ពលរដ្ឋ នៅកំពង់ស្ពឺ ប្ដឹង ទាមទារ ដីព្រៃសមូហភាព ជាង៤០០ហិកតា មកវិញ
តំណាងពលរដ្ឋនៅឃុំយាអង្គ លោក លីវ សារ៉ុម រស់នៅភូមិក្រវៀក បានថ្លែងនៅថ្ងៃទី២ មករា ថា ពួកគាត់សុំឲ្យអាជ្ញាធរខេត្តជួយដោះស្រាយចំពោះករណីដីព្រៃសហគមន៍ចំនួន ៤២១ហិកតារ ដែលសហគមន៍រក្សាទុកសម្រាប់អភិវឌ្ឍធនធានធម្មជាតិ និងប្រើប្រាស់រួម ដូចជា កន្លែងរកអុស កន្លែងឃ្វាលគោ និងជាតំបន់សក្ការបូជា ពីព្រោះតំបន់នោះជាស្ថានីយបុរាណវិទ្យាភ្នំព្រះ ប៉ុន្តែថ្មីៗនេះត្រូវពលរដ្ឋនៅភូមិព្រិចខ្ពស់ ក្នុងឃុំដដែលនេះ លួចលក់ឲ្យឈ្មួញដោយសម្ងាត់វិញ។ លោកថា នៅក្នុងពាក្យប្ដឹងដែលលោកបានដាក់ជូនឲ្យអភិបាលខេត្តជួយអន្តរាគមន៍នោះ ពាក់ព័ន្ធនឹងពលរដ្ឋចំនួន ១០នាក់ នៅភូមិផ្សេងៗគ្នា ក្នុងឃុំដដែល ដែលបានផ្ដិតមេដៃលក់ដីព្រៃសហគមន៍ឲ្យឈ្មួញ។
លោក លីវ សារ៉ុម បន្តថា មន្ត្រីសាលាខេត្តបានទទួលយកពាក្យប្ដឹងរបស់ពួកគាត់ហើយ។
ដីព្រៃសហគមន៍ដែលពលរដ្ឋជំរុញឲ្យសាលាខេត្តជួយអន្តរាគមន៍ចំនួន ៤២១ហិកតារនោះ គឺជាដីព្រៃមួយផ្នែកក្នុងចំណោមដីចំនួន ៩ពាន់ហិកតារ របស់គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ស៊ីធីម៉ាត កាលពីឆ្នាំ២០០៧។ ប្រជាពលរដ្ឋ ឲ្យដឹងថា កាលណោះពលរដ្ឋចំនួន ៥ភូមិ គឺភូមិក្រវៀក ភូមិពាណិជ្ជ ភូមិរំចេក ភូមិស្យា និងភូមិព្រិចខ្ពស់ បានទៅតវ៉ាដល់ថ្នាក់ជាតិ ហើយក្រោយមកមានអន្តរក្រសួងជួយអន្តរាគមន៍ និងកាត់ឲ្យពលរដ្ឋ ៤២១ហិកតារ ទុកជាដីព្រៃសមូហភាព៕
No comments:
Post a Comment