Paris Peace Accords 23 Oct. 1991

Monday, January 20, 2014

គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ដឹកនាំ​ បាតុកម្ម​ថ្មី​ទៀត ​បើ​ បក្ស​កាន់អំណាច​ ច្រាន​ចោល​ អនុសាសន៍​ សហគម​ន៍​អន្តរជាតិ​​

ទិដ្ឋភាព ​កម្មករ​ចូលរួម​បាតុកម្មរបស់​គណបក្សសង្គ្រោះជាតិ​ នៅទីលាន​ប្រជាធិបតេយ្យ​ កាលពីថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ២០១៣(រូបភាពដោយ ឡាយ សាមាន)​

គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ដឹកនាំ​ បាតុកម្ម​ថ្មី​ទៀត ​បើ​ បក្ស​កាន់អំណាច​ ច្រាន​ចោល​ អនុសាសន៍​ សហគម​ន៍​អន្តរជាតិ​​

VOD​ | ថ្ងៃចន្ទ ទី20 ខែមករា ឆ្នាំ2014

ស្តាប់សំឡេង៖​

ចម្លងទុក

មេដឹកនាំ ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង ថា, បាតុកម្ម​ ទ្រង់ទ្រាយ​ធំ ស្វែងរក​យុត្តិធម៌ ​ជូន​ម្ចាស់​ឆ្នោត នឹង​ផ្ទុះ​ឡើង ​ម្តងទៀត បើ ​គណបក្ស ​ប្រជាជន​កម្ពុជា មិន​ទ​ទូល​យក​ អនុសាសន៍ របស់​​ សហគមន៍​ អន្តរជាតិ ដើម្បី ​បញ្ចប់​ជម្លោះ​ នយោបាយ ​នៅ​កម្ពុជា​។​


​អនុប្រធាន ​គណបក្ស ​សង្គ្រោះ​ជាតិ លោក កឹម សុខា ឲ្យ​VOD​ដឹង នៅ​ថ្ងៃ​ចន្ទ​ ទី​២០ ​ខែ​មករា​នេះ​ ថា, គម្រោង​ធ្វើ​បាតុកម្ម ​ទ្រង់ទ្រាយ​ធំ​ ម្តងទៀត មិន​ទាន់​កំណនត់​ ថ្ងៃ​ជាក់លាក់​ទេ ដោយ​រងចាំ​  ដំណើរកា ​វិវត្តន៍ ​នយោបាយ ក្រោម​សម្ពាធ​ អន្តរជាតិ ដែល​ចង់ ឲ្យ​រដ្ឋាភិបាល ​ដោះស្រាយ ​វិបត្តិ​នេះ ​ដោយ​តម្លាភាព​ «​យើង ​នឹង​ធ្វើ​ត ទៅ​ទៀត​, ក៏​ប៉ុន្ដែ​ ពេលវេលា​នេះ, យើង​ កំពុងតែ​ ត្រៀម​ខ្លួន​ ដើម្បី នយោបាយ​ការទូត​សិន។  បើ​ ដោះស្រាយ​ ន​យ​បាយ​ ការទូត​ មិន​ចេញ​ អាហ្នឹង​បាន​ ឈានទៅរក​ ធ្វើបាតុកម្ម​ ម្ដងទៀត។​ »​

​នៅ​សប្តាហ៍​នេះ សហរដ្ឋអាមេរិក​បាន​សម្រេច​ផ្អាក​ជំនួយ​បណ្តោះអាសន្ន​ចំនួន​៨០​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ មក​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​រងចាំ​ការបង្កើត​រដ្ឋាភិបាល​ថ្មី​មួយ ក្រោយ​កាបោះឆ្នោត ដែល​មាន​ឯកភាព​ជាតិ​។

​សហភាព​អឺរ៉ុប ដែល​មាន​សមាជិក​២៨​ប្រទេស កំពុង​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ស៊ើបអង្កេត​ករណី​បាញ់រះ​កម្មករ និង​រក​ភាពត្រឹមត្រូវ​នៃ​ដំណើរ​បោះឆ្នោត​នីតិកាល​ទី​៥​នេះ​ដែរ​។​
VOD​មិនអាច​ទាក់ទង មន្ត្រីជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មួយចំនួន ដូចជា លោក ស ខេង លោក ព្រំ សុខា និង​លោក ជាម យៀប ចំពោះ​ការប្រែប្រួល​នយោបាយ​ថ្មី ក្រោម​​ការដាក់​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​នេះ​បានទេ នៅ​ថ្ងៃ​ចន្ទ​នេះ ខណៈ​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក ផៃ ស៊ីផា​ន សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​។​

