លោក សម រង្ស៊ី អំពាវនាវ ឲ្យរដ្ឋាភិបាល បញ្ចប់ និទណ្ឌភាព ករណី លោក ជា វិជ្ជា
ដោយ៖ ណាត សុភាព / វិទ្យុ វីអូឌី | ថ្ងៃពុធ ទី22 ខែមករា ឆ្នាំ2014
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងក្នុងពិធីរំលឹកខួប១០ឆ្នាំសពលោកជា វិជ្ជា (រូបថត តាត ឧត្តម)
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ អំពាវនាវឲ្យរាជរដ្ឋាភិបាល ស្វែងរកចាប់ឃាតករពិតដែលបាញ់សម្លាប់លោក ជា វិជ្ជា និងជនរងគ្រោះផ្សេងទៀត យកទៅផ្ទន្តាទោស និងបញ្ចប់នូវរាល់និទណ្ឌភាពនៅកម្ពុជា។
នៅម៉ោងជាង៩ព្រឹកថ្ងៃអង្គារនេះ លោកសម រង្ស៊ី ប្រធាន និងលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានទៅចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា គម្រប់១០ឆ្នាំ នៅខាងលិចវិមានឯករាជ្យ រាជធានីភ្នំពេញ។
ក្នុងពិធីនោះ លោកសម រង្ស៊ី មានប្រសាសន៍ថា លោកជា វិជ្ជា គឺជាវិរកម្មករមួយរូប ដែលហ៊ានបូជាជីវិត ដើម្បីបុព្វហេតុកម្មករ ដោយលោកបានចេញមុខការពារប្រយោជន៍កម្មករ និងទាមទារដំឡើងប្រាក់ខែជូនកម្មករឲ្យបានសមរម្យ ប៉ុន្តែត្រូវបានឃាតករបាញ់សម្លាប់ដោយអយុត្តិធម៌។ លោកបានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ត្រូវស្វែងរកឃាតករពិតយកមកផ្តន្ទាទោសតាមច្បាប់ ដើម្បីកុំឲ្យមាននិទណ្ឌភាពនៅកម្ពុជា។ លោកសម រង្ស៊ី ក៏បានអំពាវនាវដល់រាជរដ្ឋាភិបាល បញ្ឈប់នូវការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ បង្ក្រាបទៅលើកម្មករដែលតវ៉ាទាមទារដំឡើងប្រាក់ខែ ដើម្បីការរស់នៅសមរម្យផងដែរ។
ពិធីរម្លឹកវិញ្ញាណក្ខន្ធលោក ជា វិជ្ជា នៅកន្លែងតាំងរូបសំណាក់របស់គាត់ (រូបភាពដោយ តាត ឧត្តម)
លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានខ្មាន់កាំភ្លើង មិនស្គាល់មុខ បាញ់ចំនួនបីគ្រាប់ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈពេលដែលលោកកំពុងឤនសារព័ត៌មាន នៅមុខតូបលក់កាសែតមួយ ជាប់នឹងរបងវត្តលង្កា ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ២០០៤។ លោក ជា មុនី ដែលជាប្អូនប្រុសរបស់លោក ជា វិជ្ជា ឲ្យដឹងថា រហូតមកដល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់ចាប់ឃាតករពិត ដែលបាញ់សម្លាប់បងប្រុសរបស់លោក យកទៅផ្តន្ទាទោសនៅឡើយទេ។ កន្លងមក សមត្ថកិច្ចបានចាប់ខ្លួនបុរស ២នាក់ គឺលោក សុខ សំអឿន និងលោក ប៊ន សំណាង បញ្ចូនទៅកាន់តុលាការ ប៉ុន្តែក្រោយមកត្រូវបានដោះលែងវិញ។ មន្ត្រីសង្គមស៊ីវិលជាតិ-អន្តរជាតិ និងគ្រួសារជនរងគ្រោះ បានចាត់ទុកបុរសទាំងពីរនាក់នេះថាជាឃាតកសិប្បនិម្មិត៕
No comments:
Post a Comment