Paris Peace Accords 23 Oct. 1991

Monday, January 13, 2014

ពលរដ្ឋ​ខ្មែរ ​អាមេរិកាំង ​ជំរុញ ​ឲ្យ​អាមេរិក ​បញ្ឈប់​ការ​រំលោភ​ សិទ្ធិ​មនុស្ស ​នៅ​កម្ពុជា

កម្មករ​រង​របួស ផ្លូវ​វ៉េងស្រេង ៦១០
កម្មករ​ ដែល​រង​របួស​ ដោយ​កម្លាំង ​ចម្រុះ​ប្រើ​ហិង្សា ​បង្ក្រាប​ពេល ​ផ្ទុះ​ហិង្សា ​នៅ​តាម​បណ្ដោយ​ផ្លូវ ​វ៉េងស្រេង សម្រាក​ព្យាបាល​ ក្នុង​មន្ទីរពេទ្យ ​មិត្តភាព​សូវៀត ហៅ​មន្ទីរពេ ទ្យ​រុស្ស៊ី កាល​ពី​ថ្ងៃ​ ទី​៣ ខែ​មករា ឆ្នាំ​២០១៤។
RFA/Tep Soravy

ពលរដ្ឋ​ខ្មែរ ​អាមេរិកាំង ​ជំរុញ ​ឲ្យ​អាមេរិក ​បញ្ឈប់​ការ​រំលោភ​ សិទ្ធិ​មនុស្ស ​នៅ​កម្ពុជា

ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង​ ជា​ច្រើន​រដ្ឋ បាន​ថ្កោល​ទោស​ ចំពោះ ​ក្រុម​អាជ្ញាធរ​ចម្រុះ​ របស់ ​រដ្ឋាភិបាល​ ដែល​បាន​ បាញ់​បង្ក្រាប ​ក្រុម​កម្មករ​ តវ៉ា​ ដើម្បី​ ទាមទារ​ដំឡើង​ ប្រាក់ខែ​គោល ​ចំនួន ១៦០​ដុល្លារ កាល​ពី​ដើម​ខែ​ មករានេះ។   ពួកគេ​ ក៏​បាន​ទទូច​ សុំ​ ឲ្យ​រដ្ឋាភិបាល​ អាមេរិក យក​ចិត្ត​ទុក​ដាក់​ បន្ថែម​ទៀត និង​ធ្វើ​អន្តរាគមន៍​ ដើម្បី​ ដោះស្រាយ​បញ្ហា​ រំលោភ​សិទ្ធិ​មនុស្ស ​ធ្ងន់ធ្ងរ​ នៅ​កម្ពុជា។

RFA | 12 Jan. 2014

ពលរដ្ឋខ្មែរ-​អាមេរិកាំង ​ក្នុង​រដ្ឋ​ មួយ​ចំនួន ​នៅ​សហរដ្ឋអាមេរិក ប្រតិកម្ម​ យ៉ាង​ខ្លាំង​ ចំពោះ ​ទង្វើ​អមនុស្សធម៌​ និង​ព្រៃផ្សៃ ​របស់ ​ក្រុម​អាជ្ញាធរ​ចម្រុះ ​រដ្ឋាភិបាល ដែល​បាន​បាញ់​រះ​ លើ​ក្រុម​កម្មករ​ កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា បណ្ដាល ​ឲ្យ​មនុស្ស​យ៉ាង​តិច ៤​នាក់​ស្លាប់ រង​របួស ​ប្រមាណ៤០​នាក់ ព្រម​ទាំង ​ចាប់​ខ្លួន​កម្មករ និង​សកម្មជន​ សិទ្ធិ​មនុស្ស​ ជាង២០​នាក់​ទៀត​ ដាក់​ពន្ធនាគារ។


