Paris Peace Accords 23 Oct. 1991

Sunday, January 12, 2014

មេ​ដឹក​នាំ ​បក្ស​ប្រឆាំង ​ប្រកាស​ បន្ត​ជួប​អ្នក​គាំទ្រ​ តាម​បណ្ដា​ខេត្ត ​ជាច្រើន​ទៀត

សម រង្ស៊ី កឹម សុខា បន្ទាយមានជ័យ ៦១០
លោក សម រង្ស៊ី និង​លោក កឹម សុខា មេ​ដឹក​នាំ ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ដៃ​គ្នា ​លើក​ឡើង ​ជា​កិច្ច​ស្វាគមន៍​ នៅ​ចំពោះ​មុខ​សកម្មជន និង​អ្នក​គាំទ្រ ​គណបក្ស​សង្គ្រោះ​ជាតិ នា​ខេត្ត​ បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៤។
RFA/Soun Sophalmony

មេ​ដឹក​នាំ ​បក្ស​ប្រឆាំង ​ប្រកាស​ បន្ត​ជួប​អ្នក​គាំទ្រ​ តាម​បណ្ដា​ខេត្ត ​ជាច្រើន​ទៀត

RFI Khmer | 12 Jan. 2014

មេ​ដឹក​នាំ​ បក្ស​ប្រឆាំង ប្រកាស​ បន្ត​បេសកកម្ម​ ចុះ​ជួប​ប្រជាពលរដ្ឋ​ នៅ​តាម​បណ្ដា​ខេត្ត​ ជា​ច្រើន​ទៀត ដើម្បី​ បញ្ជាក់​ជូន​ប្រជាពលរដ្ឋ​ ឲ្យ​បាន​ដឹង​ កាន់​តែ​ច្បាស់ អំពី​ជំហរ​ របស់ ​គណបក្ស​សង្គ្រោះ​ជាតិ ថា​, នៅ​តែ​ គោរព​ឆន្ទៈ​ របស់ ​ប្រជាពលរដ្ឋ​ ជា​ម្ចាស់​ឆ្នោត។  លោក សម រង្ស៊ី និង​លោក កឹម សុខា អះអាង​ថា, លោក​ នឹង​បន្ត​ដឹក​នាំ​ ប្រជាពលរដ្ឋ​ ធ្វើ​បាតុកម្ម​ ជា​ថ្មី​ ដោយ​អហិង្សា ដើម្បី​ ទាមទារ​ ឲ្យ​មាន​ ការ​បោះ​ឆ្នោត​ ឡើង​វិញ។

សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង បាន​ស្នើ​ឲ្យ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ រក្សា​ជំហរ​ក្នុង​ការ​គោរព​ឆន្ទៈ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត ដែល​បាន​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​វិញ។ ពួក​គាត់​ព្រមាន​ថា បើ​ពុំ​ដូច្នេះ​ទេ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ទាំង​ពីរ​រូប គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា នឹង​ប្រឈម​ទៅ​នឹង​ការ​បាត់​បង់​ប្រជាប្រិយភាព​របស់​ខ្លួន។

ការ​ទាមទារ​នេះ គឺ​កើត​មាន​ឡើង​ក្នុង​ពិធី​ជួប​ជុំ​គ្នា​មួយ រវាង​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង និង​សកម្មជន រួម​ទាំង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ច្រើន​រយ​នាក់ កាល​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​ទី​រួម​ខេត្ត​បន្ទាយមានជ័យ៖ «ដូច្នេះ សូម​ទាមទារ​យក​សន្លឹក​ឆ្នោត​មក​វិញ តើ​ដោះស្រាយ​បាន​ឬ​មិន​បាន? សុំ​ឲ្យ​លោក​ជួយ​ដោះស្រាយ បើ​ដោះស្រាយ​មិន​បាន​ទេ ប្រជាពលរដ្ឋ​មិន​ជឿ​ជាក់​ទៅ​លើ លោក សម រង្ស៊ី និង កឹម សុខា ទេ ព្រោះ​ថា ប្រជាពលរដ្ឋ​សង្ឃឹម​ជឿ​ជាក់​ទៅ​លើ​មេ​ដឹក​នាំ​ទាំង​ពីរ​ហើយ។»


ទន្ទឹម​គ្នា​នេះ អ្នក​គាំទ្រ​ទាំង​នោះ​បាន​លើក​ឡើង​នូវ​អំពើ​អយុត្តិធម៌​ជា​ច្រើន ដែល​កំពុង​កើត​មាន​នៅ​ក្នុង​សង្គម​កម្ពុជា ក្រោយ​ពី​កង​កម្លាំង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល ប្រើ​កាំភ្លើង​បាញ់​បង្ក្រាប​ទៅ​ក្រុម​បាតុករ​រោងចក្រ​កាត់​ដេរ និង​ការ​វាយ​បំបែក​ហ្វូង​បាតុករ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ។

