វិភាគ៖ បំបែក ការតវ៉ា ជាមធ្យោបាយល្អ តែមួយគត់ ក្នុងការពង្រឹ ងសន្តិសុខ មែនទេ?
ដោយ៖ ពៅ មេត្ដា | ថ្ងៃពុធ ទី22 ខែមករា ឆ្នាំ2014
ស្តាប់សំឡេង៖ | ចម្លងទុក |
នៅដើមខែមករា ឆ្នាំ២០១៤ សមត្ថកិច្ចបានបង្ក្រាបលើបាតុករជាបន្តបន្ទាប់ ក្រោមមូលហេតុការពារសន្តិសុខសណ្តាប់ធ្នាប់។ នៅថ្ងៃទីទី២ យោធាវាយបង្ក្រាបលើកម្មករដែលតវ៉ាទាម ទារដំឡើងប្រាក់ឈ្នូលនៅរោងចក្រយ៉ាកជីង ហើយបានចាប់ខ្លួនសកម្មជនដីធ្លី មន្ត្រីសហជីព និងមន្ត្រីសង្គមស៊ីវិល១០នាក់ នៅថ្ងៃទី៣ បាញ់បង្ក្រាបកម្មករនៅផ្លូវវ៉េងស្រេងបណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់ ប្រមាណ៤០នាក់រងរបួស និង២៣នាក់ត្រូវចាប់ខ្លួន។ លុះដល់ថ្ងៃទី៤ យោធាបង្ក្រាបយ៉ាងប្រញាប់ប្រញាល់លើបាតុកររបស់គណបក្សសង្គ្រោះជាតិនៅទីលានប្រជាធិបតេយ្យ។
ក្រោយការបង្ក្រាបលើបាតុកររបស់គណបក្សសង្គ្រោះជាតិតែប៉ុន្មានម៉ោង នៅរសៀលថ្ងៃទី៤ ខែមករាដដែល អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស កោះប្រជុំមន្ត្រីពាក់ព័ន្ធទាំងអស់ ដោយដាក់បញ្ជាឲ្យអនុវត្តវិធានការរបស់ក្រួសងមហាផ្ទៃ ដែលហាមការប្រមូលផ្តុំតវ៉ា ឬការជួបជុំដែលមានគ្នាលើសពី១០នាក់។
ចាប់ពីប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន និងមន្ត្រីរបស់លោកនៅតាមក្រសួងពាក់ព័ន្ធ នានាដូចជា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី អ្នកនាំពាក្យក្រសួងមហាផ្ទៃ និងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិជាដើម សុទ្ធតែអះអាងដូចៗគ្នា ការបង្ក្រាប និងការដាក់ចេញវិធានការ រឹតបន្តឹងសេរីភាពនៃការជួបជុំនេះ ធ្វើឡើងក្នុងគោលបំណងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមតែប៉ុណ្ណោះ ហើយថា សេរីភាពទាំងនោះ នឹងផ្តល់ឲ្យប្រជាពលរដ្ឋវិញនៅពេលណាដែលស្ថានការណ៍សន្តិសុខវិលមករកចំណុចដូចដើមវិញ។
តើវិធានការរបស់រដ្ឋាភិបាលនេះពិតជាជ្រើសល្អ ក្នុងការពង្រឹងសន្តិសុខមែនទេ?
