លោកកឹម សុខា៖ មេធាវី អន្តរជាតិ កំពុងបន្ត ស៊ើបអង្កេត និងស្រាវជ្រាវ ករណីហិង្សា នៅផ្លូវវ៉េងស្រេង
ដោយ៖ កាន់ វិច្ឆិកា | ថ្ងៃចន្ទ ទី20 ខែមករា ឆ្នាំ2014
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងសន្និសីទ នាពេលកន្លងមក (រូបថត តាំង វីដា)
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា ការស៊ើបអង្កេត និងស្រាវជ្រាវទៅលើបទឧក្រិដ្ឋសាធារណៈ ដែលប្រព្រឹត្តដោយកងកម្លាំងប្រដាប់អាវុធ ទៅលើក្រុមកម្មករនៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា កាលពីពេលថ្មីៗនេះ នៅមិនទាន់បញ្ចប់នៅឡើយទេ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍នៅព្រឹកថ្ងៃចន្ទនេះថា ការស៊ើបអង្កេត និងស្រាវជ្រាវទៅលើករណីហិង្សា ដែលប្រព្រឹត្តដោយកងកម្លាំងប្រដាប់អាវុធ ទៅលើក្រុមកម្មករនៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា កាលពីថ្ងៃទី២និងទី៣ខែមករានេះ នៅមិនទាន់បញ្ចប់នៅឡើយទេ ដោយមេធាវីអន្តរជាតិ ដឹកនាំដោយ លោក Richard J Rogers ដែលមានជំនាញផ្នែកច្បាប់ឧក្រិដ្ឋកម្មអន្តរជាតិ និងសិទ្ធិមនុស្ស កំពុងតែស្វែងរកភស្តុតាង ក៏ដូចជាឯកសារនានា ដែលពាក់ព័ន្ធទៅនឹងបទឧក្រិដ្ឋនេះ។
លោកកឹម សុខា បន្តថា បន្ទាប់ពីមេធាវីអន្តរជាតិ ប្រមូលបានភស្តុតាងគ្រប់គ្រាន់ហើយ ហើយរកឃើញថា មានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋនោះ គណបក្សសង្គ្រោះជាតិ នឹងបញ្ជូនពាក្យបណ្តឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅទីក្រុងឡាអេ ប្រទេសហូឡង់។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តបាត់ដំបង លោក ឈាង វុន ក៏ធ្លាប់បានព្រមានតបវិញដែរថា រាជរដ្ឋាភិបាល ក៏មានភស្តុតាង ជាឯកសារ រូបភាព និងវីដេអូគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិវិញទេ ដែលជាអ្នកបង្កចលាចល និងញុះញង់ឲ្យមានហិង្សា និងឧក្រិដ្ឋកម្មកើតឡើង។
សូមជម្រាបថា កម្ពុជាបានចុះសច្ចាប័នក្រុងរ៉ូម ប្រទេសអ៊ីតាលី នៅដើមឆ្នាំ២០០០ ដែលកាលណោះប្រធានរដ្ឋសភា ដឹកនាំដោយសម្តេចក្រុមព្រះនរោត្តមរណឬទ្ធិ បានធ្វើឲ្យកម្ពុជាក្លាយជាសមាជិកមួយ នៃប្រទេសសន្ធិសញ្ញាក្រុងរ៉ូមនេះ ដោយសន្យាពង្រឹង និងអនុវត្តច្បាប់អន្តរជាតិមួយនេះ ដើម្បីប្រឆាំងការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ តាមរយៈតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (Internatinal Criminal Court) នៃអង្គការសហប្រជាជាតិ នៅក្រុងឡាអេ ប្រទេសហូឡង់៕
No need to investigate the killing incident happened in Veng Sreng Street, HUN SEN is the one was ordering Cambodian Military Police to kill innocent Cambodian workers and all killing case in Cambodia, HUN SEN is the one was behind those killing cases, that is why HUN SEN is worried too much if he lose the power, the International Criminal Court can hang him over,
ReplyDelete