ជាថ្មីម្តងទៀត នៅព្រឹកថ្ងៃចន្ទ ទី១៣មករានេះ ក្រុមអង្គការសមាគមជាតិ និងអន្តរជាតិ ចំនួន ៦៥ស្ថាប័ន បានរួមគ្នា អំពាវនាវដោយទទូច ដល់រាជរដ្ឋាភិបាលកម្ពុជា ត្រូវដោះលែងបាតុករ ជាប់ឃុំទាំង ២៣នាក់ ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ។ រដ្ឋាភិបាល ក៏ត្រូវបង្កើតគណៈកម្មាធិការស៊ើបអង្កេតឯករាជ្យមួយ ដើម្បីវែកមុខរកជន ដែលទទួលខុសត្រូវ លើអំពើហិង្សា ក្នុងការបង្ក្រាបបាតុកម្ម របស់កម្មកររោងចក្រ កាលពីថ្ងៃទី២ និងថ្ងៃទី៣មករា។
ជាមួយគ្នានោះ ក្នុងសន្និសីទកាសែត នៅព្រឹកមិញ ក្រុមអង្គការសង្គមស៊ីវិល ក៏បានអំពាវនាវដល់រដ្ឋាភិបាល ឲ្យផ្តល់សំណងជូនអ្នករងរបួស និងគ្រួសារ នៃអ្នកដែលត្រូវគេសម្លាប់។ រដ្ឋាភិបាល ក៏ត្រូវបញ្ឈប់ការប្រើអំពើហិង្សា និងកម្លាំងហួសហេតុ ក៏ដូចជាការចាប់ខ្លួនជនស៊ីវិល ដោយបំពាន និងផ្ទុយទៅវិញ ធានាឲ្យបាននូវការការពារអ្នករស់នៅកម្ពុជា។
លោកស្រី រស់ សុភាព ប្រធានអង្គការ យេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា ( GADC ) បានប្រកាសថ្កោលទោសយ៉ាងម៉ឹងម៉ាត់ចំពោះការប្រើប្រាស់កម្លាំងដ៏លើសលុបនិងយ៉ាងសាហាវការចាប់ខ្លួនដោយបំពានការសម្លាប់និងការប្រព្រឹត្តយ៉ាងអមនុស្សធម៌ដោយអាជ្ញាធរកម្ពុជា។
លោកស្រីរស់សុភាពក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិត្រូវចាត់វិធានការជាបន្ទាន់ទៅលើការប្រព្រឹត្តយ៉ាងអមនុស្សធម៌នោះលើប្រជាពលរដ្ឋកម្ពុជា។ក្នុងនោះសមាគមម្ចាស់រោងចក្រកាត់ដេរក៏ត្រូវបញ្ឈប់សកម្មភាពផ្លូវច្បាប់ប្រឆាំងនឹងសហជីពរោងចក្រកាត់ដេរផងដែរ។
ហាក់ដូចជាឆ្លើយតបនឹងក្រុមអង្គការសង្គមស៊ីវិលខាងលើរដ្ឋាភិបាលកាលពីថ្ងៃសុក្រទី១០មករាបានប្រកាសចេញនូវការបង្កើតគណៈកម្មការចំនួន៣ដើម្បីស្រាវជ្រាវនិងស៊ើបអង្កេតពាក់ព័ន្ធនឹងបាតុកម្មរបស់កម្មកររោងចក្រដែលនាំដល់ការបាញ់សម្លាប់មនុស្សយ៉ាងហោចណាស់៤នាក់របួសជាង៤០នាក់និងចាប់ខ្លួន២៣នាក់។ក្នុងនោះក៏មានការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរោងចក្រនិងទ្រព្យសម្បត្តិឯកជនជាច្រើនទៀត។រីឯការចាប់ខ្លួនបាតុករត្រូវមន្ត្រីរដ្ឋាភិបាលអះអាងថាជានីតិវិធីរបស់តុលាការដោយមិនមានការសម្របសម្រួលដោះលែងអ្វីឡើយ។
ប៉ុន្តែលោកសុកសំអឿនប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាបានលើកឡើងថាការស៊ើបអង្កេតក្នុងករណីបង្ក្រាបយ៉ាងហិង្សាលើបាតុកម្មកម្មកររោងចក្រកាលពីដើមខែមករានេះ ត្រូវតែធ្វើហើយគណៈកម្មការដែលរដ្ឋាភិបាលទើបតែបង្កើតថ្មីនោះបើមិនសូវឯករាជ្យនិងមិនសូវអព្យាក្រឹត្យទេនោះជាការបង្កើតឡើងដោយមិនបានការអ្វីទេ៕
No comments:
Post a Comment