អង្គការ ជាង៤០ ស្នើCPP ទទួលយក ការបោះឆ្នោតឡើងវិញ បើមិនចង់ចាញ់ អាណត្តិក្រោយ
Photo: The Telegraph |
ដោយ៖ តាំង វីដា និង អ៊ឹង ប៊ុនថន / វិទ្យុវីអូឌី | ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014
បន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោត ឆ្នាំ២០១៣ ដែលមានសមាជិកជាង៤០អង្គការ នៅថ្ងៃសុក្រនេះ ស្នើឲ្យគណបក្សប្រជាជនកម្ពុជា ទទួលយកការស្នើឲ្យបោះឆ្នោតឡើងវិញ មុនបញ្ចប់អាណត្តិយ៉ាងយូរ ក្នុងឆ្នាំ២០១៥ ក្រោយកំណែទម្រង់ការបោះឆ្នោតរួចរាល់។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤នេះ នាយកប្រតិបត្តិគណៈកម្មាធិការខុមហ្វ្រែល លោក គល់ បញ្ញា ថ្កោសទោសចលនាបង្ក្រាបបាតុកម្ម ដោយកម្លាំងប្រដាប់អាវុធ ទៅលើបាតុករ ជាប្រជាពលរដ្ឋនិងកម្មករ គឺឆ្លុះបញ្ចាំងពីរដ្ឋាភិបាល ដែលគ្មាននីត្យានុកូលភាព។ លោកថា បើរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅតែបន្តដឹកនាំរយៈពេល ៥ឆ្នាំនេះ ក្រោមការបង្ក្រាបដោយកម្លាំងលើការរាល់ការតវ៉ា និងមិនទទួលយកការបោះឆ្នោតឡើងវិញទៀតនោះ នឹងនាំឲ្យគណបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោតជាប្រាកដនៅអាណត្តិក្រោយ ៖
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ចាត់ទុកថា បើទោះបីជាគណបក្សប្រជាជនកម្ពុជា ចង់បានការចរចាលើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតសម្រាប់អាណត្តិក្រោយ តែគណបក្សសង្គ្រោះជាតិ ទាមទារបោះឡើងវិញនៅអាណត្តិទី៥នេះក្តី តែគោលជំហររបស់គណបក្សទាំងពីរនេះ គឺសុទ្ធតែ បញ្ជាក់ពីការព្យាយាមរកមធ្យោបាយក្នុងការដោះស្រាយការជាប់គាំងនយោបាយ ៖
តើមូលហេតុអ្វី ដែលគណបក្សប្រជាជនកម្ពុជា នៅតែប្រកាន់ជំហរ មិនទទួលយកការទាមទារបោះឆ្នោតឡើងវិញ?
ក្នុងបទសម្ភាសន៍ជាមួយVOD មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បញ្ជាក់ថា លុះណាតែមានការជជែកពិភាក្សាត្រឹមត្រូវ ពីឫសគល់នៃបញ្ហាធ្ងន់ធ្ងរ ទើបអាចឈានដល់ការសម្រេចបោះឆ្នោតឡើងវិញ។ លោកយល់ថា ការបោះឆ្នោតនៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ គឺប្រព្រឹត្តដោយគ្មានហិង្សា និងត្រឹមត្រូវ ព្រមទាំងទទួលការគាំទ្រច្រើនសហគមន៍បរទេស ដែលគ្មានមូលហេតុ ត្រូវបោះឡើងវិញឡើយ ៖
នