Paris Peace Accords 23 Oct. 1991

Sunday, January 26, 2014

ពលរដ្ឋ​ នៅ​ព្រះវិហារ​ ចោទ​ ក្រុមហ៊ុន​ គ្រោង​ឈូស​ឆាយ​ រំលោភ​ ចូល​ដី​ចម្ការ

ពលរដ្ឋ​ នៅ​ព្រះវិហារ​ ចោទ​ ក្រុមហ៊ុន​ គ្រោង​ឈូស​ឆាយ​ រំលោភ​ ចូល​ដី​ចម្ការ
ករណី​ជម្លោះ​ដីធ្លី​ថ្មីៗ​កំពុង​កើត​មាន​ជា​បន្តបន្ទាប់​គ្នា​នៅ​ឯ​ខេត្ត​ព្រះវិហារ ចាប់​តាំង​ពី​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣ រួច​មក។ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​កិច្ច​ការពារ​សិទ្ធិ​មនុស្ស និង​បរិស្ថាន​ធម្មជាតិ កំពុង​សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ដោយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ ព្រម​ទាំង​វិនាស​ហិនហោច​ដល់​ព្រៃ​ឈើ និង​ធនធាន​រ៉ែ​ផង​នោះ។
ដោយ ហង្ស សាវយុត / អាស៊ីសេរី | ២៥ មករា ២០១៤
ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ភូមិ​ជីអោក ឃុំ​រមណី នៃ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ បាន​លើក​គ្នា​ទៅ​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​ឈ្មោះ ស្រី បញ្ញា អភិវឌ្ឍន៍ ដោយ​អ្នក​ភូមិ​អះអាង​ថា ក្រុមហ៊ុន​នេះ​មាន​គម្រោង​ឈូស​ឆាយ​រំលោភ​ចូល​ដី​បុស និង​ចម្ការ​របស់​ពួក​គេ។
ក្រុម​អ្នក​ភូមិ​បាន​ប្រមូល​ផ្ដុំ​គ្នា កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៥ ខែ​មករា ហើយ​បាន​នាំ​គ្នា​ចូល​ទៅ​ចាំ​ឃ្លាំ​មើល​សកម្មភាព​របស់​ក្រុមហ៊ុន ដែល​មាន​បំណង​ឈូស​ឆាយ​ពង្រីក​ផ្ទៃ​ដី។
បុរស​ម្នាក់ គឺ​ជា​អ្នក​ភូមិ​ជីអោក ក្នុង​ចំណោម​អ្នក​ភូមិ​ជាច្រើន​ទៀត។ គាត់​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​២៥ ខែ​មករា ថា ក្រុម​អ្នក​ភូមិ​របស់​គាត់​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​ក្រុមហ៊ុន​ឈូស​រំលោភ​យក​ដី​ចម្ការ​ជាច្រើន​ហិកតារ៖ «ប្រជាពលរដ្ឋ​ដែល​មាន​ដី​នៅ​ចន្លោះ​ស្មាច់​ទូក​នោះ គឺ​ប៉ះ​ចំ​ប្លុក​របស់​ដី​សម្បទាន​ក្រុមហ៊ុន ស្រី បញ្ញា។ ក្រុមហ៊ុន ស្រី បញ្ញា គេ​នឹង​ឈូស​ឆាយ​ដី​នោះ ហើយ​ប្រជាពលរដ្ឋ​ក៏​ទៅ​តវ៉ា​រឿង​ដីធ្លី​នៅ​ក្រុមហ៊ុន ស្រី បញ្ញា ហ្នឹង»
ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ស្រី បញ្ញា ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​រឿង​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។
ចំណែក​ប្រធាន​ស្ដីទី​នៃ​ក្រុម​ប្រឹក្សា​ឃុំ​រមណី លោក សូរ សៀ បាន​មាន​ប្រសាសន៍​ថា លោក​បាន​ដឹង​អំពី​បញ្ហា​ក្រុម​អ្នក​ភូមិ​ដែល​លើក​គ្នា​ទៅ​តវ៉ា​នោះ។ លោក សូរ សៀ បាន​ទទួល​ស្គាល់​ថា ក្រុមហ៊ុន ស្រី បញ្ញា ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ទី​នោះ គឺ​ពិត​ជា​មាន​ការ​ប៉ះពាល់​ទៅ​លើ​ដី​ចម្ការ​របស់​ប្រជាពលរដ្ឋ​ខ្លះ​មែន ក៏ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ថា មាន​ទំហំ​ប៉ុន្មាន​ហិកតារ​ច្បាស់​លាស់​នៅ​ឡើយ​ទេ៖ «នោះ​ជា​ដី​របស់​ប្រជាពលរដ្ឋ​មែន ជា​ដី​បុស ដី​ចម្ការ ប៉ុន្តែ​ដី​នោះ​វា​ទុក​ចោល​១​ឆ្នាំ​អី​មិន​បាន​ធ្វើ ក៏​វា​មាន​ប៉ះពាល់​គ្នា​ទៅ​វិញ​ទៅ​មក»
អាជ្ញាធរ​ឃុំ​រមណី មាន​គម្រោង​នឹង​ចុះ​ពិនិត្យ​មើល​បញ្ហា​ទំនាស់​ដីធ្លី​រវាង​អ្នក​ភូមិ​ជីអោក ជាមួយ​នឹង​ក្រុមហ៊ុន ស្រី បញ្ញា នៅ​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​មករា។
គេហទំព័រ (Website) របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ ខេមបូឌា អូផែន ឌីវីឡបមែន (Cambodia Open development) បាន​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១១ កន្លង​ទៅ ក្រុមហ៊ុន ស្រី បញ្ញា អភិវឌ្ឍន៍ បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ចំនួន ៨​ពាន់ ៨០០​ហិកតារ នៅ​ចន្លោះ​ព្រំប្រទល់​ស្រុក​រវៀង ខេត្ត​ព្រះវិហារ និង​ស្រុក​ប្រាសាទបល្ល័ង្គ ខេត្ត​កំពង់ធំ។ ដី​សម្បទាន​សេដ្ឋកិច្ច​ទាំង​នោះ សម្រាប់​វិនិយោគ​ដំណាំ​កសិឧស្សាហកម្ម និង​កៅស៊ូ។
អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ បាន​មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​ព័ត៌មាន​តាម​ទូរស័ព្ទ​ពី​អ្នក​ភូមិ ដែល​លើក​គ្នា​ទៅ​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន ស្រី បញ្ញា នោះ។
លោក ឡោ ចាន់ បាន​ចាត់​ទុក​ថា នេះ​គឺ​ជា​ករណី​ទំនាស់​ដីធ្លី​ថ្មី​មួយ​រវាង​ប្រជាពលរដ្ឋ ជាមួយ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ក្នុង​ចំណោម​ទំនាស់​ដីធ្លី​ថ្មី ដែល​ទើប​តែ​កើត​មាន​ឡើង ២​ករណី​ផ្សេង​ទៀត ចាប់​ពី​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ រួច​មក៕



No comments:

Post a Comment