សកម្មភាពឡើងត្នោតរបស់ លោក ហាប អ៊ុន នៅភូមិស្រែព្រីង
សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៤
ខែមករា ឆ្នាំ២០១៤។
RFA/Chhin Chetha
|
ប្រវត្តិរឿងរ៉ាវ របស់ កសិករម្នាក់ ប្រកបរបរ ឡើងត្នោត នៅខេត្ត កំពង់ឆ្នាំង
RFA | 17 Jan. 2014
ចាប់តាំងពីព្រលឹម ស្រាងៗ, គេ ឃើញមាន ប្រជាកសិករខ្លះ បានរៀបចំបាយទឹក និងសម្ភារៈ មួយចំនួន ដើម្បី ចេញទៅធ្វើស្រែចម្ការ និងខ្លះទៀតបានរៀបចំបំពង់ និងកាំបិតដើម្បីឡើងត្នោតទៅតាមទម្លាប់ និងការងាររៀងៗខ្លួន។ ដោយឡែក កសិករមួយចំនួន ដែលប្រកបមុខរបរឡើងត្នោត នៅភូមិស្រែព្រីង សង្កាត់-ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានចាប់ផ្ដើមការងាររបស់ខ្លួន ដោយភាពប្រុងប្រយ័ត្នខ្ពស់ ពីព្រោះការងារនេះប្រឈមនឹងគ្រោះថ្នាក់ ប្រសិនបើគេមានការធ្វេសប្រហែស។
សម្បុរសណ្ដែកបាយ ស្ថិតក្នុងសម្លៀកបំពាក់អាវដៃខ្លី ខោខ្មៅជើងខ្លី លោក ហាប អ៊ុន កំពុងតែផ្ទេរទឹកត្នោតបំបៅមេដែលទើបតែដាក់ចុះពីលើដើមចូលទៅ ក្នុងធុង និងកាន សម្រាប់យកទៅលក់ បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី ថា លោកបានចាប់យករបរឡើងត្នោតនេះជាង ៦ឆ្នាំមកហើយ បន្ទាប់ពីលោកបញ្ចប់អាជីពជាអ្នករត់ម៉ូតូឌុប។ លោកបន្តថា មុខរបរនេះវាប្រឈមទៅនឹងគ្រោះថ្នាក់ ដូចជាមុខរបររត់ម៉ូតូឌុបដែរ ក៏ប៉ុន្តែគ្រួសារលោកអាចទទួលបានប្រាក់ចំណូលចាប់ពី ១ម៉ឺន ៥ពាន់រៀល ទៅ ៥ម៉ឺនរៀលក្នុង១ថ្ងៃ គឺគ្រាន់បើជាងមុខរបររត់ម៉ូតូឌុប៖ «ឡើងត្នោតគ្រាន់បើជាង។ កាលពីរត់ម៉ូតូឌុប វាដូចថា វា ១ថ្ងៃបានតែ១ថ្ងៃ ជួនកាលទៅរត់ពីផ្ទះអត់មានអង្ករអត់មានអីទេ អាងតែនៅយើងរត់ឌុបរត់អ៊ីចឹង អង្ករត្រីសាច់អី គឺនៅក្នុងដែលយើងកំពុងរត់ហ្នឹង រត់ទៅជួលកាលបានតែម្ហូប ហើយបានតែសាំង បាន ៤ពាន់ ទៅ ៥ពាន់ ជួនកាលអត់រលីងក៏មានដែរវាអត់ទៀង។»
បច្ចុប្បន្ន ពូ អ៊ុន មានវ័យ ៥៨ឆ្នាំ និងមានស្រុកកំណើតនៅឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយលោកបានចាប់ដៃជាប្ដីប្រពន្ធជាមួយនឹងនារីម្នាក់នៅខេត្ត កំពង់ឆ្នាំង ព្រមទាំងបានបង្កើតកូនចំនួន ៦នាក់ ទុកជាចំណងដៃទៀតផង។ សព្វថ្ងៃកូនរបស់លោកទាំង ៦នាក់ បានរៀបការ និងបែកផ្ទះចំនួន ៣នាក់ ចំណែក ៣នាក់ទៀតកំពុងតែស្ថិតនៅក្នុងបន្ទុកនៅឡើយ។ អស់រយៈពេលជាង ១៥ឆ្នាំ ដែលលោកចូលមករស់នៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង ជាមួយប្រពន្ធ និងកូន ប៉ុន្តែលោកពុំមានឱកាសទាល់តែសោះក្នុងការចាប់យកការងារគ្រាន់បើ នឹងគេ ដោយសារតែជំនាញ និងកម្រិតវប្បធម៌របស់លោកទាប ពោល គឺលោកបានសិក្សាត្រឹមថ្នាក់ទី១០ចាស់ ស្មើនឹងថ្នាក់ទី២ នាពេលបច្ចុប្បន្ន។
មុននឹងចាប់យកមុខរបរឡើងត្នោតនេះ ពូ អ៊ុន ធ្លាប់ឆ្លងកាត់ការងារលំបាកជាច្រើនដូចជា ធ្វើជាកម្មករសំណង់ និងរត់ម៉ូតូឌុបជាដើម ក៏ប៉ុន្តែ លោកនៅតែនឹកឃើញអនុស្សាវរីយ៍ជូរចត់នៃការងារទាំងនោះ ពីព្រោះលោកគិតថា ការងារទាំងអស់សុទ្ធតែមានតម្លៃ ហើយក៏បានប្រាក់មួយចំនួនសម្រាប់ដោះស្រាយជីវភាពគ្រួសាររបស់លោកមួយ ចំណែកដែរ។
លោកពូ អ៊ុន គឺជាកសិករម្នាក់ក្នុងចំណោមប្រជាកសិករនៅភូមិស្រែព្រីង ជាច្រើននាក់ផ្សេងទៀត ដែលមានភាពមមាញឹកខ្លាំងក្នុងមុខរបរធ្វើស្រែចម្ការផង និងឡើងត្នោតផង។ យ៉ាងណា បច្ចុប្បន្នគេសង្កេតឃើញចំនួននៃអ្នកប្រកបមុខរបរឡើងត្នោតមានការ ថយចុះ ហើយដើមត្នោតក៏មិនសូវសម្បូរដូចមុនដែរ។ បញ្ហាទាំងអស់នេះ គឺអាចបណ្ដាលមកពីកត្តាខ្សត់ទៅនៃសម្ភារៈសម្រាប់ប្រកបមុខរបរនេះ មួយចំនួនដូចជា បង្អោង ពពេល និងអុសដុតសម្រាប់រម្ងាស់យកស្ករជាដើម។
បច្ចុប្បន្ន គេសង្កេតឃើញប្រជាកសិករដែលឡើងត្នោតមិនលើសពី ១៥ដើម បានងាកមកកៀបត្នោតយកទឹកធ្វើជូរ ឬផ្អែមសម្រាប់លក់ ជាជាងការផលិតជាស្ករ ដែលត្រូវចំណាយពេលវេលាយូរ និងត្រូវការអុស ឬកម្ទេចក្រណាត់ច្រើន ដើម្បីដុតរម្ងាស់វាឲ្យចេញជាស្ករ។ សម្រាប់ពូ អ៊ុន និងកសិករឡើងត្នោតមួយចំនួនទៀតក្នុងភូមិស្រែព្រីង បានជ្រើសរើសយកវិធីបំបៅមេទឹកត្នោតជូរនៅលើដើមតែម្ដង។
ទាក់ទងនឹងរបៀបធ្វើត្នោតយកទឹកវិញ លោកពូ អ៊ុន បានរៀបរាប់ថា ដំបូងគេត្រូវមើលសភាពនៃផ្កាត្នោតញី ឬឈ្មោល ដែលត្រូវជ្រើសរើសយកមកកៀបនោះជាមុនសិន ដើម្បីឲ្យច្បាស់ថា តើប្រភេទផ្កាត្នោតនោះកាច ឬស្លូត? គេសម្គាល់ផ្កាត្នោតកាច គឺមានទង និងផ្កាពណ៌ខៀវស្រស់ ហើយមានទំហំធំ។ ចំណែកផ្កាត្នោតស្លូតវិញ គឺគេសម្គាល់ទៅលើទង និងផ្កាមិនសូវស្រស់ ហើយមានទំហំតូច និងមានលក្ខណៈស្ពោត។ ផ្កាត្នោតញី គេកៀបតិច ឬច្រើនតម្បៀតទៅតាមផ្កាស្លូត ឬកាច ដោយផ្កាកាចគេកៀបចំនួន ៥តម្បៀត និងផ្កាស្លូតកៀបចំនួន ៤តម្បៀត។ ចំណែកផ្កាត្នោតឈ្មោល ក៏គេកៀបស្រដៀងគ្នាដែរ ដោយផ្កាត្នោតកាចកៀបចំនួន ៤តម្បៀត និងផ្កាត្នោតស្លូត កៀបចំនួន ៣តម្បៀត។ ក្រោយពីការកៀបផ្កាត្នោតគ្រប់ចំនួនថ្ងៃកំណត់ហើយ គេត្រូវចិតមុខសម្រក់ចោលកន្លះ ឬ ១ថ្ងៃ ដើម្បីដឹងថា តើត្នោតនោះចេញចាំមុខឬអត់៖ «ចងរួចអីរួចផ្កាហ្នឹងវាដូចថា ល្មមកៀបហើយ ទៅដុសវា ៣ព្រឹក ឲ្យវាគ្រាក់ អាហ្នឹងបន្តិចទៅណា៎ យើងកៀបអីទៅវាមិនសូវចេះងាប់ផ្ដេសផ្ដាស។ បន្ទាប់មក យើងចិតទៅដូចថាមានទឹក ហើយរូបវាផ្អាប់វាចោល ១ថ្ងៃយកទឹកមកសកបណ្ដោយ ហើយជួនកាលបើថាវាចិតទៅចាំមុខហើយ ចិតយកតែម្ដងអត់បាច់ត្រាំទឹកក៏មានដែរ។»
បច្ចុប្បន្ន គ្រួសាររបស់លោកពូ អ៊ុន មានជីវភាពធូរធារគួរសមនៅក្នុងចំណោមប្រជាកសិករក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រោយពីលោកប្រកបមុខរបរឡើងត្នោត និងបានកូនជួយធ្វើការងាររោងចក្រ និងការងារសំណង់រួមផ្សំផង។ លោកបានជួលដើមត្នោតគេចំនួន ១០ដើម នៅចម្ងាយប្រមាណជា ៥០ម៉ែត្រពីផ្ទះ ដោយក្នុង១ដើមតម្លៃ ១ម៉ឺន ៣ពាន់រៀលក្នុង១ឆ្នាំ ហើយក្នុង១ថ្ងៃលោកអាចត្រងយកទឹកត្នោតជូរបំបៅមេពីដើមត្នោតទាំង នោះបានចំនួន ៩០លីត្រ និងលក់ចេញបានតម្លៃ ១ពាន់រៀលក្នុង១លីត្រ៖ «ច្រើន តែធ្វើដូចខ្ញុំចឹង បំបៅដាក់លើចុងមកលក់ចឹងបណ្ដោយ។ ដាក់តែសម្បកកកោះមួយមុខអត់មានប៉ះពាល់ទេ អាហ្នឹងព្រោះវាសម្បកឈើធម្មជាតិ យើងអត់មានដាក់ថ្នាំគីមី ដាក់គ្រឿងញៀនគ្រឿងអីក៏អត់ដែរ ខ្ញុំភ្លក់ដែរ។ ប៉ុន្តែខ្ញុំអត់ហូប បើហូបត្នោតជូររាងទន់ដៃទន់ជើងធ្វើអីអត់កើត គ្រាន់តែចឹបឲ្យដឹងថាឆ្ងាញ់ ឬមិនឆ្ងាញ់អាហ្នឹងចឹប។»
បើទោះបីជាដើមត្នោតបានផ្ដល់ផលប្រយោជន៍ច្រើនសម្រាប់ប្រជា កសិករ និងមនុស្សទូទៅ ប៉ុន្តែគេនៅតែឃើញមានសកម្មភាពកាប់បំផ្លាញ ឬរំលំច្រៀកយកធ្វើផ្ទះ និងសម្ភារៈប្រើប្រាស់ផ្សេងៗ។ ស្របពេលគ្នានេះ លោកពូ អ៊ុន ក៏បានសម្ដែងក្ដីបារម្ភចំពោះការថយចុះ ឬបាត់បង់នូវសម្បត្តិធម្មជាតិមួយនេះ ដែលអាចធ្វើឲ្យគ្រួសាររបស់លោក និងប្រជាកសិករដែលនិយមប្រកបមុខរបរឡើងត្នោតត្រូវខាតបង់៕
No comments:
Post a Comment