Paris Peace Accords 23 Oct. 1991

Wednesday, January 8, 2014

ពលរដ្ឋ​ ខេត្ត​ព្រះវិហារ​ បារម្ភ​ ពី​វិនាសកម្ម​ ព្រៃ​ឈើ​ ដោយ​ការ​ផ្ដល់​ ដី​សម្បទាន​ សេដ្ឋកិច្ច

ពលរដ្ឋ​ ខេត្ត​ព្រះវិហារ​ បារម្ភ​ ពី​វិនាសកម្ម​ ព្រៃ​ឈើ​ ដោយ​ការ​ផ្ដល់​ ដី​សម្បទាន​ សេដ្ឋកិច្ច

ការ​ស្រាវជ្រាវ​ បាន​បង្ហាញ​ថា ចាប់​តាំង​ពី​ អំឡុង​ឆ្នាំ​២០០៩ រហូត​មក​ដល់​ បច្ចុប្បន្ន នៅ​ក្នុង​ខេត្ត​ព្រះវិហារ ទាំង​មូល គឺ​រដ្ឋាភិបាល​បាន​ផ្ដល់​ ដី​សម្បទាន​ សេដ្ឋកិច្ច​ ទៅ​ឱ្យ​ក្រុមហ៊ុន​ចំនួន​៣៤ ធ្វើ​ការ​វិនិយោគ​ ដំណាំ​កសិឧស្សាហកម្ម​ ផ្សេងៗ។ ការ​ផ្ដល់​ដី​សម្បទាន​ទាំង​នោះ ក្រៅ​តែ​ពី​ធ្វើ​ឱ្យ​ ប៉ះពាល់​ ដល់​ ដី​កម្មសិទ្ធិ​ របស់​ ប្រជាពលរដ្ឋ គឺ​វា​ថែម​ទាំង​ ប៉ះពាល់​ ដល់​ ធនធាន​ធម្មជាតិ​ ជាច្រើន​ប្រភេទ ទាំង​នៅ​លើ​ដី និង​ក្រោម​ដី។
ដោយ ហង្ស សាវយុត / វិទ្យុអាស៊ីសេរី | ០៨ មករា ២០១៤
តើ​ការ​ប៉ះពាល់​ទាំង​នោះ​បង្កើត​ចេញ​ជា​កង្វល់​អ្វី​ខ្លះ?
ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក៏​ដូច​ជា​សហគមន៍​ការពារ​ព្រៃ​ឈើ និង​ប្រជាពលរដ្ឋ នៅ​ក្នុង​ខេត្ត​ព្រះវិហារ កំពុង​ព្រួយ​បារម្ភ​ទៅ​លើ​បញ្ហា​ទំនាស់​ដីធ្លី​ដែល​មិន​មាន​ដំណោះស្រាយ រួម​ទាំង​ភាព​វិនាសកម្ម​ព្រៃ​ឈើ​កាន់​តែ​ហិនហោច​ទៅ នៅ​ពេល​ដែល​ខេត្ត​នេះ​មាន​ក្រុមហ៊ុន​កាន់​តែ​ច្រើន​ឡើងៗ ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច។
គេហទំព័រ​ជា​ភាសា​បរទេស​មួយ​ឈ្មោះ ខេមបូឌា អូផែន ឌីវីឡុបមែន (Cambodia Open development) បាន​ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​អំឡុង​ឆ្នាំ​២០០៩ រហូត​ដល់​ដើម​ឆ្នាំ​២០១៤ រដ្ឋាភិបាល​ខ្មែរ​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ជាង ២២​ម៉ឺន ៧​ពាន់​ហិកតារ ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ។
អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​កំពុង​ឃ្លាំ​មើល និង​ការពារ​សិទ្ធិ​មនុស្ស បាន​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​ទំនាស់​ដីធ្លី​ធំៗ​កំពុង​កើត​មាន​ក្នុង​ខេត្ត​ព្រះវិហារ ដូច​ជា​នៅ ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​គូលែន និង​ស្រុក​ជ័យសែន ជាដើម។
