កម្មករបើកបដាទាមទារប្រាក់ខែគោល ១៦០ដុល្លារ នៅក្បែរទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៣០ ធ្នូ ឆ្នាំ២០១៣។
(រូបថត RFA / Mom Sophon)
សាលាក្រុង ហាម ក្រុមសហជីព ធ្វើបាតុកម្ម នៅថ្ងៃទី២៦មករា
អាជ្ញាធររាជធានីភ្នំពេញ ហាមឃាត់មិនឲ្យក្រុមសហជីពជួបជុំគ្នាធ្វើបាតុកម្មនៅថ្ងៃទី២៦ ខែមករា នោះទេ។ លិខិតជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ចុះហត្ថលេខាដោយអភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី២៥ ខែមករា បញ្ជាក់ថា សាលារាជធានីភ្នំពេញមិនអនុញ្ញាតឲ្យសហព័ន្ធសហជីព និងសមាគមទាំង៩ ធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យដែលគ្រោងថានឹងមានមនុស្សចូលរួមជាង ១ម៉ឺននាក់នោះទេ។
ដោយ វណ្ណ វិចារ / អាស៊ីសេរី | ២៥ មករា ២០១៤
លិខិតបន្តថា សំណើដែលកម្មករស្នើឡើងទាំងអស់ បានត្រូវរដ្ឋាភិបាលកំពុងពិនិត្យស្រាវជ្រាវ ដើម្បីឈានទៅរកដំណោះស្រាយ។ ហេតុដូចនេះ ក្រុមសង្គមស៊ីវិល ត្រូវតែអត់ធ្មត់ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ ជៀសវាងបង្កអសន្តិសុខសង្គម។
នៅចុងបញ្ចប់នៃសេចក្តីជូនដំណឹង សាលារាជធានីភ្នំពេញ បានព្រមានថា បើសិនមានការប៉ះទង្គិចណាមួយនោះ ក្រុមសង្គមស៊ីវិលត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ទោះយ៉ាងណាក៏ដោយ សង្គមស៊ីវិលបញ្ជាក់ថា បាតុកម្មនៅតែមានដដែលតាមការគ្រោងទុក។
សហព័ន្ធសហជីព និងសមាគមចំនួន៩ បានដាក់លិខិតជូនដំណឹងទៅកាន់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០ ខែមករា ដើម្បីធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលដោះលែងមនុស្សចំនួន ២៣នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ និងទាមទារដំឡើងប្រាក់ខែគោលកម្មករឲ្យបានចំនួន ១៦០ដុល្លារក្នុង១ខែ៕
No comments:
Post a Comment