ពួកគេ ​បាន​ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក ត្រូវ​ធ្វើ​អន្តរាគមន៍​ជា​បន្ទាន់ ដើម្បី​បញ្ឈប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​នេះ។ បន្ថែម​ពី​នេះ ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង​ទាំង​នោះ បាន​ធ្វើ​បាតុកម្ម​តវ៉ា​ជា​បន្តបន្ទាប់ និង​ព្យាយាម​ទាក់ទង​ជាមួយ​ថ្នាក់ដឹកនាំ​ក្នុង​រដ្ឋ​របស់​ខ្លួន រួម​មាន​សមាជិក​ព្រឹទ្ធ​សភា តំណាងរាស្ត្រ និង​អភិបាល​រដ្ឋ​ជាដើម ដើម្បី​ឲ្យ​គេ​បាន​ដឹង​ពី​ស្ថានភាព​លំបាក​វេទនា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ក្រីក្រ​ដែល​តវ៉ា​បញ្ហា​រំលោភ​ដីធ្លី និង​ការ​ទាមទារ​ដំឡើង​ប្រាក់ឈ្នួល​របស់​កម្មករ កម្មការិនី ឲ្យ​បាន ១៦០​ដុល្លារ​ក្នុង​មួយ​ខែ។

ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង​ម្នាក់​រស់​នៅ​ក្នុង​រដ្ឋ​វឺជីនៀ (Virginia) អ្នកស្រី ជា ម៉ារី ដែល​បាន​តាមដាន​ព្រឹត្តិការណ៍​នៅ​កម្ពុជា បាន​ថ្លែង​ថា អ្នកស្រី​មិន​ត្រឹមតែ​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ដល់​កម្មករ​ស្លាប់​កាល​ពី​ ថ្ងៃ​សៅរ៍ ទី​១១ ខែ​មករា នៅ​វត្ត​ធម្មរង្សី ឬ​វត្ត​កម្ពុជា​ក្រោម ប៉ុណ្ណោះ​ទេ ក្រុម​អ្នកស្រី​ក៏​បាន​រៃ​អង្គាស​ប្រាក់​យក​ទៅ​ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​ គ្រួសារ​អ្នក​ស្លាប់ និង​អ្នក​រង​របួស​ដែល​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផង​ដែរ។

អ្នកស្រី​ក៏​បាន​អំពាវ​នាវ​សុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ទាំង​ អស់​សាមគ្គី​គ្នា ដើម្បី​គាំទ្រ​ដល់​ខ្មែរ​នៅ​ក្នុង​ប្រទេស​ដែល​កំពុង​រង​ការ​គាប​សង្កត់​ធ្វើ ​បាប​គ្រប់​បែប​យ៉ាង​ពី​សំណាក់​អាជ្ញាធរ​លោក ហ៊ុន សែន៖ «សូម​ឲ្យ​ តំណាងរាស្ត្រ​និង​ព្រឹទ្ធ​សភា​នៅ​អាមេរិក ជួយ​ខ្មែរ​ផង​កុំ​ឲ្យ​ខ្មែរ​ហូរ​ឈាម​ត​ទៅ​ទៀត។ យើង​ទាំង​អស់​គ្នា​មាន​សង្ឃឹម​ទៅ​លើ​សហរដ្ឋអាមេរិក ដែល​ជា​បិតា​ប្រជាធិបតេយ្យ។ ដូច្នេះ​យើង​សង្ឃឹម​ហើយ​សង្ឃឹម​ទៀត។ ស.រ.អា សូម្បី​តែ​សត្វ​ក៏​គេ​ឲ្យ​តម្លៃ​ដែរ ទម្រាំ​ដល់​ខ្មែរ​ដែល​ជា​មនុស្ស​ជាតិ ត្រូវ​ប្រមាថ​មើល​ងាយ ខ្ញុំ​សូម​អង្វរ សុំ​ឲ្យ​អាមេរិក​ជួយ​ឲ្យ​ខ្មែរ​បាន​សុខ។ សូម​អ្នក​នៅ​វ៉ាស៊ីនតោន ឌីស៊ី យើង​នេះ ផ្ញើ​សំបុត្រ​ទៅ​ព្រឹទ្ធ​សភា​និង​សភា សូម​ឲ្យ​ខ្មែរ​យើង​ក្រោក​ទាំង​អស់​គ្នា ទាំង​ប្រុស​ទាំង​ស្រី ទាំង​ចាស់​ទាំង​ក្មេង។ ទី​២ សូម​ឲ្យ​អ្នក​នៅ​ខាង​ក្នុង​មាន​ការ​កក់​ក្តៅ​ថា យើង​នៅ​ខាង​ក្រៅ​ក៏​នៅ​មិន​សុខ​ដែរ យើង​ឈឺ​ចាប់​ជា​ទីបំផុត។»

