តំណាងជនជាតិដើមភាគតិចកួយ នៅខេត្តព្រះវិហារ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្វែងរកអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធមួយចំនួន អោយជួយដោះស្រាយជម្លោះដីធ្លី នាមជ្ឈមណ្ឌលមេត្តាហោស៍ (Metta House) រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤។ (RFA / Sochivy)
តំណាងពលរដ្ឋ នៅព្រះវិហារ ដាក់ញត្តិ សុំអន្តរាគមន៍ ដោះស្រាយ បញ្ហាដីធ្លី
ដោយ សុ ជីវី / អាស៊ីសេរី | ២៨ មករា ២០១៤
ការទាមទារនេះ គឺបន្ទាប់ពីក្រុមហ៊ុនចំនួន២ ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលនោះ បានឈូសឆាយរំលោភយកដីសមូហភាពសហគមន៍ដែលបន្សល់ទុកតាំងពីដូនតាមក។
តំណាងជនជាតិដើមភាគតិចកួយ មកពីភូមិចំនួន៣ ក្នុងឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ស្វែងរកអន្តរាគមន៍ពីក្រសួងស្ថាប័នពាក់ព័ន្ធ ដោះស្រាយបញ្ហាក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឈូសឆាយរំលោភចូលក្នុងដីសហគមន៍។
ក្រុមហ៊ុនចំនួន២ ដែលក្រុមជនជាតិដើមភាគតិចអះអាងថា បានឈូសឆាយរំលោភយកដីប្រជាពលរដ្ឋនោះ គឺក្រុមហ៊ុន ឡាន ហ្វេង (Lan Feng International Company Limited) និងក្រុមហ៊ុន រូយ ហ្វេង (Rui Feng International Company Limited) ជាក្រុមហ៊ុនដែលទទួលបានសិទ្ធិសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល លើដីទំហំសរុបជាង ២ម៉ឺនហិកតារ ដើម្បីដាំដំណាំកសិឧស្សាហកម្ម មានអំពៅ និងអាកាស្យា។
លោកស្រី នួន ម៉ុន៖ «ជួយអោយលុបក្រុមហ៊ុនហ្នឹងចេញពីទឹកដីឃុំប្រមេរ អោយឆាប់។ សូមអាណិតអាសូរដល់ជនជាតិដើមភាគតិចផង។ ដែលក្រុមហ៊ុនគេឈូសហ្នឹង ខឿនប្រាសាទអីៗហ្នឹង គេឈូសលុបៗ ពួកខ្ញុំទៅមើលក៏ពួកខ្ញុំលើកឡើងម៉ោ ដើម្បីទុកគោរពបូជាម្តងទៀត។ ពួកខ្ញុំនៅទីនោះដែលទៅបោះជំរុំតាំងពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ នេះ ពួកខ្ញុំទៅតវ៉ាជាមួយក្រុមហ៊ុន គឺទៅដេកទីនោះ ផ្អាកមិនបាន ទៅទប់ស្កាត់ ព្រោះពេលទៅតវ៉ាគេឈប់ម៉ារយៈពេល ពួកខ្ញុំសម្រាកទៅហូបបាយអី ពេលល្ងាចអី គេទៅឈូសទៀត»។
នៅរសៀលថ្ងៃទី២៨ ខែមករា នេះ តំណាងជនជាតិភាគតិចកួយ បាននាំយកញត្តិទៅដាក់នៅស្ថាប័នចំនួន២ គឺក្រសួងមហាផ្ទៃ និងក្រសួងកសិកម្ម។
តំណាងអ្នកភូមិថ្លែងនៅក្រោយការដាក់ញត្តិថា តំណាងក្រសួងបានទទួលយកញត្តិរបស់ពួកគាត់ ប៉ុន្តែពុំបានសន្យាថាយ៉ាងណាចំពោះដំណោះស្រាយដែលពួកគាត់ស្នើសុំឡើយ។
តំណាងអ្នកភូមិបញ្ជាក់ថា នឹងដាក់ញត្តិទៅទីស្ដីការគណៈរដ្ឋមន្ត្រី ព្រះបរមរាជវាំង ក្រសួងយុត្តិធម៌ ក្រសួងវប្បធម៌ និងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថាប័នមួយចំនួនទៀត នៅព្រឹកថ្ងៃទី២៩ ខែមករា បន្តទៀត។
តំណាងអ្នកភូមិ លោក រ័ត្ន ភី សង្ឃឹមថា ភាគីពាក់ព័ន្ធនឹងជួយដោះស្រាយបញ្ហានេះ ដ្បិតជនជាតិដើមភាគតិចមិនមានចំណេះដឹងជ្រៅជ្រះ រស់នៅពឹងតែស្រែភ្លឺ និងអនុផលក្នុងព្រៃ៖ «ខ្លាចបាត់បង់ដីធ្លីស្រែចម្ការ ម្យ៉ាងទៀតវប្បធម៌ជនជាតិដើមភាគតិចយើងចេះតែសាបសូន្យទៅ។ ចង់រក្សាជនជាតិភាគតិចយើងអោយបានគង់វង្ស។ ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលអាណត្តិថ្មីនេះ ក្រោមការដឹកនាំរបស់សម្ដេច អាចនឹងមានការកែទម្រង់ និងជួយដោះស្រាយដល់ប្រជាពលរដ្ឋ»។
ក្រុមជនជាតិដើមភាគតិចកួយ ចំនួន ៣៦៧គ្រួសារនោះ រស់នៅក្នុងភូមិចំនួន៣ គឺភូមិប្រមេរ បុស្សធំ និងស្រែព្រាង។ ពួកគេអះអាងថា ដីសហគមន៍ដែលប៉ះពាល់នោះមានទំហំរាប់ពាន់ហិកតារ ក្នុងនោះមានដីស្រែ និងដីចម្ការ ដោយមិនបានរាប់បញ្ចូលដីព្រៃសហគមន៍ ដែលប្រើប្រាស់ជាសមូហភាពរាប់ពាន់ហិកតារទៀត។ ពួកគាត់បានដាក់បណ្ដឹងទៅមន្ទីរពាក់ព័ន្ធក្នុងខេត្ត និងអភិបាលខេត្តព្រះវិហារ អោយជួយរកដំណោះស្រាយជាច្រើនលើកច្រើនសា នៅតែមិនទាន់បានដំណោះស្រាយ៕
No comments:
Post a Comment