Paris Peace Accords 23 Oct. 1991

Thursday, January 2, 2014

លោក វន់ ពៅ និង​មនុស្ស​មួយ​ចំនួន​ទៀត​ ត្រូវ​បាន​ចាប់​ខ្លួន

លោក វន់ ពៅ និង​មនុស្ស​មួយ​ចំនួន​ទៀត​ ត្រូវ​បាន​ចាប់​ខ្លួន

អ្នក​នាំ​ពាក្យ​ កង​រាជ​អាវុធហត្ថ​ លើ​ផ្ទៃ​ប្រទេស លោក ខេង ទីតូ ឲ្យ​ដឹង​ នៅ​ថ្ងៃ​ទី​២ មករា ថា កង​អន្តរាគមន៍​ពិសេស​ ឆត្រ​យោង​លេខ​៩១១ បាន​ចាប់​ខ្លួន​ ក្រុម​បាតុករ ១៥​នាក់ ក្នុង​នោះ​មាន​ព្រះសង្ឃ ៥​អង្គ កំពុង​ឃុំឃាំង​​ នៅ​បន្ទាយ​កង​ឆត្រ​យោង​ លេខ​៩១១ ដើម្បី​សួរ​ចម្លើយ និង​រៀប​ចំ​ ឯកសារ​ ដើម្បី​ បញ្ជូន​ ទៅ​តុលាការ។
ដោយ វោហារ ជាតិ​ / វិទ្យុអាស៊ីសេរី | ០២ មករា ២០១៤
កម្មករ ប៉ូលិស ៦១០
លោក​ថា ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​គេ​ចាប់​ខ្លួន​នោះ គឺ​ប្រធាន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ និង​អ្នក​សម្រប​សម្រួល​សម្ព័ន្ធ​សមាគម​កសិករ​កម្ពុជា លោក ថេង សាវឿន។ ចំណែក​ការ​ចាប់​ខ្លួន​នេះ លោក​ថា គឺ​ដោយសារ​ក្រុម​បាតុករ​ទាំង​នោះ​ទៅ​អុក​ឡុក​កម្មករ​រោងចក្រ​មួយ​ចំនួន នៅ​ភូមិ​តាសេក សង្កាត់​កំបូល ខណ្ឌ​ពោធិ៍សែនជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ មករា។
លោក ខេង ទីតូ៖ «ខ្ញុំ​យល់​ឃើញ​ថា ការ​ប្រព្រឹត្ត និង​ការ​ទាមទារ​ខ្លះ​របស់​ក្រុម​កម្មករ ឬ​អ្នក​ដឹក​នាំ​ក្រុម​កម្មករ មាន​ការ​ជ្រុល​ហួស​ច្បាប់​ហួស​ព្រំដែន​របស់​ខ្លួន ឈាន​ដល់​ការ​រំលោភ​ច្បាប់ អ៊ីចឹង គឺ​ខាង​សមត្ថកិច្ច គឺ​ត្រូវ​តែ​អនុវត្ត​ច្បាប់​ការពារ​ផល​ប្រយោជន៍​សាធារណៈ»
ថ្ងៃ​ទី​២ មករា ឆ្នាំ​២០១៤ ជា​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី ដែល​ជា​ថ្ងៃ​កម្មករ​ភាគ​ច្រើន​បាន​សន្យា​កន្លង​មក​ថា ជា​ថ្ងៃ​ចាប់​ផ្ដើម​បន្ត​ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​ប្រាក់​ខែ​គោល ១៦០​ដុល្លារ​បន្ត​ទៀត​ក្នុង​ឆ្នាំ​ថ្មី បន្ទាប់​ពី​បាន​សម្រាក​ឆ្លង​បុណ្យ​ឆ្នាំ​ថ្មី​មួយ​ថ្ងៃ កាល​ពី​ថ្ងៃ​ទី​១ មករា។ ក្រុម​បាតុករ បាន​បាតុកម្ម​បិទ​ផ្លូវ​ជាតិ​លេខ​២ ម្ដុំ​ចាក់អង្រែ ផ្លូវ​ជាតិ​លេខ​៥ ខណ្ឌ​ឫស្សីកែវ ស្រប​ពេល​ដែល​កង​កម្លាំង​យោធា និង​ប៉េអិម ទាំង​ឡានៗ ត្រូវ​បាន​បញ្ជូន​ទៅ​ទប់ស្កាត់​កម្មករ​ធ្វើ​បាតុកម្ម​នៅ​តាម​រោងចក្រ​នានា ទាំង​នៅ​ក្នុង និង​ជាយ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ដដែល​នេះ។
ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ជាតិ និង​អង្គការ​សហប្រជាជាតិ ដែល​តាម​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នៅ​កន្លែង​កើត​ហេតុ បាន​អះអាង​ថា មក​ទល់​រសៀល​ថ្ងៃ​ដដែល ក្រុម​បាតុករ​ដែល​នៅ​សល់​ប្រមាណ ២.០០០​នាក់ នៅ​តែ​ប្រឈម​ជាមួយ​កង​ឆត្រ​យោង​លេខ​៩១១ ប្រហែល ១០០​នាក់ ប្រដាប់​ដោយ​ខែល និង​ដំបង​ឆក់ ដែល​ស្ថានភាព​តាន​តឹង​នេះ​នឹង​ឈាន​អាច​ទៅ​ដល់​ផ្ទុះ​អំពើ​ហិង្សា​ជា​ថ្មី​ម្ដង​ទៀត​បាន​ជា​យថាហេតុ។
មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​បង្ក្រាប​របស់​កង​ឆត្រ​យោង​លេខ​៩១១ ដោយ​វាយ​ដំ​ប្រើ​ហិង្សា​លើ​ក្រុម​បាតុករ ថា​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ដើម​ឆ្នាំ​២០១៤ នេះ៖ «ខ្ញុំ​គិត​ថា នេះ​ជា​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​ថា ទាហាន​មាន​សិទ្ធិ​ការពារ​ទឹក​ដី ជួយ​សង្គ្រោះ​ប្រជាជន​ពី​គ្រោះ​ទឹក​ជំនន់ ជួយ​ការពារ​ប្រជាជន ជួយ​ប្រជាជន​ពី​គ្រោះ​មហន្តរាយ»
លោក​បញ្ជាក់​ថា កង​ឆត្រ​យោង​លេខ​៩១១ គឺ​ទាហាន​ដែល​ជា​អ្នក​អនុវត្ត​បទ​បញ្ជា មិន​មែន​ជា​អ្នក​អនុវត្ត​ច្បាប់​ដូច​ជា​កង​ប៉ូលិស និង​ប៉េអិម ទេ ព្រោះ​ថា កាល​ណា​ទាហាន​អនុវត្ត​បទ​បញ្ជា​ពេល​ណា គឺ​ត្រូវ​តែ​ប្រើ​អំពើ​ហិង្សា​នៅ​ពេល​បង្ក្រាប​ម្ដងៗ ខុស​ពី​កង​ប៉ូលិស ឬ​ប៉េអិម ដែល​មាន​តួនាទី​អនុវត្ត​ច្បាប់ មិន​អនុញ្ញាត​ឲ្យ​ប្រើ​អំពើ​ហិង្សា។
សូម​រង់ចាំ​ស្ដាប់ និង​អាន​ព័ត៌មាន​នេះ​ពិស្ដារ...

No comments:

Post a Comment