ចំពោះ​ការ​ប្រើប្រាស់​កម្លាំង​ហួសហេតុ​របស់​កងកម្លាំង​អាជ្ញាធរ​កម្ពុជា ទៅ​លើ​ក្រុម​បាតុករ​កាល​ពី​ដើម​ខែ​មករា​នេះ ពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ និង​មេដឹកនាំ​ប្រទេស​មួយ​ចំនួន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​បន្ត​បន្ទាប់ រិះគន់​ថា ជា​ការ​រំលោភ​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី និង​កំពុង​ធ្វើ​ឲ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ធ្លាក់​ដុន​ដាប។ ប៉ុន្តែ​អាជ្ញាធរ​កម្ពុជា អះអាង​មក​វិញ​ថា សកម្មភាព​ទាំង​នេះ គឺ​ជា​ការ​រក្សា​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​សង្គម។

នៅ​ទន្ទឹម​នេះ អ្នក​រាយការណ៍​ពិសេស​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ (អ.ស.ប.) ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya P. Subedi) ក៏​គ្រោង​នឹង​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា នៅ​សប្ដាហ៍​នេះ ដើម្បី​បំពេញ​បេសកកម្ម​រយៈពេល ៦​ថ្ងៃ របស់​លោក ក្នុង​ការ​ស្វែង​រក​ការ​ពិត និង​វាយ​តម្លៃ​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​កាល​ពី​ថ្ងៃ​ទី​៧ មករា ក៏​បាន​រិះគន់​ការ​បាញ់​សម្លាប់​ក្រុម​បាតុករ​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ ​រដ្ឋាភិបាល​នោះ​ដែរ។

អនុ​ប្រធាន​សភា​ខ្មែរ អន្តរជាតិ​នៅ​រដ្ឋ​មីនីសូតា (Minnesota) លោក ហឿន ហាច មាន​ប្រសាសន៍​ថា លោក​មាន​ការ​អាណិត​អាសូរ​ដល់​ពលរដ្ឋ​ខ្មែរ និង​ឈឺ​ចាប់​ជា​ទីបំផុត នៅ​ពេល​ឃើញ​សកម្មភាព​បាញ់​ប្រហារ និង​វាយ​ដំ​ធ្វើ​បាប​កម្មករ ដោយ​គ្រាន់​តែ​ទាមទារ​ដំឡើង​ប្រាក់​ខែ​ដើម្បី​ឲ្យ​បាន​រស់​សមរម្យ។

លោក​បន្ត​ថា ខ្មែរ​នៅ​រដ្ឋ​មីនីសូតា មិន​នៅ​ស្ងៀម​ទេ គឺ​ព្យាយាម​ជួប​តំណាង​ក្នុង​រដ្ឋ​របស់​ខ្លួន ដើម្បី​ស្វះស្វែង​រក​មធ្យោបាយ​ដោយ​សន្តិវិធី ស្ដារ​ស្ថានភាព​នៅ​កម្ពុជា​ឡើង​វិញ៖ «ខ្ញុំ​និង​ប្រធាន​កំពុង​រក​ មធ្យោបាយ​ជួយ មិន​មែន​បង្ក​ហេតុ ឬ​បង្ក​បញ្ហា​ទេ។ យើង​រក​មធ្យោបាយ​​ជួប​នឹង​សភា​អាមេរិកាំង ដើម្បី​រក​សន្តិភាព​តាម​សន្តិវិធី។ តើ​រក​ច្បាប់​អ្វី​ដើម្បី​ជួយ​ស្រុក​ខ្មែរ? យើង​អត់​ទៅ​ប្រឆាំង​នឹង​អាវុធ ឬ​ធ្វើ​សង្គ្រាម​ទេ តែ​រក​មធ្យោបាយ​តាម​ច្បាប់។ ចំពោះ​មតិ​របស់​ខ្ញុំ ដែល​ឃើញ​ទិដ្ឋភាព​ទាំង​ប៉ុន្មាន គឺ​ជា​អំពើ​ហិង្សា​បំផុត ប៉ះពាល់​នឹង​សិទ្ធិ​មនុស្ស។ ពលរដ្ឋ​ខ្មែរ​គ្មាន​អាវុធ ហើយ​ទាមទារ​រក​សិទ្ធិ​សេរីភាព ត្រូវ​កង​កម្លាំង​ប្រដាប់​អាវុធ​បាញ់​ប្រហារ វាយ​ដំ​ទាំង​បាសក​និង​ព្រះសង្ឃ។ ការ​វាយ​ដំ​នេះ ហួស​និស្ស័យ ដូច​ជំនាន់ ប៉ុល ពត អ៊ីចឹង។»

លោក ហឿន ហាច បន្ត​ថា សភា​ខ្មែរ​អន្តរជាតិ (International Khmer Assembly) កំពុង​ប្រមូល​ស្នាម​មេដៃ​របស់​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​នៅ​ក្នុង​រដ្ឋ​ទាំង ៥០ នៅ​សហរដ្ឋអាមេរិក ដើម្បី​រៀបចំ​ដាក់​ពាក្យ​បណ្ដឹង​រួម​ទៅ​សភា និង​ព្រឹទ្ធ​សភា​អាមេរិក​ ឲ្យ​ជួយ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ អំពី​ស្ថានការណ៍​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​ជិះជាន់​ធ្វើ​បាប​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ។

ចំណែក​លោក ខឹម ពត អតីត​ទាហាន​សម័យ​សាធារណរដ្ឋ លន់ នល់ វិញ ដែល​បាន​ភៀស​ខ្លួន​មក​រស់​នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក កាល​ពី​ដើម​ឆ្នាំ​១៩៨១ នៅ​ពេល​បាន​ឃើញ​ហេតុការណ៍​បង្ក្រាប​ហិង្សា​របស់​ក្រុម​អាជ្ញាធរ​ចម្រុះ​តាម​ វីដេអូ បាន​សំដែង​ក្តី​ហួស​ចិត្ត​ថា សម័យ​នេះ​ហើយ​នៅ​មាន​ការ​ធ្វើ​បាប​ដូចជា​របប​ខ្មែរ​ក្រហម​ទៀត។

លោក​ថា ពលរដ្ឋ​ខ្មែរ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​កាល​ពី​ចុង​សប្ដាហ៍​នេះ ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​សិទ្ធិ​ពលរដ្ឋ​ពី​សំណាក់​អាជ្ញាធរ​ចម្រុះ​របស់ ​រដ្ឋាភិបាល៖ «ខ្ញុំ​តាមដាន​ដែរ ខ្ញុំ​ឃើញ​ថា ធ្វើ​ហ្នឹង​វា​ហួសហេតុ​ពេក ខ្មែរ​យើង​ដែល​ហែ​បាតុកម្ម មាន​តែ​ដៃ​ទទេ​ទាំង​អស់​គ្នា ដើម្បី​ទាមទារ​យក​សេរីភាព ហើយ​អ្នក​ដែល​ធ្វើ​ហ្នឹង បាញ់​មក​លើ​មក​លើ​ពលរដ្ឋ និង​ធ្វើ​មិន​គប្បី​ហួស​ប្រមាណ។ ខ្ញុំ​បាន​គិតគូរ​ដែរ ខ្ញុំ​ទូរស័ព្ទ​ទៅ យូ.អ៊ិន ឲ្យ​គេ​ជួយ ហើយ​បង​ប្អូន​ខ្មែរ​យើង​បាន​ធ្វើ​បាតុកម្ម ២​ថ្ងៃ គឺ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​នេះ មាន​មនុស្ស​ច្រើន​ប្រមាណ ១៥០​នាក់។ យើង​ទាមទារ​ច្រើន​ណាស់ ចង់​បាន​សេរីភាព​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​ខ្មែរ​បាន​រស់...។»

ពាក់ព័ន្ធ​នឹង​ហេតុការណ៍​បាញ់​បង្ក្រាប​ក្រុម​កម្មករ​តវ៉ា​ដំឡើង​ប្រាក់​ ខែ​នេះ អ្នកស្រី ហែម ស៊ីនួន ប្រធាន​បណ្ដាញ​សមាគម​ស្ត្រី​ខ្មែរ​នៅ​រដ្ឋ​វ៉ាស៊ីនតោន បាន​សំដែង​ក្ដី​តក់​ស្លុត​ជា​ខ្លាំង​ចំពោះ​សកម្មភាព​កាច​សាហាវ​របស់​ក្រុម​ កម្លាំង​រដ្ឋាភិបាល រួម​មាន​កងរាជអាវុធហត្ថ ប៉ូលិស និង​ទាហាន​ប្រដាប់​ដោយ​កាំភ្លើង ខែល ដំបង និង​បំពង់​ទីប ដែល​បាន​បាញ់ និង​វាយ​ទៅ​លើ​កម្មករ​ដែល​ប្រើ​ដុំ​ថ្ម​ជា​អាវុធ​គប់​តប​ត​ប្រឆាំង​នឹង​ កម្លាំង​អាជ្ញាធរ។

