លោក រ៉ុង ឈុន មិនបានជួបពិភាក្សាការងារ ជាមួយក្រសួងមហាផ្ទៃ តាមការគ្រោងទុក
ដោយ៖ ឡាយ សាមាន | ថ្ងៃចន្ទ ទី20 ខែមករា ឆ្នាំ2014
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (រូបភាព ឡាយ សាមាន)
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងសហភាពសហជីពកម្ពុជា ចាត់ទុកការព្រងើយកន្តើយរបស់ក្រសួងមហាផ្ទៃ ជាការយល់ព្រមទៅនឹងការសុំពន្យារពេលជួបប្រជុំពិភាក្សាការងារនៅព្រឹកថ្ងៃចន្ទនេះ។
លិខិតរបស់ក្រសួងមហាផ្ទៃ ចេញផ្សាយកាលពីថ្ងៃទី១៧ ខែមករា ឲ្យដឹងថា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកការងារអង្គការមិនមែនរដ្ឋាភិបាល លោក ប៉ុល លឹម បានផ្ញើលិខិតអញ្ជើញ លោក រ៉ុង ឈុន ដើម្បីពិភាក្សាការងារសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅថ្ងៃទី២០ខែមករា ឆ្នាំ២០១៤ វេលាម៉ោង១០ព្រឹក។ តែលោក រ៉ុង ឈុន បានឆ្លើយតបសុំលើកពេលប្រជុំពិភាក្សា ដោយសាររវល់ជាប់បេសកកម្មចុះទៅខេត្ត។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា លោកមិនទាន់បានទទួលការឆ្លើយតប ពីក្រសួងមហាផ្ទៃនៅឡើយទេ ប៉ុន្តែលោកថា បើមិនមានការឆ្លើយតប មានន័យថាក្រសួងយល់ព្រមឲ្យមានការពន្យារពេល។ លោក បន្តថា ការកោះហៅនេះជាគំនាបថ្មីមួយទៀត បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ កោះហៅលោកចូលបំភ្លឺពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ការអញ្ជើញលោក រ៉ុង ឈុន ឲ្យចូលពិភាក្សាការងារសមាគមរបស់លោក ជាមួយក្រសួងមហាផ្ទៃ ធ្វើឡើងបន្ទាប់ពីលោកបានចូលរួមដឹកនាំកម្មកររាប់ម៉ឺននាក់ ធ្វើបាតុកម្មទាមទារប្រាក់ឈ្នួលគោល១៦០ដុល្លារ និងប្រកាសឲ្យគ្រូបង្រៀនចេញតវ៉ាទាមទារប្រាក់ខែ ២៥០ដុល្លារក្នុងមួយខែ ដែលសកម្មភាពទាំងនោះ ធ្វើឡើងស្របពេលនឹងការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ។
VOD បានព្យាយាមទាក់ទង លោក ប៉ុល លឹម ដើម្បីសុំអត្ថាធិប្បាយបន្ថែមលើការអញ្ជើញប្រជុំការងារនេះ ប៉ុន្តែលោកប្រាប់ថា ជាប់រវល់ប្រជុំ។
លោក រ៉ុង ឈុន ប្រាប់VODថា ការអញ្ជើញនេះ គឺដើម្បីប្រជុំពិភាក្សាពីរឿងសមាគម និងសកម្មភាព ដែលោកកំពុងតែធ្វើ ដែលរងការចោទប្រកាន់ថា ញុះញុង់ឲ្យប្រជាពលរដ្ឋចូលរួមធ្វើមហាបាតុកម្មកន្លងមក។ លោកបញ្ជាក់ថា « ការអញ្ជើញនេះ ប្រហែលជាធ្វើឲ្យខ្ញុំភ័យ តែខ្ញុំមិនបារម្ភអ្វីទាំងអស់ អ្វីដែលខ្ញុំធ្វើ ខ្ញុំនឹងធ្វើវារហូតដល់ទទួលបានជោគជ័យ»។
កន្លងទៅ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ អះអាងថា អ្វីដែលលោក រ៉ុង ឈុន ធ្វើខុសច្បាប់នោះគឺដោយសារ ប្រធានសមាគមរូបនោះ បានចូលរួមធ្វើបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ ដែលខុសនឹងលក្ខន្តិកៈរបស់សមាគម ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃកាលពីឆ្នាំ២០០១៕
No comments:
Post a Comment