Paris Peace Accords 23 Oct. 1991

Thursday, January 30, 2014

ការ​រឹត​បន្តឹង​ ពន្ធគយ ​និង​ការ​ធ្វើ​បាតុកម្ម ​ធ្វើ​ឲ្យ​ជំនួញ​ ថៃ ​នៅ​កម្ពុជា​ ធ្លាក់​ចុះ

ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា ៦១០
ឯកអគ្គរាជទូត ​ថៃ ប្រចាំ​កម្ពុជា លោក ថាត់ឆះយ៉ុត ផាក់ឌី (Touchayoot Pakdi)
RFA/An Sithav, 29 Jan. 2014

ការ​រឹត​បន្តឹង​ ពន្ធគយ ​និង​ការ​ធ្វើ​បាតុកម្ម ​ធ្វើ​ឲ្យ​ជំនួញ​ ថៃ ​នៅ​កម្ពុជា​ ធ្លាក់​ចុះ

ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ របស់​ថៃ នៅ​ប្រទេស​កម្ពុជា បាន​កើន​ឡើង​​​ យ៉ាង​ខ្លាំង​​ ពេល​បច្ចុប្បន្ន។  ភាគ​ច្រើន ​​អាជីវកម្ម​ របស់​ ពាណិជ្ជករ​ថៃ គឺ​ នៅ​​លើ​គ្រឿង​សំអាង ការ​កែ​រក្សា​សម្ផស្ស​ សម្ភារៈ​ផ្ទះបាយ​ និង​ចំណី​អាហារ។  ប៉ុន្តែ​ អ្នក​វិនិយោ គិន​ និង​ពាណិជ្ជករ​​ថៃ បាន​អះអាង​​ ថា, ឧបសគ្គ​ចម្បង ចំពោះ​ ការ​រក​ស៊ី​ របស់​គេ​ នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន គឺ​ ការ​រឹត​បន្តឹង ​ពន្ធគយ​និង​ការ​ធ្វើ​បាតុកម្ម។

RFA | 29 Jan. 2014

ពាណិជ្ជករ​ថៃ បាន​អះអាង ​នៅ​ថ្ងៃ​ទី​២៩ មករា ថា, ចាប់​តាំង ​ពី​ប្រទេស ​កម្ពុជា បាន​បើក​ចំហ​ សេដ្ឋកិច្ច​, ​ទំហំ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ ​របស់​គេ​ បាន​កើន​ឡើង ​គួរ​ ឲ្យ​កត់​សម្គាល់ ​នៅ​ប្រទេស​ កម្ពុជា។  ទំនាក់​ទំនង ​ពាណិជ្ជកម្ម ​​អន្តរជាតិ​នេះ បាន​បង្កើត​ការងារ, ចំណូល​ពន្ធគយ, និង​ជួយ​ជំរុញ ​សេដ្ឋកិច្ច​កម្ពុជា ឲ្យ​មាន​កំណើន​ខ្ពស់ ​រៀងរាល់​ឆ្នាំ។

អគ្គ​ទីប្រឹក្សា​ ពាណិជ្ជកម្ម​ ប្រចាំ​ ស្ថាន​ឯកអគ្គរាជទូត​ថៃ ប្រចាំ​កម្ពុជា អ្នកស្រី ជីវ៉ាណាន់ វង់មង្គល (Jiranan Wongmonkol) មាន​ប្រសាសន៍​ នៅ​ថ្ងៃ​ទី​២៩ មករា ថា, ទោះ​បី ​ជា​ប្រទេស​ ទាំង​ពីរ​ បាន​រង​ឥទ្ធិពល ​ពី​វិបត្តិ​នយោបាយ, ប៉ុន្តែ​ ទំហំ​ពាណិជ្ជកម្ម​ ដែល​ប្រទេស​ថៃ នាំ​​ចូល​មក​កម្ពុជា​ បាន​កើន​ឡើង​ សមាមាត្រ នឹង​ទឹក​ប្រាក់​​ ចំនួន​ជាង ៤​ពាន់​លាន​ដុល្លារ​ អាមេរិក​ ប្រចាំ​ឆ្នាំ​២០១៣។


អ្នកស្រី​បញ្ជាក់​ថា​ ប្រទេស​ទំនិញ​ដែល​កម្ពុជា នាំ​ចេញ​ទៅ​ថៃ​ ​ភាគ​ច្រើន​គឺ​ជា​ប្រភេទ​​កសិផល ប៉ុន្តែ​ប្រទេស​ថៃ នាំ​ចូល​មក​កម្ពុជា​វិញ គឺ​ជា​​ផលិតផល​គ្រឿង​សំអាង​ ការ​ថែ​រក្សា​សម្ផស្ស​ និង​​ចំណី​អាហារ៖ «ប្រទេស ​នីមួយៗ តែង​តែ​មាន​បញ្ហា​ខាង​វិបត្តិ​នយោបាយ​​ដូច​គ្នា ប៉ុន្តែ​ខ្ញុំ​យល់​ថា​ ទំនាក់​ទំនង​​ខាង​ពាណិជ្ជកម្ម​នេះ​ធ្វើ​ដោយ​ធម្មតា​ អត់​មាន​ពាក់​ព័ន្ធ​ខាង​នយោបាយ​ទេ»

