លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ ជាមួយលោក កឹម សុខា ក្នុងអំឡុងជំនួប ចរចា រវាង គណបក្សទាំងពីរ ក្នុងពេលកន្លងមក។
សហគមន៍ អន្តរជាតិ ចង់ឲ្យកម្ពុជា ដោះស្រាយ ការគាំងដំណើរ ក្រោយការបោះឆ្នោត
VOA ថ្ងៃអង្គារ, ២១ មករា ២០១៤ភ្នំពេញ — សហគមន៍ អន្តរជាតិ បានបន្ត ដាក់សម្ពាធ ជាបន្តបន្ទាប់ កាលពីចុងសប្តាហ៍ មុនមក លើរដ្ឋាភិបាល កម្ពុជា ឲ្យដោះស្រាយ ការចោទប្រកាន់ ពីភាពមិនប្រក្រតី នៃបញ្ហាបោះឆ្នោត និងអំពើហិង្សា ក្រោយការបោះឆ្នោត នៅប្រទេសកម្ពុជា។
សម្ពាធនេះ កើតឡើង ស្របពេល ដែលមិនមាន ការចរចា ណាមួយ ចាប់ផ្តើមឡើងវិញ រវាង គណបក្ស ជាប់ឆ្នោត ទាំងពីរ, គឺ គណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន សភាអឺរ៉ុបដែលតំណាងឲ្យប្រទេសចំនួន២៨បានអំពាវនាវក្នុងសេចក្តី សម្រេចមួយក្រោយពីកិច្ចប្រជុំពេញអង្គឲ្យរដ្ឋាភិបាលកម្ពុជាទទួល យក «ការស៊ើបអង្កេតមួយឯករាជ្យដោយមានការចូលរួមពីអន្តរជាតិ» ដើម្បីដោះស្រាយការចោទប្រកាន់អំពីការបន្លំសន្លឹកឆ្នោតក្នុង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រកាលពីខែកក្កដាឆ្នាំ២០១៣។
នៅក្នុងសេចក្តីសម្រេចនោះសភាអឺរ៉ុបបានលើកពីកង្វល់របស់ខ្លួនចំពោះ ស្ថានភាពអ្នកការពារសិទ្ធិនិងសកម្មជនគណបក្សសង្គ្រោះជាតិនៅក្នុង ប្រទេសកម្ពុជានិងការចាប់ខ្លួនបាតករចំនួន២៣នាក់។
សភាអឺរ៉ុបអះអាងថាការចាប់ខ្លួនពួកគេ «ដោយអយុត្តិធម៌» ហើយស្នើសុំឲ្យដោះលែងពួកគេជាបន្ទាន់។
ដំណោះស្រាយរបស់សភាអឺរ៉ុបធ្វើឡើងមួយថ្ងៃប៉ុណ្ណោះក្រោយពីសភា សហរដ្ឋអាមេរិកបានអនុម័តសេចក្ដីព្រាងថវិកាថ្មី និងសម្រេចផ្អាកជំនួយមួយចំនួនដល់កម្ពុជា ដើម្បីដាក់កំហិតឲ្យរដ្ឋាភិបាលកម្ពុជាធ្វើការស៊ើបអង្កេតដោយឯករាជ្យ លើការចោទប្រកាន់អំពីការបោះឆ្នោតជាតិ។ ជំនួយនោះដែលផ្តោតលើជំនួយដោយផ្ទាល់សម្រាប់រដ្ឋាភិបាលក្រុង ភ្នំពេញ។
លោកយឹម សុវណ្ណ តំណាងរាស្រ្តជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិចាត់ទុកថា សេចក្តីសម្រេចខាងលើជាសារមួយរំលឹកដល់គណបក្សកាន់អំណាច។
«ពិភពលោកបានលើកឡើងក្នុងសម្លេងតែមួយ ការពារយុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរ។ជាពិសេសយុត្តិធម៌ជូនម្ចាស់ ឆ្នោត។គឺជាការបញ្ជូនសារទៅរដ្ឋាភិបាល ទៅគណបក្សប្រជាជនកម្ពុជាថារដ្ឋាភិបាល គណបក្សប្រជាជនមិនអាចធ្វើអ្វីបានតាមអំពើចិត្តបានទេ មិនអាចធ្វើអ្វីផ្ទុយពីឆន្ទៈនយោបាយរបស់ពិភពលោកបានទេ»។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ត្រីអះអាងថា នេះគ្រាន់តែជាការចង់បានពីសហគមន៍អន្តរជាតិតែប៉ុណ្ណោះ។ ហើយវាមិនមែនជាការដាក់សម្ពាធមកលើរដ្ឋាភិបាលឬគណបក្សកាន់អំណាច នោះទេ។
