ក្រសួងមហាផ្ទៃ បដិសេធ ការចោទប្រកាន់ របស់ លោក កឹម សុខា ថា សមត្ថកិច្ច ប្រើក្មេងពាល ញៀនថ្នាំ បង្ក្រាប បាតុករ
ដោយ៖ ស៊ុន ណារិន / វិទ្យុ វីអូឌី | ថ្ងៃសុក្រ ទី10 ខែមករា ឆ្នាំ2014
ក្រុមជនស៊ីវិល និងកងសន្តិសុខខណ្ឌ បានដើរបំបែកហ្វូងបាតុករទាំងនៅទីលានប្រជាធិបតេយ្យ និងនៅតាមដងផ្លូវជិតទីលានប្រជាធិបតេយ្យផងដែរ (រូបថតដោយ តាំង វីដា)
ក្រសួងមហាផ្ទៃ បដិសេធនឹងការលើកឡើងថា ក្រសួងបានប្រើសកម្លាំងសមត្ថកិច្ចជាក្មេងញៀនគ្រឿងញៀនមកពីខេត្តបន្ទាយមានជ័យ និងព្រះវិហារ ដើម្បីវាយធ្វើបាបក្រុមបាតុករនៅទីលានប្រជាធិបតេយ្យកាលពីកន្លងទៅ។
លិខិតមួយច្បាប់ផ្ញើជូនវិទ្យុអាស៊ី ចុះកាលបរិច្ឆេតកាលពីថ្ងៃទី០៨ខែមករា ឲ្យដឹងថា ក្រសួងមហាផ្ទៃ មានការសោកស្តាយ ដែលលោក កឹម សុខា ក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី០៧ ខែមករា បានចោទប្រកាន់មកលើអាជ្ញាធរមានសមត្ថកិច្ចថា បានប្រើប្រាស់ពួកពាលក្រុមក្មេងញៀនគ្រឿងញៀន មកវាយធ្វើបាបក្រុមបាតុករ និងរៀបចំអន្ទាក់សម្លាប់រូបលោក និងលោក សម រង្ស៊ី នៅទីលានប្រជាធិបតេយ្យ។ លិខិតបន្ត អាជ្ញាធរមានសមត្ថកិច្ច បានបើកប្រិតប្តិការពង្រឹងការអនុវត្តច្បាប់ ដោយបានប្រើប្រាស់តែកម្លាំងរៀបចំសណ្តាប់ធ្នាប់របស់លាលាខណ្ឌនៃរាជធានីភ្នំពេញតែប៉ុណ្ណោះ ក្នុងគោលបំណងដើម្បីធានាឡើងវិញនូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅទីលានប្រជាធិបតេយ្យ និងរៀបរៀបរយសង្គម ហើយប្រតិបត្តិការ បានប្រព្រឹត្តទៅយ៉ាងរលូនដោយមិនមានការប៉ះទង្គិចឡើយ។
លោក កឹម សុខា បានថ្លែងទៅកាន់វិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃចន្ទថា<<ប្រសិនជាទៅប្រឈរឲ្យ ប្រជាពលរដ្ឋតទល់ជាមួយកាំភ្លើងភ្លាមនោះ គឺស្លាប់ប្រជាពលរដ្ឋច្រើន គណបក្សសង្គ្រោះជាតិប្រជុំអចិន្ត្រៃណ៍សម្រេចភ្លាម ស្នើសុំឲ្យប្រជាពលរដ្ឋដកថយសិន ពីព្រោះយើងស្គាល់ចរិតរបស់សមត្ថកិច្ច គឺគេប្រើមនុស្ស ប្រើក្រុមដែលគ្រឿងញៀន ដែលយកមកពីបន្ទាយមានជ័យនោះ មកពាក់ដៃក្រហម ដើរវ៉ៃ។ នេះហើយយើងដឹង យើងក្តាប់បញ្ហាបាន ទាំងអស់ យើងដឹងការរៀបចំ របស់សមត្ថកិច្ចគេបម្រុងធ្វើអ្វី គឺយើងដឹង។ គេបម្រុងមកនេះ គេប្រើមនុស្សមកវ៉ៃតប់ ប្រជារាស្ត្រ ហើយយើងក្នុងនាមជាអ្នកដឹកនាំ យើងត្រូវគេចពីអ្វីដែលធ្វើឲ្យប្រជារាស្ត្រស្តាប់។ យើងខំគេចឲ្យអស់លទ្ធភាព>>។