ក្រោយការប្រើកម្លាំងបង្ក្រាបផ្ទូនៗភ្លាមៗ ឃើញស្ថានភាពនៅភ្នំពេញហាក់ដូចជា ស្ងាត់ជាងមុនគឺ បាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលមានបាតុករហែក្បួនពីរាប់ម៉ឺន ទៅក្បែរលាននាក់ ដើរនៅភ្នំពេញរាល់ថ្ងៃទន្ទេញពាក្យដដែលៗឲ្យលោក ហ៊ុន សែន ចុះចេញ ឬឲ្យលោក ហ៊ុន សែន ត្រូវព្រមបោះឆ្នោតឡើងវិញនោះ គឺស្ងាត់ឈឹង។ ចំណែកគម្រោងបាតុកម្មទូទាំងប្រទេសរបស់សមាគមគ្រួបង្រៀនទាមទារដំឡើងប្រាក់បៀវត្សរ៍ កម្មករទាមទារដំឡើងប្រាក់ឈ្នូល អ្នករត់ម៉ូតូឌុបទាមទារបញ្ចុះតម្លៃសាំងនោះ ក៏ស្ងាត់ឈឹងដែរ។
តែការស្ងាត់នេះ ហាក់មិនបានយូរប៉ុន្មានទេគឺកម្មករនៅផ្លូវវ៉េងស្រេង នៅតែបន្តតវ៉ា ជាទ្រង់ទ្រាយតូចជាបន្តបន្ទាប់នៅតាមរោងចក្ររបស់ពួកគេ ដោយក្រុមខ្លះបន្តទាមទារដំឡើងប្រាក់ឈ្នូល និងខ្លះទៀតទាមទារឲ្យថៅកែផ្តល់ប្រាក់ពេលដែលពួកគាត់ធ្វើបាតុកម្ម។
នៅថ្ងៃទី១៩ ខែមករា អង្គការសង្គមស៊ីវិល១០០អង្គការ ប្រមូលផ្ដុំនៅមុខវត្តឧណ្ណាលោម ក្នុងបំណងបង្ហោះប៉ោងប៉ោងសុំសិទ្ធិសេរីភាពទាមទារឲ្យដោះលែងសកម្មជន២៣នាក់ដែលកំពុងឃុំនៅត្រពាំងផ្លុងខេត្តកំពុងចាម និងទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់ការរំលោភសិទ្ធិមនុស្សទៀត។ តែពិធីត្រូវសមត្ថកិច្ចបំបែកដោយផ្អែកលើបទបញ្ជារបស់ក្រសួងមហាផ្ទៃហាមប្រមូលផ្តុំ និងបានចាប់មន្ត្រីអង្គការសង្គមស៊ីវិលមួយឃុំខ្លួនមួយយប់ គឺលោក សុខ ឈុនអឿង ប្រធានស្តីទីសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ការចាប់ខ្លួននិងការបំបែកហាក់មិនមានឥទ្ធិពលក្រុមដែលអះអាងថា កំពុងស្រេកឃ្លានយុត្តិធម៌នោះទេ។ នៅថ្ងៃទី១៩ អង្គការសង្គមស៊ីវិលជាង១៦០ និង សហគមន៍មានជម្លោះដីធ្លីយកញត្តិដាក់តាមស្ថានទូតនានានៅភ្នំពេញ ដើម្បីឲ្យស្ថានទូតទាំងនោះជំរុញទៅរដ្ឋាភិបាលឲ្យដោះលែងសកម្មជនទាំង២៣រូបដដែល។ ជាការឆ្លើយតបសមត្ថកិច្ចបានបំបែក និងឃាត់ខ្លួនសកម្មជនការពារសិទ្ធិដីធ្លី និង សិទ្ធិមនុស្ស១១នាក់ អស់ជាង៥ម៉ោង។
ងាកមកមើលសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាដែលដឹកនាំដោយលោក ជា មុនី ដែលអះអាងថា បងប្រុសរបស់លោក គឺលោក ជា វិជ្ជា ជាមេដឹកនាំសហជីពដ៏ឆ្នើមមួយរូបឃាតករបាញ់សម្លាប់ដោយ អយុត្តិធម៌ នៅតែប្រកាន់ជំហរហែក្បួនដែលមានអ្នកចូលរួមប្រមាណ១០០នាក់ ដើម្បីរំលឹខួបនៃការបាញ់សម្លាប់បងប្រុសរបស់លោករយៈពេល១០ឆ្នាំនៅថ្ងៃទី២២ ខែមករឆ្នាំ២០១៤ដដែល។
ទន្ទឹមសកម្មភាពរបស់អង្គការសង្គមស៊ីវិលខាងលើនេះ សហគមន៍មានទំនាស់ដីធ្លី និងអង្គការសង្គមស៊ីវិលដាក់លិខិតជូនដំណឹងទៅសាលារាជធានីភ្នំពេញពីការប្រមូលផ្តុំ តវ៉ាទាមទារសិទ្ធិសេរីភាពជាបន្តបន្ទាប់ទៀត។
ការកម្រើកឡើងវិញនៃសកម្មភាពតវ៉ានេះ ហាក់ដូចជាបម្រាមរបស់ក្រសួងមហាផ្ទៃមិនមានប្រសិទ្ធិភាពទេចំពោះអ្នកដែលកំពុងត្រូវការយុត្តិធម និងទាមទារឲ្យមានដំណោះស្រាយ។
