Paris Peace Accords 23 Oct. 1991

Tuesday, January 7, 2014

គណបក្ស​ សង្គ្រោះ​ជាតិ ចោទ​អាជ្ញាធរ​ យក​មនុស្ស​ ញៀន​ថ្នាំ​ មក​វាយ​បំបែក​ ក្រុម​បាតុករ​​

គណបក្ស​ សង្គ្រោះ​ជាតិ ចោទ​អាជ្ញាធរ​ យក​មនុស្ស​ ញៀន​ថ្នាំ​ មក​វាយ​បំបែក​ ក្រុម​បាតុករ​​


ដោយ៖​ ជន ស្រីណុច​ / វិទ្យុ វីអូឌី | ថ្ងៃអង្គារ៍ ទី7 ខែមករា ឆ្នាំ2014

ក្រុមជនស៊ីវិល និងកងសន្តិសុខខណ្ឌ បានដើរបំបែកហ្វូងបាតុករទាំងនៅទីលានប្រជាធិបតេយ្យ និងនៅតាមដងផ្លូវជិតទីលានប្រជាធិបតេយ្យផងដែរ (រូបថតដោយ តាំង វីដា)
អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ចោទថា អាជ្ញាធរ​បាន​យក​ក្រុម​មនុស្ស​ចេញពី​មណ្ឌល​កែប្រែ​គ្រឿងញៀន​ ​ខេត្ដ​បន្ទាយមានជ័យ មក​ដេញ​វាយ​បំបែក​ប្រជាពលរដ្ឋ អ្នកសារព័ត៌មាន និង​អ្នកការពារ​សិទ្ធិមនុស្ស នៅ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។​
​លោក កឹម សុខា បាន​ថ្លែង​ទៅកាន់​វិទ្យុ​អាស៊ីសេរី​កាលពី​យប់​ថ្ងៃ​ចន្ទ​ថា លោក​មាន​ការសោកស្តាយ​យ៉ាងខ្លាំង ដែល​អាជ្ញាធរ​ប្រើ​ល្បិច​យក​មនុស្ស​​សេព​គ្រឿងញឿន មក​វាយ​បំបែក​ក្រុម​បាតុករ​របស់លោក ដែល​តវ៉ា​ដោយ​អហិង្សា​។ លោក​បន្តថា គណបក្ស​សង្គ្រោះ​ជាតិ សំណូម​ពរ​ឲ្យ​ប្រជាពលរដ្ឋ​បំបែក​គ្នា​ចេញ​នោះ ដោយសារ​តែ​ក្រុម​អាជ្ញាធរ មាន​សុទ្ធតែ​កាំភ្លើង ដោយឡែក​ប្រជាពលរដ្ឋ​មានតែ​ដៃទទេ <<​ប្រសិន​ជា​ទៅប្រ​ឈរ​ឲ្យ​ប្រជាពលរដ្ឋត​ទល់​ជាមួ​យ​កាំភ្លើង​ភ្លាមនោះ គឺ​ស្លាប់​ប្រជាពលរដ្ឋ​ច្រើន គណបក្ស​សង្គ្រោះ​ជាតិ​ប្រជុំ​អចិន្ត្រៃណ៍​សម្រេច​ភ្លាម ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ​ដកថយ​សិន ពីព្រោះ​យើង​ស្គាល់​ចរិត​របស់​សមត្ថកិច្ច គឺ​គេ​ប្រើ​មនុស្ស ប្រើ​ក្រុម​ដែល​គ្រឿងញៀន ដែល​យក​មក​ពី​បន្ទាយ​មានជ័យ​នោះ មក​ពាក់​ដៃ​ក្រហម ដើរ​វ៉ៃ​។ នេះ​ហើយ​យើង​ដឹង យើង​ក្តាប់​បញ្ហា​បាន ទាំងអស់ យើង​ដឹង​ការរៀបចំ របស់​សមត្ថកិច្ច​គេ​បម្រុង​ធ្វើ​អ្វី គឺ​យើង​ដឹង​។ គេ​បម្រុង​មកនេះ គេ​ប្រើ​មនុស្ស​មក​វ៉ៃ​តប់ ប្រជារាស្ត្រ ហើយ​យើង​ក្នុងនាម​ជា​អ្នកដឹកនាំ យើង​ត្រូវ​គេច​ពីអ្វី​ដែល​ធ្វើ​ឲ្យ​ប្រជារាស្ត្រ​ស្តាប់​។ យើង​ខំ​គេច​ឲ្យអស់​លទ្ធភាព​>>​។​
កាល​ពីថ្ងៃ​ទី​០៤​ខែ​មករា ក្រុម​កម្លាំង​សមត្ថកិច្ច​ច្រើន​រយ​នាក់ បាន​ចុះ​បំបែក​ក្រុម​បាតុករ​គណ​បក្ស​សង្គ្រោះ ជាតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុងនោះ​ក៏​មាន​ក្រុម​ជន​ស៊ីវិល​ប្រមាណ​១០០​នាក់ ដែល​កាន់​បំពង់​ទីប និង​ពាក់​មួកសុវត្ថិភាព បាន​ដើរ​ដេញ​បាតុករ ដែល​ឈរ​ផ្តុំគ្នា​នៅ​ផ្លូវ​មួយចំនួន​នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ និង​វត្តភ្នំ​។ ការដេញ​បំបែក​ក្រុម​បាតុករ​នេះ ក៏​មាន​ការ​គប់​ដប​ទឹក​សុទ្ធ និង​ដុំ​ថ្ម​ដាក់​គ្នា​រយៈពេល​ខ្លី​ដែរ រវាង​ក្រុមបាតុករ និង​ក្រុម​ជន​ស៊ីវិល​នោះ​។​ ចំណែក​អ្នកសារព័ត៌មាន ក៏​ត្រូវបាន​មនុស្ស​មួយ​ក្រុម​នោះ ដេញ​វាយ​ផងដែរ​។
