Paris Peace Accords 23 Oct. 1991

Sunday, January 26, 2014

សមត្ថកិច្ច​ចម្រុះ បិទផ្លូវ​ ចេញចូល ទីលានប្រជាធិបតេយ្យ នៅព្រឹក​នេះ​


សមត្ថកិច្ច​ ដាក់ របាំង បិទផ្លូវ​ នៅចំណុច​ ស្ពាន​នាគ ក្បែរវត្ត​ភ្នំ នៅថ្ងៃទី​២៦​ ខែ​មករា​ នេះ (រូបថត ពេជ្រ សុធារី)

សមត្ថកិច្ច​ចម្រុះ បិទផ្លូវ​ ចេញចូល ទីលានប្រជាធិបតេយ្យ នៅព្រឹក​នេះ​


ដោយ៖​ ពេជ្រ សុធារី​ | ថ្ងៃអាទិត្យ ទី26 ខែមករា ឆ្នាំ2014

សមត្ថកិច្ច​ចម្រុះ​ជាច្រើន​រយ​នាក់ ត្រូវបាន​ដាក់ពង្រាយ និង​ដាក់រ​បាំង​បិទផ្លូវ​ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​នេះ ខណៈ​សហព័ន្ធ​សហជីព និង​សមាគម​​ទាំង​៩ គ្រោង​ធ្វើ​បាតុកម្ម​ទារ​ទារ​​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស ដីធ្លី និង​កម្មករ​២៣​នាក់ និង​ដំ​ទ្បើង​ប្រាក់​ឈ្នួល​កម្មករ​គ្រប់​វិស័យ​យ៉ាងតិច​១៦០​ដុល្លារ​ក្នុង​មួយខែ​។​
​នៅ​ព្រលឹមស្រាងៗ​​ថ្ងៃ​អាទិត្យ​នេះ គេ​សង្កេត​ឃើញ​​សមត្ថកិច្ច​ចម្រុះជា​ច្រើន​រយ​នាក់​ មាន​ប៉ូលិស​ចរាចរណ៍ ក្រុម​បង្ក្រាប​បាតុកម្ម និង​ក្រុម​ពាក់អាវ​ស៊ីវិល ដែល​ពាក់មួក​ខ្មៅ បាន​ឈរ​ត្រៀប​ត្រា និង​ដាក់​រនាំងដែក​បិទផ្លូវនៅ​ចំណុច​ស្ពាន​នាគ ក្នុង​សង្កាត់​វត្តភ្នំ និង​ផ្លូវ​មួយចំនួន​ទៀត ជុំវិញ​ទីលាន​ប្រជា​ធិបតេយ្យ ដោយ​មិន​អនុញ្ញាត​ឲ្យ​នណាម្នាក់​ចូល​ទៅ​កាន់ទី​នោះ​ទេ​។​
ការបិទផ្លូវ និង​ពង្រឹង​សន្តិសុខ​នេះ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នេះ ធ្វើឡើង​ខណៈ​ដែល​សហព័ន្ធ​សហជីព និង​សមាគម​ចំនួន ៩ ធ្វើការ​ជាមួយ​កម្មករ​គ្រប់​វិស័យ នៅ​ព្រឹក​នេះ គ្រោង​ធ្វើ​បាតុកម្ម​ដោយ​មាន​ការចូលរួម​ពី​កម្មករ អ្នករត់​ម៉ូតូឌុប អ្នក​រត់​ម៉ូតូ​កង់​បី អាជីវករ សិស្ស និស្សិត មន្ត្រីរាជការ និង​ពលរដ្ឋ​​ប្រមាណ​១០០០០​នាក់ តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស ដីធ្លី និង​កម្មករ​២៣​នាក់ និង​ដំ​ទ្បើង​ប្រាក់​ឈ្នួល​កម្មករ​គ្រប់​វិស័យ​យ៉ាង​តិច​​១៦០​ដុល្លារ​ក្នុង​មួយខែ​។​
តែ​ទោះជា​យ៉ាងណា កាលពី​ថ្ងៃ​ម្សិលមិញ សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​មួយ​ទៅ​ប្រធាន​សហព័ន្ធ​សហជីព និង​សមាគម​ទាំង​៩​នោះ មិន​អនុញ្ញាត​​​ឲ្យធ្វើ​បាតុកម្ម​នេះ​ទេ ហើយ​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាក់ដឹកនាំ​សហជីព​ទាំងនោះ ប្រសិនបើ​បាតុកម្ម និង​ការ​ដង្ហែ​ក្បួន​ណា​មួយ ធ្វើ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សង្គម និង​មាន​ការប៉ះទង្គិច​។ លិខិត​ដដែល បន្តថា រាជរដ្ឋាភិបាល​បាន​និង​កំពុង​ដំណើរកា​រ​ស្រាវជ្រាវ និង​ដោះ​ស្រាយ ចំពោះ​សំណើរ​នោះ​ហើយ ដោយ​សាលា​រាជធានី​ភ្នំពេញ ស្នើសុំ​ឲ្យមាន​ភាពស្ងៀមស្ងាត់ ទុក​ពេល​ឲ្យ​រាជរដ្ឋាភិបាល​ដោះស្រាយ​ទៅតាម​យន្ត​ការ​​របស់​ខ្លួន ដើម្បី​​រក្សា​នូវ​សណ្តាប់ធ្នាប់​សង្គម ជៀសវាង​កើត​មាន​ភាពចលាចល​​ក្នុង​សង្គម​ជា​ថ្មី​ឡើង​វិញ​ទៀត​៕



No comments:

Post a Comment