តំណាង​សហគមន៍​ជនជាតិ​ភាគ​តិច​កួយ នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ គឺ​អ្នកស្រី នួន ម៉ុន។ អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា ក្រុម​ជនជាតិ​ភាគ​តិច​ប្រមាណ ១៦០​គ្រួសារ នៅ​ភូមិ​ចំនួន​៣ កំពុង​ប្រឹងប្រែង​ការពារ​ដី​ដែល​ក្រុមហ៊ុន ឡាន ហ្វេង កំពុង​ឈូស​ឆាយ​រំលោភ​បំពាន។ ស្ត្រី​ដដែល​បញ្ជាក់​ថា ក្រុម​អ្នក​ភូមិ​បាន​នាំ​គ្នា​ទៅ​បោះ​ជំរំ ដើម្បី​ប្រឆាំង​ការ​ឈូស​ឆាយ​ដី​នោះ​ទៀត​ផង៖ «ក្រុមហ៊ុន​នៅ​តែ​ឈូស​រាល់​តែ​ថ្ងៃ ប៉ះ​ដី​ស្រែ ប៉ះ​ចម្ការ​បម្រុង សម្រាប់​ចម្ការ​វិល​ជុំ​របស់​ជនជាតិ​ដើម​ភាគ​តិច។ រំលើង កន្លង​មក​អស់​ច្រើន​ហិកតារ​ហើយ សល់​ពួក​ខ្ញុំ​ទៅ​ទប់ស្កាត់​ព្រឹក​មិញ គេ​ថា​គេ​ផ្អាក​សិន ចាំ​មើល​ថ្នាក់​លើ​ដោះស្រាយ»
សង្គម​ស៊ីវិល រួម​និង​សហគមន៍​ការពារ​ព្រៃ​ឈើ បាន​ឱ្យ​ដឹង​ថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ជាច្រើន​នោះ ក្រៅ​តែ​ពី​ប៉ះពាល់​លើ​កម្មសិទ្ធិ​ឯកជន​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​កន្លែង ក៏​នៅ​មាន​ការ​ប៉ះពាល់​ដល់​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ​រ៉ែ​ជាច្រើន​ប្រភេទ​ទៀត។
បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឈើ​កំពង់​ស្រណោះ នា​ភូមិ​កំពង់ស្រឡៅ១ នៃ​ស្រុក​ឆែប លោក គឿង ផន បាន​មាន​ប្រសាសន៍​ថា ជាច្រើន​ឆ្នាំ​មក​នេះ អ្នក​ភូមិ​របស់​លោក​បាន​ទទួល​ថែ​រក្សា និង​ការពារ​ព្រៃ​ទំហំ​ជាង ៣.១០០​ហិកតារ។ អ្នក​ភូមិ​ជាច្រើន​តែង​ចូល​ព្រៃ​រក​របរ​ចិញ្ចឹម​ជីវិត ក៏ប៉ុន្តែ​លោក​កំពុង​ព្រួយ​បារម្ភ​ខ្លាច​បាត់​បង់​ព្រៃ​សហគមន៍​នេះ​នៅ​ពេល​ដែល​មាន​ក្រុមហ៊ុន​ដី​សម្បទាន​កាន់​តែ​ច្រើន​ឡើងៗ​ចូល​ទៅ​ជិតៗ​តំបន់​នោះ៖ «ចេះ​តែ​កង្វល់​ហើយ ពីព្រោះ​វា​ខ្លាច​អត់​កន្លែង​រក​ស៊ី ពិសេស​ខាង​អនុផល​ព្រៃ​ឈើ​ហ្នឹង​ហើយ។ បើ​វា​រក្សា​ព្រៃ​សហគមន៍​បាន គឺ​យើង​ល្អ តែ​បើ​ថា​យើង​រក្សា​មិន​បាន​ទៀត ខ្លាច​គេ​ប្រគល់​ឱ្យ​ក្រុមហ៊ុន ព្រោះ​ថ្ងៃ​ដែល​គេ​ប្រគល់​ដី​ឱ្យ​សហគមន៍​ហ្នឹង ចៅហ្វាយ​ខេត្ត​លើក​ឡើង​ថា ពិត​មែន​តែ​ប្រគល់ ប៉ុន្តែ​បើ​រដ្ឋ​ត្រូវ​ការ គេ​ចង់​យក​វិញ​ថ្ងៃ​ណា​ក៏​បាន។ ហ្នឹង​ហើយ​បាន​ថា ចេះ​តែ​ព្រួយ​បារម្ភ​អា​រឿង​ហ្នឹង»
