Paris Peace Accords 23 Oct. 1991

Thursday, January 23, 2014

ប្រធាន​ បក្ស​សង្គ្រោះ​ជាតិ​ ចេញ​ទៅ​ កៀរគរ​ ការ​គាំទ្រ​ ពី​សហគមន៍​អន្តរជាតិ​ ជា​ថ្មី

ដោយ ជុន ច័ន្ទបុត្រ / វិទ្យុអាស៊ីសេរី | ២៣ មករា ២០១៤

សម រង្ស៊ី បាតុកម្ម ៦១០
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (កណ្តាល) និងក្រុមបាតុករ ឈរនៅខាងមុខស្ថានទូតបារាំង រង់ចាំមន្ត្រីទូត ចេញមកទទួលញត្តិ កាលពីព្រឹកថ្ងៃទី ២៤ តុលា ឆ្នាំ២០១៣

ប្រធាន​ បក្ស​សង្គ្រោះ​ជាតិ​ ចេញ​ទៅ​ កៀរគរ​ ការ​គាំទ្រ​ ពី​សហគមន៍​អន្តរជាតិ​ ជា​ថ្មី

មេដឹកនាំ​ គណបក្ស​សង្គ្រោះ​ជាតិ​ ប្រកាស​ថា នឹង​ធ្វើ​ បាតុកម្ម​ ជា​បន្ត​ទៀត​ មិន​រាថយ​ ឡើយ ប៉ុន្តែ​ពួក​គាត់​ កំពុង​ស្វែង​រក​ ការ​ដាក់​សម្ពាធ​ បន្ថែម​ទៀត​ ពី​សហគមន៍​អន្តរជាតិ​ ទៅ​លើ​ រដ្ឋាភិបាល​ លោក ហ៊ុន សែន ដើម្បី​ធានា​ កុំ​ឲ្យ​មាន​ការ​បង្ក្រាប​ ដោយ​ ហិង្សា​ ទៅ​លើ​ បាតុករ។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​ថ្លែង​បែប​នេះ​នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ពុធ ទី​២២ មករា គឺ​មួយ​ថ្ងៃ​មុន​ពេល​លោក​ចាក​ចេញ​ពី​កម្ពុជា ទៅ​ទ្វីប​អឺរ៉ុប ដើម្បី​ស្វែង​ការ​គាំទ្រ​បន្ថែម​ពី​សហគមន៍​អន្តរជាតិ ដែល​លោក​អះអាង​ថា កំពុង​តែ​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ហើយ​នោះ។
លោក សម រង្ស៊ី ថ្លែង​ដូច្នេះ៖ «មាន​សម្ពាធ​អន្តរជាតិ​យ៉ាង​ខ្លាំង​មក​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន សព្វ​ថ្ងៃ។ សម្ពាធ​របស់​គេ​គឺ​ឲ្យ​បញ្ឈប់​អំពើ​ហិង្សា ហើយ​វែក​មុខ​អ្នក​សម្លាប់​កម្មករ ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំឃាំង ហើយ​អ្វី​ដែល​សំខាន់​គឺ​ផ្ដល់​សិទ្ធិ​សេរីភាព​ជូន​ប្រជារាស្ត្រ​ខ្មែរ​វិញ សិទ្ធិ​សេរីភាព​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ពីព្រោះ​រដ្ឋធម្មនុញ្ញ​ឥឡូវ​ហ្នឹង​ត្រូវ​គេ​ព្យួរ ដូច​គេ​ជាន់​ឈ្លី​អ៊ីចឹង គឺ​គេ​រំលោភ គេ​មិន​គោរព សិទ្ធិ​សេរីភាព​ឲ្យ​យើង​តវ៉ា ឲ្យ​យើង​សម្ដែង​មតិ ឲ្យ​យើង​ធ្វើ​បាតុកម្ម។ ឥឡូវ​នេះ​សហគមន៍​អន្តរជាតិ​កំពុង​តែ​ជល់​ជាមួយ​រដ្ឋាភិបាល​លោក ហ៊ុន សែន អ៊ីចឹង​យើង​ត្រូវ​តែ​ជំរុញ​ឲ្យ​សម្ពាធ​ពី​អន្តរជាតិ​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត...»
លោក សម រង្ស៊ី ចេញ​ដំណើរ​ទៅ​ទ្វីប​អឺរ៉ុប​​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែ​មករា នេះ។
ទាំង​លោក សម រង្ស៊ី និង​លោក កឹម សុខា សុទ្ធតែ​បាន​អះអាង​ថា ពួក​លោក​មិន​កំសាក​ក្នុង​បេសកកម្ម​តវ៉ា​របស់​ពួកគាត់​ទេ តែ​ពួក​លោក​ក៏​មិន​ធ្វើ​ឲ្យ​ភ្លើង ដែល​លោក​អះអាង​ថា មិន​មែន​ក្រុម​លោក​អ្នក​បង្កាត់​នោះ​ឲ្យ​ឆេះ​រាល​ដាល​កាន់​តែ​ធំ​នោះ​ដែរ។
លោក កឹម សុខា៖ «យើង​អត់​យក​សាំង​យក​ទៅ​ចាក់​លើ​ភ្លើង​ទេ គឺ​យើង​យក​ទឹក​យក​ទៅ​ពន្លត់​ភ្លើង។ នេះ​គោលការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​មែន​យើង​កំសាក មិន​មែន​ញ៉ាក មិន​មែន​យើង​ខ្លាច។ បើ​យើង​ញ៉ាក យើង​កំសាក យើង​ដេក​នៅ​ផ្ទះ​ហើយ មិន​មែន​ចេញ​មុខ​ដប់​ម្ភៃ​សាមសិប​ឆ្នាំ រង​គ្រោះ ទុក្ខ​វេទនា​ម្ល៉ឹងៗ​ទេ ដូច្នេះ​យើង​នៅ​ក្នុង​សភាព​តស៊ូ គឺ​តស៊ូ​ដើម្បី​រស់ មិន​មែន​តស៊ូ​ដើម្បី​ស្លាប់​ទេ...»

No comments:

Post a Comment