អ្នកស្រី​ថា ពលរដ្ឋ​ខ្មែរ​ក្នុង​រដ្ឋ​វ៉ាស៊ីនតោន ក៏​បាន​ធ្វើ​បាតុកម្ម​តវ៉ា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​មុន ទាមទារ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក យក​ចិត្ត​ទុក​ដាក់​បន្ថែម​ជាង​នេះ​ទៀត ជា​ជាង​គ្រាន់តែ​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស។

អ្នកស្រី ហែម ស៊ីនួន ដែល​ធ្វើការ​ជា​អ្នក​គ្រប់គ្រង​កម្មវិធី​យុវជន​នៃ​មជ្ឈមណ្ឌល​វប្បធម៌​តំបន់​ អាស៊ី​ប៉ាស៊ីហ្វិក មាន​ប្រសាសន៍​បន្ត​ថា ក្រុម​អ្នកស្រី​កំពុង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​សមាជិក​ព្រឹទ្ធ​សភា និង​តំណាងរាស្ត្រ​អាមេរិកាំង ដើម្បី​ជំរុញ​ឲ្យ​ស្ថានការណ៍​នៅ​កម្ពុជា បាន​ប្រសើរ​ជាង​នេះ៖ «ក្នុង​នាម​ជា​ស្ត្រី​ម្នាក់​មើល​ឃើញ​ការ​កាប់​ សម្លាប់​នេះ គឺ​សាហាវ​ណាស់ ឃើញ​តក់ស្លុត​ណាស់ គួរ​ឲ្យ​ខឹង។ ខ្ញុំ​បាន​ណាត់​ជួប​ជាមួយ​សភា​អាមេរិកាំង គ្រប់​ទាំង​អស់ ទាំង US Senators ទាំងCongressនិង State ទៀត ដើម្បី​ឲ្យ​ពួកគាត់​យក​ចិត្ត​ទុក​ដាក់ និង​ផ្ដន្ទាទោស​លោក ហ៊ុន សែន និង​បក្សពួក​គាត់​ដែល​ធ្វើ​ទៅ​លើ​កម្មករ​យ៉ាង​ព្រៃផ្សៃ​នេះ។ យើង​ក៏​បាន​ជួប​ជុំ​គ្នា​ធ្វើ​បាតុកម្ម​ទៀត ជួយ​តវ៉ា​ឲ្យ​ក្រុម​កម្មករ​យើង​ រក​ខុស​រក​ត្រូវ​ឲ្យ​ពួក​គាត់​ផង ពីព្រោះ​ការ​កាប់​សម្លាប់​នោះ គឺ​វា​អាក្រក់​បំផុត ហើយ​ខុស​នឹង​សិទ្ធិ​មនុស្ស​ពិត​ប្រាកដ...។»

ប្រជាពលរដ្ឋ​ខ្មែរ-​អាមេរិកាំង​ទាំង​នោះ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ពួកគេ​កំពុង​ទាក់ទង​ជាមួយ​តំណាង​សហគមន៍​ខ្មែរ​ក្នុង​រដ្ឋ​នីមួយៗ ដើម្បី​មូល​មតិ​គ្នា​រៀបចំ​ជា​ពាក្យ​បណ្ដឹង​រួម​ប្ដឹង​ទៅ​រដ្ឋាភិបាល​ សហរដ្ឋអាមេរិក សភា និង​ព្រឹទ្ធ​សភា​អាមេរិកាំង ព្រមទាំង​អង្គការ​សហប្រជាជាតិ ដើម្បី​ជំរុញ និង​ធ្វើ​អន្តរាគមន៍​ឲ្យ​បាន​ឆាប់ៗ ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​គ្រប់​ទម្រង់​រូបភាព​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ ក្រីក្រ ក្នុង​នោះ​រួម​មាន​កម្មករ​ជាដើម៕

No comments:

Post a Comment