លោក ប៉ិក សោភ័ណ មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ព្រះវិហារ គឺ​មាន​នៅ​ជាច្រើន​ស្រុក ដូច​ជា​រវៀង ស្រុក​ជ័យសែន ស្រុក​ឆែប ស្រុក​សង្គមថ្មី ស្រុក​គូលែន និង​ត្បែងមានជ័យ។ លោក ប៉ិក សោភ័ណ បាន​បញ្ជាក់​ថា ដី​សម្បទាន​ជាច្រើន​កន្លែង​ក្រៅ​តែ​ពី​ប៉ះពាល់​លើ​កម្មសិទ្ធិ​ប្រជាពលរដ្ឋ បណ្ដាល​ឱ្យ​កើត​ជា​ជម្លោះ ពិបាក​ដោះស្រាយ ក៏​បាន​បំផ្លាញ​ដល់​ធនធាន​ធម្មជាតិ​ជាច្រើន​ទៀត៖ «កាល​ណា​ក្រុមហ៊ុន​ឆាយ​ដី​ទាំងអស់​ហ្នឹង គឺ​វា​ប៉ះពាល់​នឹង​ព្រៃ​ឈើ។ នៅ​ក្រុមហ៊ុន ឡាន ហ្វេង រួយ ហ្វេង យើង​បាន​ចូល​ទៅ​ដល់ គឺ​គំនរ​ឈើ​គរ​ទុក​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ហើយ​ដូច​ខាង​នៅ​ស្រុក​រវៀង នេះ គឺ​សុទ្ធ​ប៉ះពាល់​នឹង​ព្រៃ​សហគមន៍​ទៀត​តែ​ម្ដង។ នៅ​ខាង​ដី​រ៉ែ នេះ​វា​ប៉ះពាល់​ទៅ​លើ​ប្រពៃណី​ជន​ជាតិ​ភាគ​តិច ប៉ះពាល់​មុខ​របរ​របស់​គាត់»
មន្ត្រី​រដ្ឋាភិបាល​បាន​ផ្ដោត​លើ​សុទិដ្ឋិនិយម​ថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ គឺ​បាន​ផល​ចំណេញ ដូច​ជា​បាន​ចំណូល​ដែល​បង់​ពន្ធ​មក​ក្នុង​ថវិកា​រដ្ឋ និង​បាន​បង្កើត​មុខ​របរ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​មាន​ការងារ​ធ្វើ​ជាដើម។ ក៏ប៉ុន្តែ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​រក​ឃើញ​ថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ ភាគ​ច្រើន គឺ​មិន​បាន​សិក្សា​ឱ្យ​ដិត​ដល់​អំពី​ផល​ប៉ះពាល់​ទៅ​ដល់​ធនធាន​ធម្មជាតិ​របស់​ប្រទេស​ទេ។
អនុ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ចាន់ សុវ៉េត បាន​មាន​ប្រសាសន៍​ថា នៅ​តាម​បណ្ដា​ខេត្ត​ជាច្រើន​នៃ​ប្រទេស​កម្ពុជា ទំនាស់​ដីធ្លី​ខ្លះ​បាន​កើត​មាន និង​អូស​បន្លាយ​ជាច្រើន​ឆ្នាំ​មក​ហើយ តែ​មិន​ទាន់​ដោះស្រាយ។ លោក ចាន់ សុវ៉េត បាន​មាន​ប្រសាសន៍​ទៀត​ថា ខេត្ត​ព្រះវិហារ ដែល​មាន​ក្រុមហ៊ុន​ដី​សម្បទាន​ចំនួន​៣៤ នោះ ឃើញ​ថា​នៅ​តិច​ជាង​ខេត្ត​មួយ​ចំនួន​ទៀត ដូច​ជា​ខេត្ត​ក្រចេះ រតនគិរី កំពង់ធំ និង​កំពង់ចាម ជាដើម គឺ​មាន​រហូត​ដល់​ទៅ​ជាង ៥០​ក្រុមហ៊ុន​ឯណោះ។ ទោះ​យ៉ាង​ណា លោក ចាន់ សុវ៉េត ទទួល​ស្គាល់​ថា ខេត្ត​ព្រះវិហារ ថ្វី​ត្បិត​តែ​ចំនួន​ក្រុមហ៊ុន​ដី​សម្បទាន​តិចតួច​ជាង​ខេត្ត​ខ្លះ​ក៏ដោយ ក៏​ខេត្ត​នេះ​ជា​ខេត្ត​សម្បូរ​ព្រៃ​ឈើ​ទី​ពីរ បន្ទាប់​ពី​ខេត្ត​កំពង់ធំ ដែល​នៅ​សេសសល់​ចុង​ក្រោយ។
លោក ចាន់ សុវ៉េត ក៏​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​វិនាសកម្ម​ព្រៃ​ឈើ​នៅ​ខេត្ត​ព្រះវិហារ ដោយសារ​ដី​សម្បទាន​សេដ្ឋកិច្ច៖ «បើ​សិន​ជា​យើង​និយាយ​ខេត្ត​ព្រះវិហារ មួយ ដែល​ខ្ញុំ​ធ្លាប់​ទៅ​ព្រៃ​មើល​មិន​ឃើញ​ទេ។ តែ​ឥឡូវ យើង​មើល​ឃើញ​មេឃ​ល្ហល្ហេវ​ល្វឹងល្វើយ​តែ​ម្ដង ហើយ​ក៏​យើង​គិត​មើល​ដែរ​ថា ព្រះវិហារ ជា​ខេត្ត​មួយ​ដែល​មាន​ព្រៃ​ធំ​ជាង​គេ ក្រាស់​ជាង​គេ​បន្ទាប់​ពី​កំពង់ធំ មក។ ឥឡូវ​ខេត្ត​ហ្នឹង​ក៏​ទទួល​រង​ការ​កាប់​បំផ្លាញ​រុក​រាន​ព្រៃ​ឈើ​ស្ទើរ​តែ​អស់ ដោយសារ​តែ​ក្រុមហ៊ុន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ»
ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា គេ​តែង​តែ​សរសេរ​នៅ​ក្នុង​ទស្សនៈ​ទាន ក៏​ដូច​ជា​នៅ​ក្នុង​បទ​អត្ថាធិប្បាយ​ផ្សេងៗ ឬ​ក៏​លើក​ឡើង​នៅ​តាម​វេទិកា​សាធារណៈ និង​សិក្ខាសាលា​ផ្សេងៗ ដើម្បី​ដាក់​ជូន​ទៅ​រដ្ឋាភិបាល​ឱ្យ​ដឹង​អំពី​ក្ដី​ព្រួយ​បារម្ភ​របស់​សង្គម​ស៊ីវិល ជុំវិញ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​បាន​ធ្វើ​ឱ្យ​បាត់​បង់​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ​ជាច្រើន​នោះ។ កន្លង​ទៅ សង្គម​ស៊ីវិល ក៏​ធ្លាប់​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​ទៀត។
ប៉ុន្តែ ទន្ទឹម​នឹង​រដ្ឋាភិបាល​បញ្ឈប់​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ គឺ​វា​បាន​ដល់​ដំណាក់កាល​ដែល​អស់​ដី​សេសសល់​ទៅ​ហើយ រហូត​ដល់​រដ្ឋាភិបាល​កាត់​ដី​អភិរក្ស កាត់​ឧទ្យានជាតិ កាត់​ដី​ព្រៃ​ជម្រក​សត្វ​ទៅ​ឱ្យ​ក្រុមហ៊ុន​ស្ទើរ​តែ​អស់​មក​ដល់​ពេល​នេះ៕


No comments:

Post a Comment