Paris Peace Accords 23 Oct. 1991

Friday, January 17, 2014

មូលនិធិ ខុនរ៉ាដ អាល្លឺម៉ង់ ជំរុញ ឲ្យគណបក្ស នៅកម្ពុជា ធ្វើការរួមគ្នា ដើម្បីម្ចាស់ឆ្នោត

មូលនិធិ ខុនរ៉ាដ អាល្លឺម៉ង់ ជំរុញ ឲ្យគណបក្ស នៅកម្ពុជា ធ្វើការរួមគ្នា ដើម្បីម្ចាស់ឆ្នោត  

លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋសភា ថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣។
លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី, ប្រធាន គណបក្ស សង្គ្រោះជាតិ ក្នុងកិច្ចប្រជុំ កំពូល នៅរដ្ឋសភា ថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣។ RFI/Siv Channa

មូលនិធិ ខុនរ៉ាដ​ អាដិនណូអ៊ែរ​ របស់​អាល្លឺម៉ង់​ ដែល​បាន​ជួយ​ ជ្រោមជ្រែង​ដំណើរការ​ ប្រជាធិបតេយ្យ​ នៅ​កម្ពុជា ​រយៈពេល​ ២០​ឆ្នាំ មក​ហើយ​នោះ ​បាន​ជំរុញ​ ឲ្យ​គណបក្ស​ ជាប់​ឆ្នោត នៅ​កម្ពុជា​ ធ្វើការ​ ជាមួយគ្នា​ ដើម្បី​ បម្រើ​ម្ចាស់ឆ្នោត។ ​ ការជំរុញ​បែប​នេះ បាន​ធ្វើ​ឡើង ​នៅចំពោះ​មុខ​ មេដឹកនាំ​ គណបក្ស​ ទាំងពីរ​ ក្នុង​ ឱកាស​ ប្រារព្ធខួប ​២០​ឆ្នាំ​ នៃ​វត្តមាន ​របស់​ ខុនរ៉ាដ ​នៅ​កម្ពុជា​ កាលពី​ល្ងាច ​ថ្ងៃ​ព្រហស្ប តិ៍​ទី១៦​មករា​ នៅ​ទីក្រុង​ភ្នំពេញ។

នៅ​ចំពោះមុខ ​លោក ​ឧបនាយករដ្ឋមន្ត្រី ​ស ខេង​ និង​មេដឹកនាំ ​បក្ស​ប្រឆាំង​ លោក​ សម រង្ស៊ី ​តំណាង​​មូលនិធិ ខុន​រ៉ាដ​ អាដិនណូអ៊ែ ​ដែល​ជា​ស្ថាប័ន​ជួយ​ជ្រោមជ្រែង​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​​នៅ​កម្ពុជា​ រយៈ​ពេល​២០​ឆ្នាំ​មក​ហើយ​នោះ​ បាន​ជំរុញ​ឲ្យ​មេដឹកនាំ​នយោបាយ​ទាំង​ពីរ​​ ធ្វើការ​ជាមួយ​គ្នា​ដើម្បី​សុភមង្គល​របស់​ម្ចាស់​ឆ្នោត។


លោក​បណ្ឌិត​  Gerhard Wahlers ​តំណាង​ជាន់ខ្ពស់​របស់​មូលនិធិ​ Konrad -Adeneuer- Stiftung ​ បាន​សង្កត់ធ្ងន់​ថា​ ការបោះឆ្នោត​សភា​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ទី ​២៨​ កក្កដា​ បាន​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិភាព​ ប៉ុន្តែ​ ការបោះឆ្នោត​នេះ​មាន​ផល​រមាស់​ដោយសារ​តែ​ការតវ៉ា​ប្រឆាំង​នឹង​លទ្ធផល​នៃ​ ការបោះឆ្នោត។ ​ដូច្នេះ​ លោក​ជំរុញ​ឲ្យ​គណបក្ស​ទាំងពីរ​ទទួល​ស្គាល់​តួនាទី​រៀងៗ​ខ្លួន​ ទាំង​នៅ​ ក្នុង​រដ្ឋាភិបាល​និង​ក្នុង​សភា​ ដើម្បី​បម្រើ​ម្ចាស់​ឆ្នោត។​

សូម​បញ្ជាក់​ថា​ មូលនិធិ​ខុនរ៉ាដ​ អាដិនណូអ៊ែ​ គឺជា​ស្ថាប័ន​ដែល​បាន​ជួយ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដល់​ដំណើរការ​ ប្រជាធិបតេយ្យ​នៅ​កម្ពុជា​អស់រយៈ​ពេល​ ២០​ឆ្នាំ​ហើយ ។ ស្ថាប័ន​នេះ​ជួយ​គាំទ្រ​ទាំង​ថវិកា ​និង​បច្ចេក​ដល់​រដ្ឋាភិបាល​ រដ្ឋសភា​ ព្រឹទ្ធសភា​ និង​វិស័យ​សារព័ត៌មាន​ជាដើម​ ដើម្បី​លើក​កម្ពស់​ប្រជាធិបតេយ្យ​។​ ខួប​​២០​ឆ្នាំ​​របស់មូលនិធិ​ ខុនរ៉ាដ​នៅ​កម្ពុជា ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​​ទី១៦​ មករា​ នៅឯ​សណ្ឋាគារ​  Raffle Le Royal​ក្នុង​ទីក្រុង​ភ្នំពេញ​។

លោក​ ស ខេង​ ឧបនាយក​រដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​និង​លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ រួមទាំង​មន្ត្រី​មកពី​បក្សនយោបាយ​និង​ស្ថាប័ន​ជាតិ​កំពូល​ៗ​ជាច្រើន ​ត្រូវ​ បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​ពិធី​នោះ។ ​ថ្លែង​ទៅ​កាន់​អង្គពិ​ធី​ លោក​ ស ខេង ​បាន​រម្លឹក​ពី​ដំណើរការ​បោះឆ្នោត​ជាទៀង​ទាត់​នៅ​កម្ពុជា ​និង​បាន​ហៅ​ការ​បោះឆ្នោតកាល​ពី​ថ្ងៃ​ទី ២៨​ កក្កដា​ ឆ្នាំ ​២០១៣​ ​ថា​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ និង​គ្មាន​អំពើ​ហិង្សា​។ ​លោក​ អះអាង​ថា​ គ្មាន​ជម្រើស​ណា​ក្រៅ​ពី​ការចរចា​ដើម្បី​រក​ដំណោះស្រាយនយោបាយ​ដែល​កំពុង​កើត ​មាន​បច្ចុប្បន្ន​នេះ​ទេ។

យ៉ាងណា​ក៏ដោយ ​ គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ចោទ​ប្រកាន់​គណបក្ស​កាន់អំណាច​ថា​បាន​លួច​ បន្លំ​សន្លឹក​ឆ្នោត​នោះ​កំពុង​ទាមទារ​ឲ្យ​រៀបចំ​បោះ​ឆ្នោត​ឡើង​វិញ។ លោក​ សម រង្ស៊ី​ មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ពិធីនោះ​ទេ។ ​ប៉ុន្តែ លោក​ធ្លាប់​បាន​បញ្ជាក់​ជំហរ​ថា​ គណបក្ស​សង្គ្រោះជាតិ​នឹង​ចូល​អង្គុយ​ក្នុង​សភា​ប្រសិន​បើមាន​ការព្រមព្រៀង​ គ្នា​បោះឆ្នោត​ឡើង​វិញ៕




No comments:

Post a Comment