តុលាការក្រុង បដិសេធ សំណើ បក្សប្រឆាំង សុំជួប សួរសុខទុក្ខ ជនជាប់ចោទ ២៣នាក់
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ជា សុខហៀង បដិសេធសំណើសុំជួបសួរសុខទុក្ខជនជាប់ចោទដែលឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង របស់គណបក្សសង្គ្រោះជាតិ។
ក្នុងលិខិតមួយដែល លោក ជា សុខហៀង ផ្ញើទៅប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២១ ខែមករា ឲ្យដឹងថា សំណើមកសាលាដំបូងរាជធានីភ្នំពេញ សុំឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ២០នាក់ ចូលទៅសួរសុខទុក្ខជនត្រូវចោទ ដែលឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង លោកដែលជាចៅក្រមស៊ើបសួរមិនអនុញ្ញាតតាមសំណូមពរទេ ហើយក្នុងលិខិត លោក ជា សុខហៀង ក៏មិនបានបញ្ជាក់ពីមូលហេតុដែលមិនអនុញ្ញាតនោះដែរ។
ការមិនអនុញ្ញាតនេះ ត្រូវបានអនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ យល់ឃើញថា ជាទង្វើផ្តាច់ការមួយ ហើយថា រដ្ឋាភិបាលកម្ពុជា កំពុងបោះជំហានដើរថយក្រោយនូវការអនុវត្តលទ្ធិប្រជាធិបតេយ្យ៖ «ក្នុងនាមជាអ្នកតំណាងរាស្ត្រជាប់ឆ្នោត សុំទៅជួបសួរសុខទុក្ខ បែរទៅជាមិនអនុញ្ញាតឲ្យបែបនេះ វាជាទង្វើមួយសបញ្ជាក់ឲ្យច្បាស់ណាស់ថា ប្រទេសកម្ពុជា កំពុងតែឈានទៅរបបផ្តាច់ការឈានទៅរកកាលៈទេសៈមួយ ដូចកាលពីទសវត្សឆ្នាំ៨០ ឡើងវិញ»។
អ្នកគ្រប់គ្រងបច្ចេកទេសអង្កេតនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត សម្ដែងការសោកស្ដាយចំពោះចៅក្រមស៊ើបសួរ ដែលមិនអនុញ្ញាតឲ្យគណៈប្រតិភូគណបក្សសង្គ្រោះជាតិ ទៅជួបសួរសុខទុក្ខជនត្រូវចោទទាំងនោះ។ លោកថា តាមច្បាប់ជនត្រូវចោទមានសិទ្ធិប្រាស្រ័យទាក់ទងជាមួយមេធាវី ជាមួយក្រុមគ្រួសារ និងមិត្តភក្ដិ វាលើកលែងតែការសួរសុខទុក្ខនោះ ធ្វើឲ្យប៉ះពាល់ដល់នីតិវិធីនៃការស៊ើបអង្កេតប៉ុណ្ណោះ ទើបខាងចៅក្រម ឬតុលាការបដិសេធមិនឲ្យជួបសួរសុខទុក្ខបាន៖ «បើសិនជាការសួរសុខទុក្ខបែបមនុស្សធម៌ នរណាក៏អាចជួបសួរសុខទុក្ខបានដែរ ក្នុងនាមមនុស្សស្គាល់គ្នា ដើម្បីសួរសុខទុក្ខ ហើយយើងគិតអំពីមនុស្សធម៌ និងការជួបជុំសិទ្ធិរបស់ពលរដ្ឋ ព្រោះគាត់ជាជនជាប់ចោទក៏ដោយ ក៏គាត់មានសិទ្ធិសេរីភាពដទៃដែរ លើកលែងតែមួយទេ គឺការឃុំខ្លួនគាត់ គាត់អស់សេរីភាពដើរហើរ តែសិទ្ធិផ្សេងទៀតគាត់នៅមានទាំងអស់។ យើងគួរតែចែកឲ្យដាច់ទៅ កុំគិតខ្លាចរអាទាក់ទងរឿងនយោបាយមកឡូកឡំពាក់ព័ន្ធរឿងមនុស្សធម៌»។
សកម្មជនសិទ្ធិមនុស្ស និងកម្មករ ២៣នាក់ ជាប់ចោទពីបទប្រើប្រាស់ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយចេតនាមានស្ថានទម្ងន់ទោស បទបិទផ្លូវសាធារណៈបង្កឲ្យខូចសណ្ដាប់ធ្នាប់សាធារណៈ និងបទប្រមាថ។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ក៏បានបដិសេធមិនឲ្យជនជាប់ចោទទាំងនោះនៅក្រៅឃុំបណ្ដោះអាសន្ន តាមការស្នើសុំរបស់មេធាវី និងក្រុមគ្រួសារ។ អង្គការសង្គមស៊ីវិល ចាត់ទុកការសម្រេចនោះ គឺបង្ហាញថា តុលាការនៅពុំទាន់មានឯករាជ្យនៅឡើយ ព្រោះសំណុំរឿងនេះបានពាក់ព័ន្ធនឹងរឿងនយោបាយ៕
No comments:
Post a Comment