គណៈប្រតិភូនៃអ្នកបុរាណវិទ្យានិងបេតិកភណ្ឌវប្បធម៌
ថតរូបអនុស្សាវរីយ៍នៅក្នុងពេលបើកសន្និសីទអន្តរជាតិលើកទី២០
នាខេត្តសៀមរាប នៅថ្ងៃទី១៣ ធ្នូ ឆ្នាំ២០១៤។
RFA/Hang Savyouth
|
អ្នកស្រាវជ្រាវ ផ្នែកបុរាណវិទ្យា មកពីប្រទេស ៤០ ធ្វើសន្និសីទ នៅសៀមរាប
RFA | 13 Jan. 2014
ក្រុមអ្នកស្រាវជ្រាវ ផ្នែកបុរាណវិទ្យា និងបេតិកភណ្ឌ វប្បធម៌ សម័យបុព្វកាល ចំនួន ជាង៧០០នាក់ មកពីប្រទេស ចំនួន៤០ ជុំវិញពិភពលោក កំពុងជួបពិភាក្សាគ្នា ក្នុងសន្និសីទអន្តរជាតិមួយ ក្នុងបំណងចែករំលែក បទពិសោធន៍ និងសិក្សាស្វែងយល់ អំពី បុរេប្រវត្តិ នៅតាមបណ្ដាប្រទេស នីមួយៗ។
នៅក្នុងសន្និសីទអន្តរជាតិដែលចាប់ផ្ដើមកិច្ចពិភាក្សាតាំងតែ ពីថ្ងៃអាទិត្យ ទី១២ ខែមករា នោះ គឺមានអ្នកជំនាញបរទេសចំនួនជាង ៧២០នាក់ បានចុះឈ្មោះធ្វើជាវាគ្មិន ដើម្បីបង្ហាញអំពីបុរេសម័យ និងបេតិកភណ្ឌវប្បធម៌។
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន គឺជាគណៈអធិបតីនៃការបើកសន្និសីទអន្តរជាតិនោះ។ លោកបានមានប្រសាសន៍ថា ក្រៅពីអ្នកស្រាវជ្រាវប្រវត្តិសាស្ត្របរទេសចំនួនជាង ៧០០នាក់ ឡើងបង្ហាញរឿងរ៉ាវផ្សេងៗ គឺកម្ពុជាក៏មានវាគ្មិនចំនួនជាង ៣០រូប ដែលនឹងបង្ហាញអំពីកំណាយបុរេប្រវត្តិសាស្ត្រកម្ពុជា ដែលបានធ្វើជាច្រើនកន្លែងកន្លងមក។
លោក សុខ អាន បានរំពឹងទុកថា សន្និសីទអន្តរជាតិលើកទី២០ របស់សមាគមបុរេប្រវត្តិឥណ្ឌូ-ប៉ាស៊ីហ្វិក នៅខេត្តសៀមរាប នេះ អាចនឹងធ្វើឱ្យអ្នកស្រាវជ្រាវបរទេសកាន់តែចាប់អារម្មណ៍ទៅលើ ប្រាសាទអង្គរកាន់តែខ្លាំងឡើង៖ «តាមរយៈសន្និបាតនេះ គឺសមាគមបុរេប្រវត្តិឥណ្ឌូ-ប៉ាស៊ីហ្វិក អាចនឹងបង្កើនទំនាក់ទំនង អាចនឹងចាប់អារម្មណ៍យ៉ាងខ្លាំងដល់សារសំខាន់នៃអង្គរ ហើយតាំងពីមួយរយៈកាលមកហើយ គឺប្រាសាទអង្គរ មិនមែនឋិតនៅកំបាំងកណ្ដាលព្រៃទេ គឺឥឡូវហ្នឹង វាអណ្ដែតនៅលើសកលលោក ដែលត្រូវពិភពលោកទាំងមូលស្គាល់ពីសារសំខាន់របស់វា។»
អគ្គលេខាធិការនៃសមាគមបុរេប្រវត្តិ ឥណ្ឌូ-ប៉ាស៊ីហ្វិក លោក អ៊ាន លីលី (Ian Liley) បានថ្លែងថា គោលបំណងសំខាន់នៃសន្និសីទអន្តរជាតិ ដែលធ្វើនៅកម្ពុជានេះ អាចចាត់ទុកថា គឺជាមជ្ឈមណ្ឌល ផ្នែកបូរាណវិទ្យា និងវប្បធម៌បេតិកភណ្ឌរបស់ពិភពលោក។ ក្រុមអ្នកជំនាញច្រើនរយនាក់ និងធ្វើការបង្ហាញទាក់ទងទៅនឹងបុរាណវិទ្យា ព្រមទាំងបេតិកភណ្ឌវប្បធម៌នៅក្នុងប្រទេសកម្ពុជា នៅក្នុងតំបន់អាស៊ីតំបន់ប៉ាស៊ីហ្វិក និងជុំវិញពិភពលោកផង។
លោក អ៊ាន លីលី បានបញ្ជាក់ថា ស្របពេលដែលអ្នកជំនាញជាច្រើនកំពុងពិភាក្សាគ្នាអំពីបុរេប្រវត្តិ នៃបណ្ដាប្រទេសជាច្រើននោះ គេក៏ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើបុរាណវិទ្យា និងបេតិកភណ្ឌ វប្បធម៌នៅក្នុងតំបន់អង្គរនៃប្រទេសកម្ពុជា ដែរ៖ «ផ្នែក ស្ថាបត្យកម្មបូរាណនៃអង្គរ និងបេតិកភណ្ឌវប្បធម៌នៃប្រទេសកម្ពុជា គឺវាមានសារសំខាន់យ៉ាងខ្លាំង ដែលធ្វើឱ្យអ្នកជំនាញផ្នែកបុរាណវិទ្យា និងបេតិកភណ្ឌវប្បធម៌ជាច្រើនរបស់ពិភពលោកចង់មកឃើញ ហើយនិងស្វែងយល់។ ដូច្នេះខ្ញុំយល់ថា សំណង់ប្រាសាទបុរាណនៅកម្ពុជា គឺជាទស្សនីយភាពយ៉ាងល្អឯក ដែលពិភពលោកចង់ឃើញ។»
លោក អ៊ាន លីលី បានមានប្រសាសន៍ទៀតថា ប្រទេសកម្ពុជា ដែលសំបូរទៅដោយទីរមណីយដ្ឋានបូរាណ និងស្ថាបត្យកម្មប្រាសាទបុរាណ គឺជាទីដែលលោកពេញចិត្តបំផុតក្នុងការមកកម្សាន្ត និងមកសិក្សាស្រាវជ្រាវជុំវិញរឿងបុរេប្រវត្តិ និងផ្នែកបុរាណវិទ្យាជាច្រើន៕
No comments:
Post a Comment