ឆ្នាំ​២០១៣ មាន​ការ​ថយ​ចុះ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១២ កន្លង​ទៅ។ លោក ហេង រតនា ឱ្យ​ដឹង​ថា ពេញ​១​ឆ្នាំ​២០១៣ ចំនួន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ មាន​ប្រហែល​ជាង ១១០​ករណី៖ «វិធាន​ការ​ចំពោះ​មុខ​យើង​បាន​ខិតខំ​សហការ​ជាមួយ​ប្រជាពលរដ្ឋ ដែល​រង​ការ​គំរាម​កំហែង​ដោយ​ផ្ទាល់ ដោយ​តំបន់​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ហើយ​ផែន​ការ​បោស​សម្អាត​របស់​យើង​មាន​ប្រមាណ​ពី ៨០ ទៅ ១០០​គីឡូ​ម៉ែត្រ​ក្រឡា​ក្នុង​១​ឆ្នាំ ដើម្បី​ធ្វើ​ការ​រំដោះ​ផ្ទៃដី​ដែល​មាន​បញ្ហា​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នោះ»
មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា បាន​ឱ្យ​ដឹង​ថា នៅ​ទូទាំង​ប្រទេស​កម្ពុជា ផ្ទៃ​ដី​ប្រមាណ​ជាង ២​ពាន់​គីឡូ​ម៉ែត្រ​ក្រឡា ត្រូវ​គេ​សង្ស័យ​ថា ជា​តំបន់​ដែល​មាន​គ្រាប់​មីន​នៅ​ឡើយ។
មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា អាច​ត្រូវ​ការ​ពេល​វេលា​ប្រហែល ២០​ឆ្នាំ ក្នុង​ការ​បោស​សម្អាត​ផ្ទៃដី​ដែល​សង្ស័យ​ថា មាន​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ទាំង​នោះ ដោយ​ត្រូវ​ការ​ចំណាយ​ទឹក​ប្រាក់​ប្រហែល​ពី ៤០០ ទៅ ៥០០​លាន​ដុល្លារ​អាមេរិក៕


No comments:

Post a Comment