កម្មកររោងចក្រដុងឌូ ធ្វើបាតុកម្មនៅមុខរោងចក្រ (រូបថត ណាត សុភាព)
កម្មករ រោងចក្រ ដុងឌូ បន្តធ្វើបាតុកម្ម នៅមុខរោងចក្រ នៅថ្ងៃពុធនេះ ទាមទារ លក្ខខណ្ឌការងារ
ដោយ៖ ណាត សុភាព / វីអូឌី | ថ្ងៃពុធ ទី29 ខែមករា ឆ្នាំ2014
នៅព្រឹកថ្ងៃពុធនេះ កម្មករកាត់ដេរសម្លៀកបំពាក់ នៅរោងចក្រ ដុងឌូ ថេកថាយ ខេមបូឌា នៅខណ្ឌដង្កោ រាជធានីភ្នំពេញ បន្តធ្វើបាតុកម្មទាមទារឲ្យថៅកែរោងចក្រ គោរពលក្ខខណ្ឌការងារ១៣ចំណុច និងទទួលតំណាង១១នាក់ ចូលធ្វើការងារវិញ។
ប្រធានសហព័ន្ធសហជីពអភិវឌ្ឍន៍កម្មករ លោក តែប តុន បានឲ្យដឹងថា កម្មកររោងចក្រដុងឌូប្រមាណ ១០០០នាក់ នៅបន្តធ្វើបាតុកម្មនៅមុខរោងចក្រ ទាមទារឲ្យរោងចក្រ ត្រូវទទួលយកតំណាងពួកគេចូលធ្វើការវិញ ដោយរក្សាប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ចំនួន១៣ចំណុចរួមមាន ទាមទារប្រាក់ថែមម៉ោង ពីម៉ោង៤ទៅម៉ោង៦ ល្ងាច ១ដុល្លារ ទារថ្លៃអាហារថ្ងៃត្រង់ក្នុងមួយខែ១០ដុល្លារ លុយម៉ាស៊ីន២០ដុល្លារ និងទាមទារឲ្យដកមន្ត្រីរដ្ឋបាល លោក រុកគី ឆាយ ជាដើម។
កម្មករកាត់ដេរសម្លៀកបំពាក់រោងចក្រ ដុងឌូថេកថាយ ខេមបូឌា ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានធ្វើបាតុកម្មនៅមុខរោងចក្រ តាំងពីថ្ងៃចន្ទ តែក្នុងទ្រង់ទ្រាយតូច។ នេះជាការកម្រើកបាតុកម្ម នៅតាមរោងចក្រឡើងវិញ បន្ទាប់ពីសមត្ថកិច្ចបាញ់បណ្តាលឲ្យសម្លាប់បាតុករយ៉ាងតិច៥នាក់ នៅតាមផ្លូវវ៉េងស្រេង និងរបួសជិត៤០នាក់ ដោយសារទាមទារប្រាក់ឈ្នួល១៦០ដុល្លារ កាលពីដើមឆ្នាំនេះ៕
No comments:
Post a Comment