សហជីពអន្តរជាតិ សូម ឱ្យដោះលែង កម្មករ និងសកម្មជន សិទ្ធិមនុស្ស
VOA | ១៤ មករា ២០១៤ភ្នំពេញ — មន្ត្រីជាន់ខ្ពស់ នៃសហព័ន្ធ សហជីព អន្តរជាតិ ដែលតំណាង ឲ្យសហជីពកម្មករ ចំនួន១៧៥ ក្នុងប្រទេស ជាង១៥០ ក្នុងពិភពលោក បានស្នើ ឲ្យរដ្ឋាភិបាល កម្ពុជា និងសមាគម រោងចក្រកាត់ដេរ នៅកម្ពុជា ឲ្យដោះលែង កម្មករនិង សកម្មជន សហជីព ជាបន្ទាន់ ដោយព្រមាន ប្តឹង ទៅកាន់អង្គការ ពលកម្ម អន្តរជាតិ របស់ អង្គការ សហប្រជាជាតិ (ILO)។
លោកចាអាប វីយេនណិន (Jaap Wienen)អគ្គលេខាធិការរងនៃសហព័ន្ធសហជីពអន្តរជាតិដែលមានមូលដ្ឋាន នៅប្រទេសបែលហ្ស៊ិកបានប្រាប់អ្នកកាសែតក្រោយពីជំនួបជាមួយលោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងទីក្រុង ភ្នំពេញនៅរសៀលថ្ងៃច័ន្ទនេះថាលោកបានផ្តល់យោបល់ឲ្យរដ្ឋាភិបាល បញ្ឈប់ការចាត់វិធានការទាំងឡាយលើក្រុមកម្មករនិងតំណាងសហជីព។
«យើងផ្តល់យោបល់ដល់លោករដ្ឋមន្ត្រីឲ្យលុបចោលការគំរាមកំហែងដក លិខិតអនុញ្ញាតដល់សហជីពឯករាជ្យ។ ទី២យើងផ្តល់យោបល់ដល់លោករដ្ឋមន្ត្រីឲ្យដោះលែងអ្នកជាប់ឃុំឃាំងទាំង ២៣រូបឲ្យបានឆាប់។ ក្រៅពីនោះយើងស្នើឲ្យដកពាក្យបណ្តឹងប្រឆាំងសហ សេវិករបស់យើងគឺលោករ៉ុង ឈុន ដែលត្រូវឡើងតុលាការនៅថ្ងៃស្អែកពីព្រោះថាវាគ្មានន័យទេក្នុងការ ប្តឹងប្រឆាំងសហសេវិកម្នាក់ដោយសារបានការពារសិទ្ធិកម្មករនោះ។»
ជំនួបរវាងតំណាងសហព័ន្ធសហជីពអន្តរជាតិជាមួយតំណាងរដ្ឋាភិបាលកម្ពុជា ធ្វើឡើងជាងមួយសប្តាហ៍ក្រោយការបង្រ្កាបយ៉ាងហិង្សារបស់រដ្ឋាភិបាល លើក្រុមកម្មកររោងចក្រដែលទាមទារការដំឡើងប្រាក់ខែគោលដោយសន្តិវិធី ឲ្យដល់១៦០ដុល្លារអាមេរិក។
កម្មករចំនួនប្រាំនាក់យ៉ាងតិចត្រូវបានបាញ់សម្លាប់ មនុស្សប្រមាណ៤០នាក់ផ្សេងទៀតរងរបួសនិងសកម្មជនសហជីពនិងកម្មករ ចំនួន២៣នាក់ត្រូវចាប់ខ្លួននិងចោទប្រកាន់តាមផ្លូវតុលាការ។
ក្រុមអាជ្ញាធរដែលមានកងប៉ូលិសនិងកងសណ្តាប់ធ្នាប់ដែលពាក់ឯកសណ្ឋាន ពណ៌ទឹកប៊ិក ពាក់មួកការពារនិងកាន់ដំបងជាប់ដៃបានដើរបណ្តេញក្រុមប្រជាពលរដ្ឋដែល សំចតនៅតាមចិញ្ចើមផ្លូវនៅមុខក្រសួងការងារដោយរង់ចាំស្តាប់ សន្និសីទកាសែតរបស់តំណាងសហព័ន្ធសហជីពអន្តរជាតិនិងបានតាមឆាឆៅរំខាន ដល់ការរៀបចំសន្និសីទកាសែតនៅក្នុងហាងកាហ្វេមួយនៅទល់មុខក្រសួង ការងារនោះ។
លោកចាអាប វីយេនណិន បានសម្តែងការព្រួយបារម្ភចំពោះព្រឹត្តិការណ៍បង្ហូរឈាមនេះហើយលោក អះអាងថាការសម្រេចចិត្តដំឡើងប្រាក់ខែដល់កម្មករដល់១០០ដុល្លារក្នុង មួយខែមិនសមល្មមនឹងតម្រូវការក្នុងការរស់នៅរបស់ពួកគេទេ។