កាលពីថ្ងៃទី០៤ខែមករា ក្រុមកម្លាំងសមត្ថកិច្ចច្រើនរយនាក់ បានចុះបំបែកក្រុមបាតុករគណបក្សសង្គ្រោះ ជាតិនៅទីលានប្រជាធិបតេយ្យ ក្នុងនោះក៏មានក្រុមជនស៊ីវិលប្រមាណ១០០នាក់ ដែលកាន់បំពង់ទីប និងពាក់មួកសុវត្ថិភាព បានដើរដេញបាតុករ ដែលឈរផ្តុំគ្នានៅផ្លូវមួយចំនួននៅជិតទីលានប្រជាធិបតេយ្យ និងវត្តភ្នំ។ ការដេញបំបែកក្រុមបាតុករនេះ ក៏មានការគប់ដបទឹកសុទ្ធ និងដុំថ្មដាក់គ្នារយៈពេលខ្លីដែរ រវាងក្រុមបាតុករ និងក្រុមជនស៊ីវិលនោះ។ ចំណែកអ្នកសារព័ត៌មាន ក៏ត្រូវបានមនុស្សមួយក្រុមនោះ ដេញវាយផងដែរ។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើល ការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ដែលបានតាមដានព្រឹត្តិការណ៍នោះ យល់ថា ក្រុមមនុស្សដែលស្លៀកពាក់ស៊ីវិល ហើយដើរដេញវាយប្រជាពលរដ្ឋ អ្នកសារព័ត៌មាន និងអ្នកឃ្លាំមើលសិទ្ធិមនុស្សនៅថ្ងៃនោះ គឺមនុស្សដែលអាជ្ញាធររៀបចំឡើង ដើម្បីបំភ័ន្តភ្នែកសាធារណជនថាខ្លួនមិនបានប្រើប្រាស់ហិង្សា ឬប្រើអាវុធតែប៉ុណ្ណោះ។ លោករិះគន់អាជ្ញាធរមានសមត្ថកិច្ច ដែលមានតួនាទីការពារប្រជាពលរដ្ឋ តែឈរមើលជនស៊ីវិល ដេញវាយប្រជាពលរដ្ឋ<<នេះជារឿងរំលោភសិទ្ធិមនុស្សមួយយ៉ាង ធ្ងន់ធ្ងរ ជាទីបំផុត។ ជាពិសេសកងកម្លាំងដែលមានកាតព្វកិច្ច ក្នុងការការពារសុវត្ថិភាព និងសន្តិសុខជូនពលរដ្ឋ នៅពេលដែលឃើញគេប្រព្រឹត្ត បទល្មើស ហើយយើងមិនចាត់ការតាមផ្លូវច្បាប់។ នេះគឺជារឿងមួយដែលគេរៀបចំទុក ដោយគេថា បើប្រើប្រាស់កងកម្លាំងដែលមានឯកសណ្ឋានទៅ គឺវាអាក្រក់មើលពេក ហើយគេចោទប្រកាន់។ អញ្ជឹងជាឈុតមួយដែលរៀបចំ ឲ្យមានជនស៊ីវិល ហើយមានក្រុមសន្តិសុខ ដែលនៅក្រៅក្របខណ្ឌរបស់រដ្ឋនោះ ដើរដេញវ៉ៃគេ>>៕
No comments:
Post a Comment