គណបក្សសង្គ្រោះជាតិ ថ្កោលទោស ការប៉ុនប៉ង ធ្វើឃាត លោក កឹម សុខា ដោយសមត្ថកិច្ច
ដោយ៖ ណាត សុភាព / វីអូឌី | ថ្ងៃចន្ទ ទី27 ខែមករា ឆ្នាំ2014
គណបក្សសង្គ្រោះជាតិ ចេញសេចក្តីថ្លែងការណ៍នៅថ្ងៃចន្ទនេះ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពរបស់សកម្មជន គណបក្សប្រជាជនកម្ពុជា និងសមត្ថកិច្ច ដែលធ្វើសកម្មភាពគំរាមកំហែង បំភិតបំភ័យ អុកឡុករំខាន គ្រប់រូបភាព ដល់ការធ្វើសកម្មភាពនយោបាយស្របច្បាប់របស់បក្សប្រឆាំង។
កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវសមត្ថកិច្ច រាប់រយនាក់ ដាក់ពង្រាយនៅមុខទីស្នាក់ការបក្សខេត្តកំពង់ចាម ដើម្បីបង្កការអុកឡុក និងរំខានការសំណេះសំណាលរបស់លោក។
សេចក្តីថ្លែងការណ៍ ឲ្យដឹងទៀតថា ការព្យាយាមប៉ុនប៉ង ដែលមានលក្ខណៈ គំរាមកំហែងមកលើអាយុជីវិត ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន បានប្រកាស កាលពីថ្មីៗនេះ លើកទឹកចិត្តឲ្យសកម្មជនគណបក្សប្រជាជនកម្ពុជា ប្រព្រឹត្តអំពើហិង្សាតបតចំពោះការធ្វើសកម្មភាព នយោបាយស្របច្បាប់ និងអហិង្សារបស់បក្សប្រឆាំង។
ថ្លែងក្នុងសន្និសីទកាសែត នៅស្នាក់ការគណបក្សសង្គ្រោះជាតិនៅចាក់អង្រែលើ កាលពីថ្ងៃអាទិត្យម្សិលមិញ លោក កឹម សុខា ឲ្យដឹងទៀតថា ក្រោយការប្រកាសលុបចោលវេទិកាសំណេះសំណាល រថយន្តរបស់កងទ័ពនៅខេត្តកំពង់ចាម បានបរយ៉ាងលឿន ដេញពីក្រោយ និងមកពីខាងមុខប្រុងនឹងបុករថយន្តរបស់លោក ដែលករណីនេះ លោកសង្ស័យថា ជាការប៉ុនប៉ងគំរាមរូបលោកផ្ទាល់ «ទាហានមួយឡាន ប្រហែល30-40នាក់ សុទ្ធអាវុធ ពាក់ខោអាវប៉ារ៉ា ជិះឡាន GMC ឡានទាហានតែម្តង មកបើកសម្តៅបុកឡានខ្ញុំតែម្តង មកពីមុខ។ ឡានខ្ញុំទៅអញ្ចឹង គេមកចំអញ្ចឹង ឡានខ្ញុំគេចចេញផុត ពួកទាហាននោះស្រែកឈប់ៗ អាមេកាំភ្លើង ប៉ុន្តែឡានខ្ញុំចេញផុតទៅហើយ»។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ខេង ទីតូ មានប្រសាសន៍ថា មូលហេតុដែលសមត្ថកិច្ច បើករថយន្តពីក្រោយរថយន្តថ្នាក់ដឹកនាំបក្សប្រឆាំង គ្រាន់តែការពារសន្តិសុខតែប៉ុណ្ណោះ មិនមានបំណងបង្កចលាចលដល់លោក កឹម សុខានោះទេ «វាជារឿងបញ្ហាចរាចរណ៍ទេ មិនមែនជាបញ្ហាការប៉ុនប៉ងទេ។ នៅស្រុកខ្មែរយើង ម្នាក់ៗបើកឡានត្រូវអនុគ្រោះហើយ គ្រាន់តែប្រជែងគ្នា ស៊ីញូទៅមុន ទៅក្រោយរាងៗខ្លួន។ ហើយការធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធនោះ វាជារឿងធម្មតាទេ មិនមែនជាការចល័តល្បាត មកពីថែរក្សាសន្តិសុខ សុវត្តិភាពទេ»។
ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា យល់ថា ការដែលកងកំម្លាំងប្រដាប់អាវុធ តាមលោក កឹម សុខា គឺជាការគំរាមកំហែង ឬបំបាក់ស្មារតី ផ្នែកនយោបាយមួយ ទៅលើអ្នកធ្វើនយោបាយនៅកម្ពុជា។ លោកបន្តថា ច្បាប់រដ្ឋធម្មនុញ្ញ និងសន្ធិសញ្ញាកិច្ចព្រមព្រៀងទីក្រុងបារីស ចែងថា អ្នកនយោបាយ និងប្រជាពលរដ្ឋមានសិទ្ធិជួបប្រជុំ និងបញ្ចេញមតិស្មើគ្នាចំពោះមុខច្បាប់ «ចំពោះសេរីភាព នៃការបញ្ចេញមតិ ត្រូវតែផ្តល់សិទ្ធិសេរីភាព ដល់ប្រជាពលរដ្ឋទូទៅ ក្នុងការបញ្ចេញមតិដោយអហិង្សា របស់គេ ប្រើប្រាស់ សិទ្ធិសេរីភាពទាំងអស់នេះ ត្រូវតែបានទៅលើប្រជាពលរដ្ឋគ្រប់ៗរូប ក្នុងការចូលរួម និងធ្វើសកម្មភាពសកម្ម ក្នុងការបញ្ចេញមតិ និងជួបជុំគ្នានេះ»។
កាលថ្ងៃទី២១ ខែមករា គណបក្សសង្គ្រោះជាតិ ក៏បានប្រកាសលុបចោលភ្លាមៗផងដែរ ចំពោះគម្រោងជួបសំណេះសំណាលជាមួយអ្នកគាំទ្រខ្លួន នៅឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ខណៈសមត្ថកិច្ចរាប់រយនាក់ ត្រូវបានត្រៀមដាក់រារាំងការជួបសំណេះសំណាលនោះ។
កាលពីថ្ងែអាទិត្យម្សិលមិញ សហជីពទាំង៩ ដែលមានបំណងជួបជុំគ្នា នៅទីលានប្រជាធិបតេយ្យដើម្បីស្នើឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន ដំឡើងប្រាក់ខែឲ្យកម្មករ១៦០ដុល្លារក្នុងមួយខែ និងទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស និងកម្មករ២៣នាក់ឲ្យមានសេរីភាព ដោយគ្មានលក្ខខណ្ឌ ប៉ុន្តែកំម្លាំងសមត្ថកិច្ចរាប់រយនាក់ និងសន្តិសុខជិត១០០នាក់ រារាំង និងបំបែក មិនឲ្យជួបជុំនោះទេ រហូតបង្កឲ្យមនុស្សជាង១០នាក់ រងរបួសធ្ងន់និងស្រាល
ចំណែកនៅថ្ងៃចន្ទនេះ ប្រធានវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ ដែលដឹកនាំប្រជាពលរដ្ឋតវ៉ានៅមុខក្រសួងព័ត៌មាន សុំបង្កើតហ្វ្រេកង់ទូរទស្សន៍ និងដំឡើងកំម្លាំងផ្សាយវិទ្យុ ក៏ត្រូវកម្លាំងសមត្ថកិច្ចបំបែកដែរ ហើយធ្វើឲ្យមនុស្ស៣នាក់រងរបួស៕
No comments:
Post a Comment