លោកចាអាប វីយេនណិន អះអាងថាកម្មកររោងចក្រកម្ពុជាគួរតែបានប្រាក់ខែចំនួន២៦០ដុល្លារក្នុងមួយខែ។
លោកអ៊ុំ មាន រដ្ឋលេខាធិការនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។
ទោះជាយ៉ាងណាលោកចាអាប វីយេនណិន អះអាងថារដ្ឋមន្ត្រីក្រសួងការងារនឹងលើកសំណើខាងលើនេះជូនតុលាការ ជូនអាជ្ញាធរនិងជូនសហជីពរោងចក្រកាត់ដេរនៅកម្ពុជា(GMAC)ហើយលោក បញ្ជាក់ថាលោកនឹងបន្តគាំទ្រកម្មករកម្ពុជាប្រឆាំងនឹងអំពើ អយុត្តិធម៌។ហើយលោកនឹងដាក់ពាក្យបណ្តឹងទៅកាន់អង្គការពលកម្ម អន្តរជាតិរបស់អង្គការសហប្រជាជាតិ (ILO)។
នៅក្នុងថ្ងៃនេះដែរក្រុមមន្ត្រីសហព័ន្ធសហជីពអន្តរជាតិក៏បានជួបជាមួយGMAC ផងដែរ។
លោកចាអាប វីយេនណិន ឲ្យដឹងថាសហព័ន្ធរបស់លោកស្នើឲ្យថៅកែរោងចក្រចំនួន១០០រោងចក្រ ដកពាក្យបណ្តឹងប្រឆាំងសហជីពកម្មករដែលបានដឹកនាំការទាមទារដំឡើង ប្រាក់ឈ្នួលកម្មករនិងសុំឲ្យទទួលយកតំណាងសហជីពនៅក្នុងរោងចក្រ ប្រមាណ១០០នាក់ឲ្យចូលធ្វើការវិញជាបន្ទាន់។តំណាងសហជីពទាំងនេះ ត្រូវបណ្តេញចេញពីការងារដោយសារពួកគេបានចូលរួមបាតុកម្ម។
លោកខេន លូ (Ken Loo) អគ្គលេខាធិការរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាGMACបញ្ជាក់ថា GMAC មិនអាចទទួលយកសំណើណាមួយពីតំណាងសហព័ន្ធសហជីពអន្តរជាតិនោះទេ ប៉ុន្តែលោកមិនបកស្រាយអំពីមូលហេតុនោះទេ។
«យើងអត់អាចទទួលយកបានទេ។ប្រជុំអត់បានឯកភាពលើមាត្រាអីទេ។»
លោកចាអាប វីយេនណិន បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថាGMAC មានគម្រោងប្តឹងប្រឆាំងនឹងសហព័ន្ធសហជីពអន្តរជាតិរបស់លោក។ក៏ប៉ុន្តែ លោកខេន លូ បដិសេធដំណឹងនេះ។
លោករ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនិងជាប្រធានសហភាពសហជីព កម្ពុជាថ្លែងទៅកាន់ក្រុមអ្នកកាសែតអំពីសារៈសំខាន់នៃទស្សនកិច្ច របស់សហព័ន្ធសហជីពអន្តរជាតិក្រោមការតាមបណ្តេញចេញរបស់អាជ្ញាធរ។
«គាត់មានតួនាទីសំខាន់ណាស់ក្នុងដំណើរបេសកកម្មយើងនេះ។»
ក្រុមមន្ត្រីសហព័ន្ធសហជីពអន្តរជាតិដែលអមដោយមេធាវីរបស់ខ្លួនផងដែរ គ្រោងនឹងបញ្ចប់ទស្សនកិច្ចរយៈពេលបួនថ្ងៃនៅថ្ងៃនេះប៉ុន្តែបាន សម្រេចបន្តការស្នាក់នៅក្នុងប្រទេសកម្ពុជាបន្ថែមទៀតដើម្បីតាមដាន ការវិវត្តន៍ស្ថានការណ៍ប្តឹងផ្តល់ប្រឆាំងលោករ៉ុង ឈុន៕
No comments:
Post a Comment