​ប៉ុន្តែ​កាលពី​ថ្ងៃ​សៅរ៍ ​ទី​១៨ ​ខែ​មករា ឆ្នាំ​២០១៤​ពី​ខេត្ត​ក្រចេះ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ព្រមាន​ថា បក្សប្រឆាំង​នឹង​មិន​អាច​ទ​ទូល​បាន​ជោគជ័យ ពី​ការដឹកនាំ​ធ្វើ​បាតុកម្ម​នេះ​បាន​​ទេ​។ ​លោក​ថា ច្រក​តែមួយគត់ ដែល​អាច​ដោះស្រាយ​ការខ្វែងគំនិត​គ្នា ពេលនេះ​បាន គឺ​គណបក្ស​ប្រឆាំង​ត្រូវ​ចូល​ជជែក​គ្នា​ក្នុង​សភា​។​

​អ្នកវិភាគ និង​ស្រាវជ្រាវ​បញ្ហា​សង្គម លោក កែម ឡី យល់ថា តាម​ការ​ផ្ញើ​សារ​នយោបាយ របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ពី​ខេត្ត​ក្រចេះ គណបក្ស​ទាំង​ពីរ​អាច​នឹង​ឈាន​ទៅ ដល់​កិច្ចព្រមព្រៀង​គ្នា ឲ្យមាន​ការបោះឆ្នោត​ឡើង​វិញមុ​ន​អាណត្តិ​។ លោក​ថា ចំណែក​ការដាក់​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ ទំនង​ជា​រដ្ឋាភិបាល​មិន​បណ្តោយឲ្យ​បាត់បង់​ផល​ប្រ​យោ​ជន៍​ជាតិ​ទេ «​ជំហាន​ទី​បី​ហ្នឹង​បើ​គេ​ធ្វើ​មិនបាន​សម្រេច​គេ​អាច​ឡើង​មក​ជំហាន​ទី​បួន មានន័យ​ថា កាត់​ផ្ដាច់​ជំនួយ​ផ្សេងៗ​ទៀត​ហើយ​ជំហាន​ទី​ប្រាំ​អាច​កាត់ផ្ដាច់​នៃ​ការនាំ ​ចូល​ទៀត ខ្ញុំ​គិតថា រដ្ឋាភិបាល​ដើរ​មិន​រួច​ទេ កុំ​ថា មិន​ខ្វល់ ចឹង​ខ្ញុំ​គិតថា រដ្ឋាភិបាល​មាន​ភាព​វៃឆ្លាត​បើ​ចរចា​ដើម្បី​រៀបចំ​យន្ដការ​បោះឆ្នោត​នៅ​ អាណត្ដិទី​៦​មុន​អាណត្ដិ​នៃ​ឆ្នាំ​២០១៥​នេះ​។​»​

​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ផ្អាក​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម ប្រឆាំង​លទ្ធផល​បោះឆ្នោត​នេះ ភ្លាមៗ កាលពី​ថ្ងៃ​ទី​៤ ​ខែ​មករា ​ឆ្នាំ​២០១៤ បន្ទាប់ពី​សមត្ថកិច្ច​របស់​រដ្ឋាភិបាល ប្រើ​វិធាន​ការ​បង្ក្រាប​កម្មករ​អ្នក​តវ៉ា ទាមទារ​ប្រាក់​ឈ្នួល បណ្តាលឲ្យ​ស្លាប់​៥​នាក់ រងរបួស​ប្រមាណ​៤០​នាក់ និង​២៣​នាក់​ទៀត​ត្រូវបាន​ចាប់ខ្លួន​។​ក្រុម​អាជ្ញាធរ​ក៏​បាន​បណ្តេញ ក្រុម​អ្នកគាំទ្រ បក្ស​ជំទាស់​មួយ​នេះ ចេញពី​ទីលាន​ប្រជាធិបតេយ្យ និង​ហាម​ធ្វើ​បាតុកម្ម​ដោយ​មិន​កំណត់ពេល​។​ ប៉ុន្តែ​ចំណាត់ការ​នេះ​ធ្វើឲ្យ​មាន​ការរិះគន់​ពី​សហគម​ន៍​ជាតិ​ និង​អន្តរជាតិ ថា​កំពុង​ជំរុញ​នាវា​កម្ពុជា​ឲ្យទៅ​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ​៕



3 comments:

  1. Anonymous9:58 PM

    Can anyone tell me what does "Ahs-nuosass" mean?

    Thanks in advance.

    ReplyDelete
  2. Anonymous11:31 AM

    It is a memorandum or a recommendation from someone .

    ReplyDelete
    Replies
    1. Anonymous12:01 PM

      Thank you for time and assistance.

      Take care.

      Delete