Paris Peace Accords 23 Oct. 1991

Wednesday, January 22, 2014

សហជីព​មួយ​ក្រុម​ ស្នើ ​ក្រសួង​ការងារ ចាត់​វិធានការ​ច្បាប់​ លើ​មេដឹកនាំ​ សហជីព​ដែល​ដឹកនាំ​ បាតុកម្ម​​

ដោយ៖​ ឡាយ សាមាន និងតាំង វីដា​ / វិទ្យុ វីអូឌី | ថ្ងៃពុធ ទី22 ខែមករា ឆ្នាំ2014


ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ពុធ​នេះ ស្នើឲ្យ​រដ្ឋមន្ត្រីក្រសួង​ការងារ ចាត់វិធានការ​ផ្លូវច្បាប់​លើ​សហជីព​មួយ​ចំនួន​ដោយ​មិន​បញ្ចេញ​ឈ្មោះ ដែល​សហជីព​នេះ ចោទថា បាន​ធ្វើ​កុប្បកម្ម ហិង្សា​ខុសច្បាប់ គំរាមដល់​សមាជិក​ផ្សេងទៀត ដែល​កំពុង​ធ្វើ​ការងារ​។​
​លិខិត​ផ្ញើជូន​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ហត្ថលេខា​ដោយ​ប្រធាន​សហជីព​ជាង ៦០ ចុះ​ថ្ងៃ​ទី​២២ ខែ​មករា​នេះ ឲ្យដឹងថា បន្ទាប់ពី​គណៈ​កម្មការ​​ប្រឹក្សា​ការងារ​ចេញ​សេចក្តីសម្រេច​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៣ ពាក់ព័ន្ធ​នឹង​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​រួចមក សហជីព​មួយ​ចំនួន បាន​ញុះញង់​គំរាមកំហែង​ដល់​កម្មករ​និយោជិត និង​សមាជិក​ខ្លួន​ បង្ក​ភាពវឹកវរ ចលាចល​ស្ទើរ​គ្រប់​ទីកន្លែង បណ្តាលឲ្យ​មាន​អំពើ​កុប្បកម្ម ហិង្សា​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​ឯកជន​។​
ក្នុង​លិខិត​នេះ អះអាងថា កម្មករនិយោជិត​ភាគច្រើន គឺ​ឯកភាព​ទទួលយក​ការដំឡើង​ប្រាក់​ឈ្នួល​គោល​អប្បបរមា ១០០​ដុល្លារ ហើយ​ស្នើ​ឲ្យ​ក្រសួង​មាន​សមត្ថកិច្ច អនុវត្ត​ច្បាប់​ម៉ឺង​ម៉ាត់​ចំពោះ​នីតិវិធី​ធ្វើ​កូដកម្ម បាតុកម្ម​ករ ដើម្បី​ការពារ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម ព្រមទាំង ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​មេដឹកនាំ និង​ជនដៃដល់ ដែល​បាន​ញុះញង់ គំរាម​កំ​ហែង​កម្មករ ប្រជា​ពលរដ្ឋ​ស្លូតត្រង់ អំឡុងពេល​ធ្វើ​កូដកម្ម បាតុកម្ម​ហិង្សា មក​ផ្តន្ទាទោស​តាមច្បាប់​។
​​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ឲ្យដឹងថា ក្រសួង​អាច​នឹង​ចាត់វិធានការ​តាម​ការស្នើ​នេះ លុះ​ណា​មាន​ភស្តុតាង​គ្រប់គ្រាន់ និង​ផ្អែកលើ​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច​។ ប៉ុន្តែ លោក​ទទួលស្គាល់ថា ទង្វើ​ញុះញង់​កម្មករ​ធ្វើបាតុកម្ម គឺ​ពិតជា​កើតមាន​ពិតមែន​កន្លងមកនេះ​ «​ជា​ទូទៅ​ក្រសួង​ទទួលយក​គ្រប់​នូវ​ឯកសារ​ផ្លូវការ របស់​អង្គការ សហជីព ទាំងអស់ ហើយ​អ្វី​ដែល​មាន​នៅក្នុង​ខ្លឹមសារ នៃ​សេចក្តីអំពាវនាវ​នេះ វា​អាស្រ័យ​ទៅលើ​ភាពជាក់ស្តែង ហើយ​វា​ក៏​អាស្រ័យ​ទៅលើ​រោងចក្រ​សហគ្រាស ដែល​លោក​ទទួល​រង​ផលប៉ះពាល់ ដោយសារ​ការ​ធ្វើ​កូដកម្ម បាតុកម្ម​នា​ពេល​កន្លង​នេះ ប្រសិន​ជា​គាត់​មាន​ភស្តុតាង​ណាមួយ​ច្បាស់លាស់ ថា​មាន​ជន​ណាមួយ ឬ​មួយ​ក៏​អង្គការ​សហជីព​ណាមួយ បាន​ប្រព្រឹត្ត​ខុសច្បាប់​»​។​
​កាលពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៣ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តីជូនដំណឹង ព្រមាន​ចាត់វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាក់ដឹកនាំ​សហជីព​ចំនួន​៥ និង​សមា​គម​១ ដោយ​ចោទ​ថា បាន​ញុះញង់​ដឹកនាំ​កម្មករ​ធ្វើ​បាតុកម្ម​ប្រឆាំង​សេចក្តីសម្រេច​របស់​ក្រសួង និង​បាន​គំរាមកំហែង បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​ជាដើម​។
​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ លោក អាត់ ធន់ ដែល​ធ្លាប់​ត្រូវ​បាន​រាយ​ឈ្មោះ ក្នុង​លិខិត​ព្រមាន​របស់​ក្រសួង​ការងារ យល់ថា ការស្នើសុំ​របស់​ក្រុមប្រឹក្សា​សហ​ជីព​ជាតិ​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក សោម អូន និង​លោក ជួន មុំ​ថុល គឺ​ធ្វើឡើង​ដើម្បី​បំបាក់ស្មារតី​កម្មករ ធ្វើបាតុកម្ម​តែប៉ុណ្ណោះ ព្រោះ​ថ្នាក់ដឹកនាំ​សហជីព​ទាំងនេះ មាន​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល និង​មាន​និន្នាការ​បម្រើ​ប្រយោជន៍​និយោជក ជាជាង​កម្មករ​ «​ចឹង​អ្វី​ដែល​ចេញ​លិខិត​មក​នេះ គឺ​ទាប់​ស្កាត់​ឫ​ក៏​មិន​ចង់ឲ្យ​សហជីព​យើង​បន្ដ​ការទាមទារ​ឲ្យ​កម្មករ​ទៅទៀត ចឹង​មានន័យ​ថា មិន​ចង់​ទាមទារ​ឲ្យ​កម្មករ​បា​ន​ច្រើន​មានតែ​ខ្លះ​ខាត់ អ្នកណា​ខ្លាច​ខាត​មានតែ​ន​យោជក ព្រោះ​និ​យោជក​ខ្លាច​ខាត ចឹង​មានន័យ​ថា គាត់​ទាំងអស់​ហ្នឹង​នៅក្រោម​និ​យោជក ចឹង​មានន័យ​ថា គាត់​ហ្នឹង​ជា​សហជីព​បម្រើ​និយោជក »​។​​
​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា ដែល​ធ្លាប់​រង​បទ​ចោទ​ពីបទ ករណី​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​អំពើ​បង្កឲ្យមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ក្រោយ​បាតុកម្ម កាលពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា លោក រ៉ុង ឈុន ថ្លែងថា លោក​មិន​ខ្វល់​នឹង​ការស្នើ​នេះឡើយ​។ លោក​យល់ថា កម្មករ​មាន​សមត្ថកិច្ច​ពេញលេញ យល់​ដឹង​អ្វី​ខុស​អ្វី​ត្រូវ​ដោយ​ខ្លួនឯង​។​
​បើទោះបីជា​បញ្ហា​ទាមទារ​ប្រាក់​ឈ្នួល ១៦០​ដុល្លារ មិនទាន់​ត្រូវបាន​ដោះស្រាយ​រួចរាល់​ក្តី រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក សាទ សាមុត ឲ្យដឹងថា ក្រសួង​ការងារ គ្រោង​នឹង​កោះប្រជុំ​ឡើងវិញ កម្រិត​ថ្នាក់​ជាតិ​លើកដំបូង ស្តីពី​ការរៀបចំ​កម្មវិធី​ជួបប្រជុំ​ស្តីពី​ការដំឡើង​ប្រាក់​ឈ្នួល​គោល ដល់​កម្មករ ជាមួយ​ភាគី​ពាក់ព័ន្ធ នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៤​នេះ​៕


No comments:

Post a Comment