«អ្វីដែលលើកឡើងជាសម្ពាធខ្ញុំមើលមិនឃើញដូច្នេះទេ។ គ្រាន់តែជាឆន្ទៈមួយដែលយើងធ្វើការជាមួយគ្នាហើយគាត់យល់ច្រឡំ ពីអ្វីដែលជាការពិតនៃការវិវត្តនៅកម្ពុជាតែប៉ុណ្ណោះ។ ហើយការវិវាទនេះបានបញ្ចប់រួចទៅហើយដោយយើងបានដោះស្រាយតាម និតិវិធី។ ហើយអ្វីដែលគេចង់បានជារឿងមួយទៀតហើយយើងត្រូវពន្យល់គេបន្ថែម»។
យោងតាមលទ្ធផលបោះឆ្នោតដែលប្រកាសដោយគណកម្មាធិការជាតិរៀបចំការ បោះឆ្នោតបង្ហាញថាគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឈ្នះបាន៦៨អសនៈនិងគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ី និងលោកកឹម សុខា ឈ្នះបាន៥៥អសនៈក្នុងចំណោម១២៣អាសនៈនៃរដ្ឋសភា។
គណបក្សសង្គ្រោះជាតិបានច្រានចោលលទ្ធផលបោះឆ្នោតនេះដោយសំអាងថាមាន ភាពមិនប្រក្រតីជាច្រើនបានកើតឡើងក្នុងអំឡុងពេលបោះឆ្នោតហើយដែល ធ្វើឲ្យខ្លួនបាត់បង់សន្លឹកឆ្នោតដែលខ្លួនគួរតែឈ្នះលើគណបក្ស ប្រជាជន។ ហើយក្រោយពីតវ៉ាមិនបានសម្រេចគណបក្សជំទាស់បានដឹកនាំបាតុកម្មជា បន្តបន្ទាប់ដើម្បីទាមទារឲ្យការដោះស្រាយភាពមិនប្រក្រតីនិងឲ្យមាន ការបោះឆ្នោតឡើងវិញបន្ទាប់ពីការចរចារវាងគណបក្សទាំងពីរមិនបាន ឈានដល់កិច្ចព្រមព្រាងដែលអាចទទួលយកបានទាំងសងខាង។
រហូតមកទល់ពេលនេះសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកដែលជាម្ចាស់ជំនួយ សំខាន់របស់កម្ពុជាមិនទាន់បានប្រកាសជំហរទទួលស្គាល់ជាផ្លូវការនូវ លទ្ធផលនៃការបោះឆ្នោតនៅកម្ពុជាកាលពីជាងប្រាំខែមុននៅឡើយ។
លោកបណ្ឌិត ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការនិកហ្វិកដែលជាអង្គការឃ្លាំមើលការបោះឆ្នោត មួយនៅកម្ពុជាយល់ថាប្រតិកម្មរបស់សហគមន៍អន្តរជាតិនឹងជួយជំរុញឲ្យ មានដំណោះស្រាយនៅកម្ពុជា។
«ខ្ញុំគិតថា ប្រសិនបើពលរដ្ឋចង់ឲ្យមានការស៊ើបអង្កេតអ្វីមួយគួរតែត្រូវ អនុវត្តន៍ហើយការលើកឡើងរបស់សហគមន៍អន្តរជាតិដើម្បីឲ្យមានការស៊ើប អង្កេតក៏ជាចំណុចមួយដើម្បីជំរុញឲ្យខ្មែរនិងខ្មែរផ្សះផ្សាដោយភាព ប្រាកដនិយម»។
នៅក្នុងពេលនេះពុំមានការចរចាណាមួយរវាងគណបក្សប្រជាជនកម្ពុជានិង គណបក្សសង្គ្រោះជាតិនោះទេ។ ការចរចាបានជាប់គាំងចាប់តាំងពីខែកញ្ញាឆ្នាំ២០១៣មកម្ល៉េះ៕
No comments:
Post a Comment