លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងប្រធានសមាគមអ្នកប្រជាធិបតេយ្យ/ RFI |
លោក ម៉ម សូណង់ដូ នៅតែ ធ្វើបាតុកម្ម ទោះជាក្រសួងព័ត៌មាន ថាអស់ហ្វ្រេកង់ ក៏ដោយ
RFI | ១៥ មករា ២០១៤
លោក ម៉ម
សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ នៅតែប្រកាសធ្វើបាតុកម្ម
ដើម្បីទាមទារឲ្យក្រសួងព័ត៌មានផ្តល់ ហ្វ្រេកង់វិទ្យុ និង
ហ្វ្រេកង់ទូរទស្សន៍សម្រាប់ផ្សាយបន្តទៅដល់ខេត្តនានា បើទោះបីជា
ក្រសួងព័ត៌មានប្រកាសថាពុំមានសល់ហ្វ្រេកង់វិទ្យុ និង
ទូរទស្សន៍សម្រាប់ផ្តល់ឲ្យក៏ដោយ។
បាតុកម្មនេះគ្រោងនឹងធ្វើនៅរៀងរាល់សប្តាហ៍ពីថ្ងៃចន្ទដល់ថ្ងៃ
សុក្រ និងចាប់ផ្តើមនៅថ្ងៃទី ២៧ មករាខាងមុខ។
លោកម៉ម សូណង់ដូ គ្រោងដឹកនាំបាតុកម្មជារៀងរាល់សប្តាហ៍ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ដែលនឹងចាប់ផ្តើមនៅថ្ងៃ ទី ២៧មករាខាងមុខនេះ។ បាតុកម្មនេះគឺដើម្បីទាមទារឲ្យក្រសួងព័ត៌មានផ្តល់ចំលើយឲ្យ ច្បាស់លាស់ជាងនេះ ទាក់ទងនឹងការដំឡើងហ្វ្រេកង់ផ្សាយបន្តនៃវិទ្យុសំបុកឃ្មុំទៅតាម បណ្តាខេត្ត។
លោក ម៉ម សូណង់ដូ បានដាក់លិខិតស្នើសុំធ្វើបាតុកម្មទៅលោកអភិបាលក្រុងភ្នំពេញ ប៉ា សុជាតិវង្ស កាលពីថ្ងៃចន្ទ។ នៅក្នុងលិខិតនោះ លោកម៉ម សូណង់ដូ បានបញ្ជាក់ថា លោកនឹងដឹកនាំបាតុករ ចំនួនតិចជាង ២០០ នាក់ ធ្វើបាតុកម្មរៀងរាល់សប្តាហ៍ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ដោយជួបជុំគ្នា នៅទីលានប្រជាធិបតេយ្យ។
បន្ទាប់មក ក្រុមបាតុករនឹងដង្ហែក្បួនបាតុកម្ម ឆ្ពោះទៅកាន់ក្រសួងព័ត៌មាន នៅវេលាម៉ោង ៨ ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់ ដើម្បីទាមទារឲ្យក្រសួងព័ត៌មាន អនុញ្ញាតឲ្យវិទ្យុសំបុកឃ្មុំ ដំឡើងកម្លាំងផ្សាយបន្តទៅតាមខេត្ត និងសុំហ្វ្រេកង់ សម្រាប់បង្កើតទូរទស្សន៍ ទៅតាមសំណូមពររបស់ប្រជាពលរដ្ឋរាប់លាននាក់។
ប៉ុន្តែ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារិទ្ធ នៅថ្ងៃអង្គារទី១៤មករាបានបញ្ជាក់ប្រាប់លោក ម៉ម សូណង់ដូ តាមរយៈលិខិតមួយច្បាប់ថា លោកមានការសោកស្តាយដោយពុំមានសល់ហ្វ្រេកង់វិទ្យុ និងទូរទស្សន៍ សម្រាប់ផ្តល់ជូនតាមការស្នើសុំរបស់វិទ្យុសំបុកឃ្មុំ FM 105 MHz នោះឡើយ។ ជំនួយការផ្ទាល់របស់លោក ម៉ម សូណង់ដូ និងជាអគ្គលេខាធិកា សមាគមអ្នកប្រជាធិបតេយ្យ លោកស្រី ហួន ផានណារី បានប្រាប់វិទ្យុបារាំងអន្តរជាតិថា ការឆ្លើយតបរបស់ក្រសួងព័ត៌គឺមានភាពអយុត្តិធម៌សម្រាប់វិទ្យុ សំបុកឃ្មុំ។ ហេតុដូច្នេះហើយបានជាលោក ម៉ម សូណង់ដូ នៅតែបន្តធ្វើបាតុកម្ម។
អ្នកនាំពាក្យរបស់សាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានប្រាប់វិទ្យុបារាំងនៅព្រឹកមិញនេះថា សាលាក្រុងបានទទួលលិខិតរបស់លោក ម៉ម សូណង់ដូរ ហើយ ហើយនៅរសៀលនេះ លោកប៉ា សុជាតិវង្ស នឹងធ្វើការសម្រេចចំពោះការស្នើសុំនេះ។
គួរបញ្ជាក់ថា លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ FM 105 MHz បានស្នើរសុំតំឡើង ហ្វ្រេកង់ផ្សាយបន្តទៅតាមខេត្ត ពីក្រសួងព័ត៌មានចំនួន៤ដងមកហើយ ចាប់តាំងពីឆ្នាំ ២០០៦មក ហើយ ក្រសួងព័ត៌មានតែងតែផ្តល់ចំលើយដដែលៗថា ក្រសួងព័ត៌មានពុំមានសល់ហ្វ្រេកង់សម្រាប់វិទ្យុសំបុកឃ្មុំឡើយ៕
No comments:
Post a Comment