លោកស្រី ស្វាត វ៉ារី ជំទប់​ទី​២ ឃុំ​ស្រះរាំង ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ ថ្លែង​ថា មាន​អំពើ​អយុត្តិធម៌ និង​ភាព​មិន​ប្រក្រតី​ជា​ច្រើន​កើត​មាន​នៅ​ក្នុង​សង្គម​កម្ពុជា។ បញ្ហា​ទាំង​នេះ លោកស្រី​ជំរុញ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​រក​យុត្តិធម៌​មក​វិញ៖ «ខ្ញុំ​ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ប្រឹង​ប្រែង​ឡើង ទាមទារ​រក​យុត្តិធម៌​សន្លឹក​ឆ្នោត​ដែល​ប្រជាពលរដ្ឋ​គេ​បាន​ផ្ញើ​សេចក្ដី​ទុក ​ចិត្ត​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​យក​មក​វិញ​ឲ្យ​ខាង​តែ​បាន។ ពួក​ខ្ញុំ​ចង់​បាន​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ មិន​បាច់​ចាំ​រហូត​ដល់ ៥​ឆ្នាំ ដូច​គណបក្ស​ប្រជាជន គាត់​ថា​បាន​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ។ ពួក​ខ្ញុំ​អត់​ចង់​បាន​ទេ គឺ​ចង់​បាន​បោះ​ឆ្នោត​ក្នុង​ពេល​ឆាប់ៗ​នេះ។»

មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា នេះ​ជា​សារ​ដាស់​តឿន​មួយ​របស់​ម្ចាស់​ឆ្នោត​ដែល​សុំ​គណបក្ស​សង្គ្រោះ​ជាតិ គោរព​ឆន្ទៈ​ម្ចាស់​ឆ្នោត។ នៅ​ចំពោះ​សកម្មជន​គាំទ្រ​គណបក្ស​របស់​ខ្លួន លោក កឹម សុខា ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ថា គណបក្ស​ប្រឆាំង​នៅ​តែ​រក្សា​ជំហរ​របស់​ខ្លួន​ ក្នុង​ការ​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​។ គណបក្ស​នេះ​ក៏​មាន​គម្រោង​កែន​កម្លាំង​ធ្វើ​បាតុកម្ម ដើម្បី​ទាមទារ​អោយ​រដ្ឋាភិបាល​ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស និង​កម្មករ​រោងចក្រ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ដូច​គ្នា​ដែរ៖ «ខ្ញុំ ​យល់​ឃើញ​ថា ប្រជាពលរដ្ឋ​នៅ​តែ​មាន​ការ​ចាប់​អារម្មណ៍​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ។ ប្រជាពលរដ្ឋ​សង្ឃឹម​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​បន្ត​តស៊ូ​ទៀត​ដោយ​មិន​ព្រម​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន នេះ​ជា​ការ​សម្ដែង​របស់​គាត់។ អ៊ីចឹង​ហើយ​ជា​លទ្ធផល​ធ្វើ​ឲ្យ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្ដាប់​ឮ​សំឡេង​ប្រជារាស្ត្រ​ហើយ​នេះ គឺ​ត្រូវ​តែ​មាន​ជំហរ​រឹងប៉ឹង តើ​ប្រជារាស្ត្រ​ចង់​បាន​អី ប្រជារាស្ត្រ​អត់​ចង់​ឲ្យ​យើង​ខ្លាច​ចុះ​ចាញ់​ចុះ​ចូល​ទេ។ អ៊ីចឹង​រឿង​នេះ យើង​ខ្ញុំ​នឹង​យក​ទៅ​ដាក់​ជូន​ថ្នាក់​ដឹក​នាំ ដើម្បី​មាន​ជំហរ​មួយ​ត្រូវ។»

រីឯ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ក្រោយ​ការ​បញ្ចប់​ការ​ថ្លែង​សារ​នយោបាយ​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ រួច​មក នៅ​ចំពោះ​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ លោក​អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​មាន​គម្រោង​ដឹក​នាំ​ធ្វើ​បាតុកម្ម​ប្រឆាំង​ទៅ​លទ្ធផល​ឆ្នោត​នោះ​ដដែល។ ពេល​នេះ ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ក្រុង​ជា​ច្រើន​ទៀត​នៅ​ភាគ​ឦសាន​ក្នុង​ពេល​ខាង​មុខ ដើម្បី​បញ្ជាក់​ជំហរ​ជូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត៖ «គម្រោង​របស់​ យើង ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទី​ណា​ចង់​សម្ដែង​មតិ មិន​មែន​តែ​អ្នក​ភ្នំពេញ​ទេ នៅ​តាម​ខេត្ត​ក៏​គេ​ចង់​សម្ដែង​មតិ​ដែរ ដូច​អស់​លោក​សារព័ត៌មាន​បាន​ឃើញ​មិញ ទឹក​ចិត្ត​របស់​ប្រជាពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ មិន​ខុស​ពី​ទឹក​ចិត្ត​របស់​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ យើង​ធ្វើ​នៅ​ភ្នំពេញ​បាន យើង​ត្រូវ​ធ្វើ​នៅ​តាម​បណ្ដាល​ខេត្ត​នានា​ក៏​អ៊ីចឹង​ដែរ។»

នេះ​ជា​សារ​នយោបាយ​ថ្មី​ថែម​ទៀត​របស់​មេ​ដឹក​នាំ​បក្ស​ប្រឆាំង ផ្ញើ​ទៅ​អ្នក​គាំទ្រ​របស់​ខ្លួន បន្ទាប់​ពី​រដ្ឋាភិបាល​ប្រើ​កង​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​ការ​ដឹក​នាំ​ ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះ​ឆ្នោត​រួច​មក។ បន្ទាប់​ពី​ខេត្ត​សៀមរាប ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​បាត់ដំបង មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា គ្រោង​បន្ត​បេសកកម្ម​ចុះ​ទៅ​កាន់​ខេត្ត​គោលដៅ​មួយ​ចំនួន​ទៀត​នៅ​ភាគ​ឦសាន។ ក្នុង​នោះ មាន​ខេត្ត​មណ្ឌលគិរី ខេត្ត​រតនគិរី ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ ជា​ដើម៕








No comments:

Post a Comment