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមលោក កែម ឡី លើកឡើងថា ប្រសិនបើភាគីពាក់ព័ន្ធមិនបានដោះស្រាយបញ្ហា ហើយឆ្លើយតបដោយការបង្ក្រាបនោះមិនអាចបញ្ចប់បញ្ហាបានទេ«កុំថា ឡើយបង្ក្រាបប៉ុណ្ណឹង បង្ក្រាបលើសហ្នឹងក៏មិនអាចទៅរួចដែរ បង្ក្រាបកាន់តែខ្លាំង គឺកាន់តែប៉ះបោរកាន់តែខ្លាំង ព្រោះយើងអត់បានដោះស្រាយនៅអ្វីដែលជាសេចក្ដីត្រូវការពិតប្រាកដបំផុត»។
សកម្មជនដីធ្លី និងមន្ត្រីសង្គមស៊ីវិល ដែលសមត្ថកិច្ចឃាត់ខ្លួនក្នុងស្នងការ ពួកគេបានថ្លែងក្នុងបរិវេណស្នងការដ្ឋានបន្ទាប់ពីដោះលែងថា ពួកគេមិនឈប់តវ៉ាទេដរាបណា ភាពអយុត្តិធម៌នៅតែកើតមាន បញ្ហារបស់ប្រជាជន អាជ្ញាធរមិនបានដោះស្រាយឲ្យមានប្រសិទ្ធិភាពទៀតនោះ។
ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុកលោក នី ចរិយា មានប្រសាសន៍ថា បម្រាមរបស់ក្រសួងមហាផ្ទៃនេះហាមការប្រមូលផ្តុំនោះ មិនអាចដោះស្រាយបញ្ហាពង្រឹងសន្តិសុខសង្គមបានទេ។ លោកហៅបម្រាមនោះថា ខុសច្បាប់ហើយរំលោភលើសិទ្ធិប្រជាពលរដ្ឋ «ការបម្រាមនេះគ្មានន័យមិនត្រូវអនុវត្ដ បម្រាមនេះមិនត្រូវអនុវត្ដ ប្រជាពលរដ្ឋខ្មែរមិនត្រូវអនុវត្ដនៅបទបញ្ហាទាំងឡាយណាដែលផ្ទុយច្បាប់គឺជាមានសិទ្ធិក្នុងការអនុវត្ដ ព្រោះថា អាហ្នឹងវារំលោភទៅសិទ្ធិបញ្ចេញមតិ រំលោភទៅនឹងច្បាប់ធម្មនុញ្ញ និងច្បាប់ការធ្វើបាតុកម្មដោយសន្ដិវិធីចឹងវារំលោភទៅលើសិទ្ធិមូលដ្ឋានរបស់ប្រជាជន ក្នុងការសម្ដែងមតិរួចទៅហើយ»។
អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូលោក អំ សំអាត លើកឡើងថា បទញ្ជារបស់ក្រសួងមហាផ្ទៃ ធ្វើឲ្យមានហិង្សាកាន់តែធ្ងន់ធ្ងរសមត្ថកិច្ច និងប្រជាពលរដ្ឋដែលកំពុងត្រូវការយុត្តិធម៌។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Sean J. McIntosh ថ្លែងប្រាប់VODថា ស្ថានទូតអាមេរិកថ្កោលទោសចំពោះការឃាត់ខ្លួនសកម្មជនដីធ្លី និងមន្ត្រីសង្គមស៊ីវិលកន្លងមក។ លោក បញ្ជាក់ថា អ្នកទាំងនោះធ្វើឡើងទៅតាមសិទ្ធិសេរីភាព ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញស្តីពីការប្រមូលផ្តុំបញ្ចេញមតិដោយសន្តិវិធី។
លោក Sean J. McIntosh ក៏បានអំពាវនាវដល់រដ្ឋាភិបាលឲ្យលុបចោល នូវការហាមប្រមូលផ្តុំនៅរាជធានីភ្នំពេញនៅពេលថ្មីៗនេះ ដើម្បីបើកសិទ្ធិសេរីភាពឲ្យប្រជាពលរដ្ឋ ងាកមករកការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាវិញ។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា លោក សុរិយា ស៊ូប៊ែឌី ក៏ជំរុញឲ្យរដ្ឋាភិបាលដកបម្រាមនៃការប្រមូលផ្តុំនេះដែរ ដើម្បីផ្តល់សិទ្ធិសេរីភាពក្នុងការសម្តែងមតិ ឲ្យបានពេញលេញដល់ប្រជាពលរដ្ឋ៕
No comments:
Post a Comment