វិស័យឯកជន ប្រតិកម្ម ចំពោះភាពជាប់គាំង នយោបាយ
ស្ថានការណ៍ក្រោយការបោះឆ្នោតនៅប្រទេសកម្ពុជា បានបង្កឲ្យមានភាពវឹកវរជាបន្តបន្ទាប់ ដែលកើតចេញពីការមិនទទួលស្គាល់លទ្ធផលបោះឆ្នោត។ បញ្ហាធំចំនួនពីរ គឺការធ្វើបាតុកម្មមិនទទួលស្គាល់លទ្ធផលបោះឆ្នោត និងការតវ៉ាទាមទារដំឡើងប្រាក់ខែរបស់កម្មកររោងចក្រកាត់ដេរសំលៀកបំពាក់ បានធ្វើឲ្យអ្នកវិនិយោគ និងពាណិជ្ជករ មានការរារែកក្នុងការបណ្ដាក់ទុនបន្ថែម។
វិស័យឯកជនទាំងនោះ រួមមានអ្នកវិនិយោគលើវិស័យសំណង់ ពាណិជ្ជកម្មនាំចេញនាំចូលទំនិញ និងសកម្មភាពរបស់ស្ថាប័នផ្ដល់ប្រាក់កម្ចីរបស់ស្ថាប័នហិរញ្ញវត្ថុជាដើម។
លោកបញ្ជាក់ទៀតថា អតិថិជនរបស់ស្ថាប័នហិរញ្ញវត្ថុគឺក្រុមកម្មកររោងចក្រកាត់ដេរ និងអ្នកដែលពឹងលើវិស័យរោងចក្រដើម្បីចិញ្ចឹមជីវិត។ ការដួលរំលំវិស័យនេះ នឹងប៉ះពាល់ធ្ងន់ធ្ងរ ដល់ស្ថិរភាពស្ថាប័នហិរញ្ញវត្ថុ និងវិស័យសេដ្ឋកិច្ចកម្ពុជា ជាពិសេសគ្រួសារក្រីក្រនៅជនបទ។
លោកបណ្ឌិត ប៊ុន មុនី មានប្រសាសន៍បន្ថែមទៀតថា ដើម្បីចូលរួមលើកកម្ពស់កំណើនសេដ្ឋកិច្ចដែលបានមកពីកំណើនវិស័យស្ថាប័នហិរញ្ញវត្ថុ គឺការស្វែងរកប្រភពកម្ចីសម្រាប់ពង្រីកលទ្ធភាពផ្ដល់ប្រាក់កម្ចីដល់ប្រជាពលរដ្ឋឲ្យកាន់តែច្រើន។ ផ្ទុយទៅវិញ ស្ថានការណ៍នយោបាយនៅក្រោយការបោះឆ្នោត បានធ្វើឲ្យស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា មានការព្រួយបារម្ភនឹងលទ្ធភាពទទួលបានប្រាក់កម្ចីពីបរទេស។
នាយកប្រតិបត្តិនៃក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ ប៊ុណ្ណា រៀលធី លោក នួន ឫទ្ធី មានប្រសាសន៍ថា សកម្មភាពជួញដូរវិស័យអចលនទ្រព្យជាទួទៅ មិនទាន់រងឥទ្ធិពលពីភាពជាប់គាំងនយោបាយឡើយ។ ចំពោះសកម្មភាពអតិថិជនដែលទិញអចលនទ្រព្យ ហាក់មានសភាពនៅទ្រឹង ដោយរង់ចាំ ភាពប្រសើរឡើងនៃស្ថានការណ៍នយោបាយ។ លោកបញ្ជាក់ទៀតថា វិស័យអចលនទ្រព្យជាវិស័យដែលប៉ះពាល់ក្រោយគេ នៅពេលដែលមានភាពវឹកវរណាមួយបានកើតឡើង។
លោក នួន ឫទ្ធី មានប្រសាសន៍បន្ថែមទៀតថា ការវិនិយោគរបស់វិស័យអចលនទ្រព្យលើលំនៅឋានជាផ្នែកដែលរងឥទ្ធិពលខ្លាំងជាងគេ ក្នុងចំណោមផ្នែកបីផ្សេងទៀត ដូចជា រោងចក្រ កសិកម្ម និង ពាណិជ្ជកម្ម។
បន្ថែមលើបញ្ហានេះ អ្នកពាក់ព័ន្ធខាងវិស័យពាណិជ្ជកម្មនៅកម្ពុជាវិញ ក៏បានអះអាងថា ស្ថានភាពនយោបាយបច្ចុប្បន្ន បានប៉ះពាល់ដល់សកម្មភាពវិនិយោគគួរឲ្យកត់សម្គាល់។
អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា ងួន ម៉េងតិច មានប្រសាសន៍ថា ការធ្វើបាតុកម្មបានរំខានដល់ការធ្វើពាណិជ្ជកម្មនៅកម្ពុជា។ អ្នកវិនិយោគ និងពាណិជ្ជករ មានវិធានការផ្ទាល់ខ្លួន ដើម្បីទប់ទល់នឹងភាពចលាចល និងបញ្ហានានាដែលកើតចេញពីស្ថានការណ៍ក្រោយការបោះឆ្នោត។
លោកឧកញ៉ា ងួន ម៉េងតិច មានប្រសាសន៍បន្ថែមទៀតថា ការហូរចូលអ្នកវិនិយោគពីបរទេសហាក់មានសភាពនៅទ្រឹង ដោយសារតែបរិយាកាសធ្វើអាជីវកម្ម និងអ្នកវិនិយោគមិនអំណោយផល។
ទោះជាយ៉ាងណាក៏ដោយ ស្ថាប័នអន្តរជាតិជាច្រើននៅកម្ពុជា មិនដឹងច្បាស់ថា តើផលប៉ះពាល់នៃភាពជាប់គាំងខាងនយោបាយនៅក្រោយការបោះឆ្នោត មកលើការវិនិយោគដោយផ្ទាល់ពីបរទេស និងកំណើនសេដ្ឋកិច្ចមានទំហំប៉ុណ្ណានោះទេ។
អ្នកឯកទេសវិស័យសាធារណៈ និងគ្រប់គ្រងសេដ្ឋកិច្ចរបស់ធនាគារពិភពលោកប្រចាំកម្ពុជា លោក លី សូដេត បានអះអាងថា លោកមិនអាចប៉ាន់ស្មានអំពីទំហំនៃផលប៉ះពាល់សេដ្ឋកិច្ច នៅស្ថានការណ៍ក្រោយការបោះឆ្នោតមានទំហំប៉ុណ្ណោះនោះទេ។ បច្ចុប្បន្នការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា សង្កេតឃើញថា ស្ថានភាពនយោបាយបច្ចុប្បន្នមិនមានសញ្ញាអវិជ្ជមាន ប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាឡើយ ប៉ុន្តែធនាគារពិភពលោកនឹងសង្កេតតទៅទៀត។
ធនាគារពិភពលោកប្រចាំកម្ពុជា បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ថានៅតែមានលក្ខណៈរឹងមាំ ដែលមិនទាន់រួមបញ្ចូលបញ្ហានយោបាយ គឺមានលទ្ធភាពសម្រេចបាននូវកំណើនស្មើនឹង ៧% នៅក្នុងឆ្នាំ២០១៤ ។ កម្ពុជាជាប្រទេសដែលផ្ដោតលើការនាំចេញ ដែលកំណើនផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា នាំមុខដោយវិស័យកសិកម្ម ការនាំចេញសំលៀកបំពាក់ ព្រមទាំងសកម្មភាពសំណង់៕
No comments:
Post a Comment