បន្ថែម​លើ​នេះ ប្រទេស​ទាំង​ពីរ​តែង​បង្កើន​កិច្ច​សហប្រតិបត្តិការ​​ពាណិជ្ជកម្ម​និង​ វិនិយោគ​តាម​រយៈ​ ការ​តាំង​បង្ហាញ​​ពិព័រណ៍​​ពាណិជ្ជកម្ម​ទំនិញ​​ដែល​ធ្វើ​ឡើង​​រៀង​រាល់​ ឆ្នាំ​ដើម្បី​ស្វែង​រក​ឱកាស​​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ។

ទោះ​បី​ជា​ទំហំ​ពាណិជ្ជកម្ម​​រវាង​ថៃ​និង​កម្ពុជា បាន​កើន​ឡើង ប៉ុន្តែ​​ពាណិជ្ជករ​ថៃ​ ដែល​​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​កម្ពុជា បាន​អះអាង​ថា​ បាន​រង​ផល​ប៉ះពាល់​ពី​កំណែទម្រង់​មូលដ្ឋាន​សេដ្ឋកិច្ច ​និង​ភាព​ជាប់​គាំង​នយោបាយ ដែល​​មិន​អាច​រក​ដំណោះ​ស្រាយ​នា​ពេល​បច្ចុប្បន្ន។
ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា លោក ថាត់ឆះយ៉ុត ផាក់ឌី (Touchayoot Pakdi) មាន​ប្រសាសន៍​ថា បញ្ហា​ប្រឈម​​របស់​ពាណិជ្ជករ និង​​អ្នក​វិនិយោគ​ថៃ​នៅ​កម្ពុជា គឺ​បញ្ហា​ការ​រឹត​បន្តឹង​ពន្ធ​គយ​ដែល​ ក្រសួង​សេដ្ឋកិច្ច​និង​ក្រសួង​ពាណិជ្ជកម្ម បាន​ប្រការ​ធ្វើ​កំណែទម្រង់​​ស្ថាប័ន​របស់​ខ្លួន។ ម៉្យាង​វិញ​ទៀត​ ការ​ធ្វើ​បាតុកម្ម​កន្លង​មក​ក៏​បាន​ក្លាយ​ជា​បញ្ហា​របស់​​អ្នក​វិនិយោគ​ថៃ នៅ​កម្ពុជា ខ្វះ​ធនធាន​មនុស្ស​​ដែល​មិន​អាច​ផ្គត់​ផ្គង់​ទំនិញ​ទាន់​តាម​តម្រូវ​ការ​ របស់​អតិថិជន​ជា​ដើម។

លោក ថាត់ឆះយ៉ុត ផាក់ឌី៖ «អ្នក​ធុរកិច្ច​ថៃ ដែល​មក​រក​ស៊ី​នៅ​កម្ពុជា បច្ចុប្បន្ន​ ជួប​ប្រទះ​​​បញ្ហា​​ពន្ធ។ ហើយ​រឿង​ទី​ពីរ គឺ​បញ្ហា​​កម្លាំង​ពលកម្ម ដោយសារ​តែ​កម្ពុជា​ មាន​បញ្ហា​រឿង​បាតុកម្ម គឺ​ធ្វើ​ឲ្យ​អ្នក​ផលិត​ពិបាក​ក្នុង​ការ​រក​កម្មករ​ដើម្បី​​ផលិត​ទំនិញ​ឲ្យ​ ទាន់​នឹង​អ្នក​កុម្ម៉ង់​ទិញ ដែល​បាន​កំណត់។»

​បន្ថែម​លើ​នេះ អគ្គនាយក​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា ងួន ម៉េងតិច បាន​ពន្យល់​ថា ទំនាក់ទំនង​ល្អ​រវាង​រដ្ឋាភិបាល​និង​រដ្ឋាភិបាល គឺ​ជា​ការ​​ទឹក​ចិត្ត​គាំទ្រ​ដល់​​អ្នក​វិនិយោគ​និង​ពាណិជ្ជកម្ម​កាន់​តែ​ ច្រើន​រវាង​ប្រទេស​កម្ពុជា។ លោក​បញ្ជាក់​ទៀត​ថា ការ​ចាប់​ដៃ​គូរ​ពាណិជ្ជកម្ម ឬ​ការ​វិនិយោគ​រវាង​ប្រទេស​ជិត​ខាង​គឺ​ប្រសើរ​ជាង​ធ្វើ​ពាណិជ្ជកម្ម​នៅ​ទី​ ឆ្ងាយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​វិស័យ​ឯកជន​និង​អ្នក​វិនិយោគ​បរទេស​ដែល​ប្រកប​ អាជីវកម្ម​ត្រឹម​ត្រូវ​នៅ​កម្ពុជា​វិញ បាន​រិះគន់​ថា បញ្ហា​ចម្បង​ដែល​រាំង​ស្ទះ​ដល់​ការ​ធ្វើ​អាជីវកម្ម​និង​វិនិយោគ​របស់​ពួក​គេ រួម​មាន​អំពើ​ពុក​រលួយ និង​របប​ការិយាធិបតេយ្យ​គ្មាន​ប្រសិទ្ធភាព​របស់​រដ្ឋាភិបាល៕




No comments:

Post a Comment