​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ខេង ទី​តូ មានប្រសាសន៍ថា សមត្ថកិច្ចមិន​ខ្វល់​នឹង​ការយល់ឃើញ​របស់​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បដិសេធ​ចំពោះ​ការចោទប្រកាន់​នោះ ដោយ​លើកឡើង​ថា អ្នក​ដែល​ចុះ​បង្ក្រាប​ទាំងអស់​នោះ ជា​កម្លាំង​សមត្ថ​កិច្ច​ <<​ស្រេច​តែ​គាត់ គាត់​ចោទ​ថា​យ៉ាងម៉េច ក៏​ចោទ​ទៅ ជា​សិទ្ធិ​របស់​គាត់ ក៏​ប៉ុន្តែ​គ្រាន់តែ​ថា កម្លាំង​ដែល​គេ​ប្រើ គឺ​សុទ្ធតែ​ជា​មាន​សមត្ថកិច្ច​ទាំងអស់​។ បាទ​! ជា​កម្លាំង​សមត្ថកិច្ច​>>​។​
​អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ ការរំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ដែល​បាន​តាមដាន​ព្រឹត្តិការណ៍​នោះ យល់​ថា ក្រុមមនុស្ស​ដែល​ស្លៀកពាក់​ស៊ីវិល ហើយ​ដើរ​ដេញ​វាយ​ប្រជាពលរដ្ឋ អ្នកសារព័ត៌មាន និង​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​ថ្ងៃ​នោះ គឺ​មនុស្ស​​​​ដែល​អាជ្ញាធរ​រៀបចំឡើង ដើម្បី​បំភ័ន្ត​ភ្នែក​សាធារណជន​ថា​ខ្លួន​មិន​បាន​ប្រើប្រាស់​ហិង្សា ឬ​ប្រើ​អាវុធ​តែ​ប៉ុណ្ណោះ​។ លោក​រិះគន់​អាជ្ញា​​​​ធរមាន​សមត្ថកិច្ច ដែល​មាន​តួនាទី​ការពារ​ប្រជាពលរដ្ឋ តែ​ឈរ​មើល​ជន​ស៊ីវិល ដេញ​វាយ​ប្រជាពលរដ្ឋ​ <<​នេះ​ជា​រឿង​រំលោភ​សិទ្ធិមនុស្ស​មួយ​យ៉ាង​ធ្ងន់ធ្ងរ ជាទីបំផុត​។ ជាពិសេស​កងកម្លាំង​ដែល​មាន​កាតព្វកិច្ច ក្នុង​ការការពារ​សុវត្ថិភាព និង​សន្តិសុខ​ជូន​ពលរដ្ឋ នៅពេល​ដែល​ឃើញ​គេ​ប្រព្រឹត្ត បទល្មើស ហើយ​យើង​មិន​ចាត់ការ​តាម​ផ្លូវច្បាប់​។ នេះ​គឺជា​រឿង​មួយ​ដែល​គេ​រៀបចំ​ទុក ដោយ​គេ​ថា បើ​ប្រើប្រាស់​កងកម្លាំង​ដែល​មាន​ឯកសណ្ឋាន​ទៅ គឺ​វា​អាក្រក់​មើល​ពេក ហើយ​គេ​ចោទប្រកាន់​។ អញ្ជឹង​ជា​ឈុត​មួយ​ដែល​រៀបចំ ឲ្យមាន​ជន​ស៊ីវិល ហើយ​មាន​ក្រុម​សន្តិសុខ ដែល​នៅ​ក្រៅ​ក្រប​ខណ្ឌ​របស់​រដ្ឋ​នោះ ដើរ​ដេញ​វ៉ៃ​គេ​>>​។​
បន្ទាប់​ពី​ការបង្ក្រាប​បាតុករ​នៅ​ទីលាន​ប្រជាធិបតេយ្យ សាលា​រាជធានី​ភ្នំពេញ បាន​ប្រកាស​មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​ការធ្វើ​បាតុ​កម្ម​​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ដង្ហែ​នៅតាម​ផ្លូវ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​៤​ខែ​មករា​ឆ្នាំ​២០១៤ រហូត​សណ្តាប់ធ្នាប់​នៅ​កម្ពុជា មាន​​ភាព​​ប្រសើរ​ឡើង​វិញ ដោយ​មិន​មាន​ពេល​កំណត់​។​លិខិត​របស់​សាលា​រាជធានី បាន​ហៅ​សកម្មភាព​បាតុកម្ម​ថា ជា​សកម្មភាព​អុច​អាល​​ញុះ​​ញង់​ឈាន​ដល់​បង្ក​ឲ្យមាន​អំពើ​ហិង្សា បាត់បង់​អាយុជីវិត​មនុស្ស និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ ឯកជន និង​សាធារណ​:៕


No comments:

Post a Comment