Paris Peace Accords 23 Oct. 1991

Thursday, January 9, 2014

មេ​បក្ស​ សង្គ្រោះ​ជាតិ​ គ្រោង​ដើរ​ ប្រមូល​កម្លាំង​ ត្រៀម​​ ធ្វើ​បាតុកម្ម​ ឡើង​វិញ

មេ​បក្ស​ សង្គ្រោះ​ជាតិ​ គ្រោង​ដើរ​ ប្រមូល​កម្លាំង​ត្រៀម​​ ធ្វើ​បាតុកម្ម​ ឡើង​វិញ

មេដឹកនាំ​ គណបក្ស​សង្គ្រោះ​ជាតិ មាន​គម្រោង​ ចុះ​ទៅ​ជួប​ជាមួយ​ សកម្មជន និង​អ្នក​គាំទ្រ​ នៅ​ខេត្ត​ចំនួន​៣  នា​ភាគ​ពាយ័ព្យ​ ប្រទេស ចាប់​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​១២ មករា ដើម្បី​ លើក​ទឹក​ចិត្ត និង​ត្រៀម​ ប្រមូល​កម្លាំង​ ធ្វើ​បាតុកម្ម​ អហិង្សា​ ឡើង​វិញ។
ដោយ កែវ និមល / វិទ្យុអាស៊ីសេរី​ | ០៨ មករា ២០១៤
បក្ស​សង្គ្រោះ​ជាតិ ជួប​ជុំ​អ្នក​គាំទ្រ ៦១០
លោក សម រង្ស៊ី និង​លោក កឹម សុខា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ជាមួយ​អ្នក​គាំទ្រ​ប្រមាណ ២​ម៉ឺន​នាក់ នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៣។
Photo: RFA














អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៨ មករា ថា រូប​លោក​និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​រួម​ដំណើរ​ជាមួយ​គ្នា​ទៅ​ជួប​ជាមួយ​សកម្មជន និង​អ្នក​គាំទ្រ​នៅ​ខេត្ត​ចំនួន ៣ គឺ សៀមរាប បាត់ដំបង និង​បន្ទាយមានជ័យ៖ «ជួប​ជាមួយ​សកម្មជន​និង​ប្រជាពលរដ្ឋ ដើម្បី​បញ្ជាក់​ពី​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ពីព្រោះ​នៅ​ឆ្ងាយ ជួនកាល​ពួកគាត់​អត់​ទាន់​បាន​ទទួល​ព័ត៌មាន​ដូច​ខេត្ត​ជិត»
ការ​ធ្វើ​ដំណើរ​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ខេត្ត​៣ ស្ថិត​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​នេះ កើត​ឡើង​ក្រោយ​ពី​មាន​ការ​បង្ក្រាប​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ លើ​បាតុករ​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​៤ មករា និង​ការ​បង្ក្រាប​ទៅ​លើ​ការ​តវ៉ា​របស់​កម្មករ​កាត់​ដេរ នៅ​តំបន់​សួន​ឧស្សាហកម្ម តាម​ផ្លូវ​វ៉េងស្រេង កាល​ពី​ថ្ងៃ​៣ មករា បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ៤​នាក់ និង​របួស​ជិត ៤០​នាក់ ហើយ​មាន​ចាប់​ខ្លួន​ប្រមាណ ២៣​នាក់។
លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​បន្ថែម​ឲ្យ​ដឹង​ថា ចំពោះ​ការ​ប្រមូល​កម្លាំង​ធ្វើ​បាតុកម្ម​អហិង្សា​នោះ បើ​សិន​ជា​គ្មាន​ដំណោះស្រាយ ដូច​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ គឺ​ការ​ធ្វើ​បាតុកម្ម​ត្រូវ​តែ​បន្ត​ធ្វើ​ទៀត។ តែ​ចំពោះ​ពេល​វេលា​ជាក់លាក់​ថា ធ្វើ​នៅ​ពេល​ណា គឺ​មិន​ទាន់​កំណត់​នៅ​ឡើយ។ ប៉ុន្តែ​អ្នកស្រី មូរ សុខហួរ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​ថា ការ​ធ្វើ​បាតុកម្ម​តវ៉ា​អាច​ធ្វើ​ឡើង​វិញ​នៅ​ចុង​ខែ​មករា នេះ នា​ទីលាន​ប្រជាធិបតេយ្យ។
លោក កឹម សុខា៖ «ពីព្រោះ​យើង​យល់​ថា សភាពការណ៍​នេះ​មិន​អាច​អូស​បន្លាយ​ទៅ​ដល់​ចុង​ខែ​ទេ ហើយ​ទីលាន​ប្រជាធិបតេយ្យ គឺ​ជា​ទីលាន​សម្រាប់​យើង​ទាំង​អស់​គ្នា​បញ្ចេញ​មតិ។ ខ្ញុំ​សង្ឃឹម​ថា ចុង​ខែ​នេះ​នឹង​មាន​ការ​ប្រមូល​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ»
ទាក់ទង​ជាមួយ​ដីកា​កោះ​ហៅ​សាកសួរ​របស់​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ មករា លោក កឹម សុខា បាន​ឲ្យ​ដឹង​ថា លោក​ត្រៀម​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​តាម​ដីកា​កោះ​ហៅ​នោះ។ លោក​ពុំ​មាន​ការ​ភ័យ​ខ្លាច​ថា​មាន​ការ​ចាប់​ខ្លួន​ឡើយ។ កាល​ពី​ថ្ងៃ​ទី​៣ មករា ព្រះរាជអាជ្ញា​រង​តុលាការ​ក្រុង​ភ្នំពេញ លោក ហៀង សុភក្រ បាន​ចេញ​ដីកា​កោះ​ហៅ​អ្នក​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រធាន​សហជីព​មួយ​ចំនួន​ទៅ​សាកសួរ ទាក់ទង​បទ​ចោទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​នូវ​បទ​ឧក្រិដ្ឋ ឬ​ប្រព្រឹត្ត​អំពើ​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។
លោក សុក សំអឿន នាយក​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា តុលាការ​នៅ​ប្រទេស​កម្ពុជា ភាគ​ច្រើន​ឲ្យ​តែ​កោះ​ហៅ​សាកសួរ​តែងតែ​ចាប់​ខ្លួន ដូច្នេះ​ហើយ​បាន​ជា​អ្នក​ស្រុក​តែង​ប្រមូល​ផ្តុំ​គ្នា​ទៅ​តាម​ការពារ​មនុស្ស​ដែល​តុលាការ​កោះ​ហៅ​សាកសួរ។
លោក សុក សំអឿន ពន្យល់​ថា មន្ត្រី​តុលាការ​មាន​ទម្លាប់​ធ្វើ​បែប​នេះ ដោយសារ​ការ​ប្រព្រឹត្ត​បែប​នេះ ពួកគេ​ពុំ​មាន​ទោស​ឡើយ បើ​សិន​ជា​គេ​ឃុំ​មនុស្ស ហើយ​ក្រោយ​មក​ពុំ​រក​ឃើញ​ថា មាន​ភស្តុតាង និង​សាក្សី​ដាក់​បន្ទុក​ចោទ​ប្រកាន់​ទេ​នោះ។
លោក កែម ឡី អ្នក​វិភាគ​នយោបាយ​និង​សង្គម​កម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៨ មករា ថា វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន បាន​រីក​រាលដាល​ផុត​ពី​រឿង​មួយ​ទៅ​រឿង​មួយ​ទៀត​ជា​បន្តបន្ទាប់ ដែល​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​ជា​បន្ទាន់។ បញ្ហា​ដែល​កើត​មាន​ទាំង​នោះ ដូចជា​ជម្លោះ​គណបក្ស​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត បញ្ហា​ទាមទារ​ឡើង​ប្រាក់​ខែ​របស់​កម្មករ​រោងចក្រ​កាត់ដេរ និង​ការ​វែក​មុខ​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បាញ់​សម្លាប់​កម្មករ​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង​ជាដើម។
លោក កែម ឡី មាន​ជំនឿ​ថា បើ​សិន​ជា គណបក្ស​នយោបាយ​ដែល​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ទាំង ២ យល់​ព្រម​ជួប​ចរចា​គ្នា ហើយ​ដោះស្រាយ​ជាមួយ​គ្នា គឺ​បញ្ហា​ជា​ច្រើន​នឹង​ដោះស្រាយ​បាន៕


No comments:

Post a Comment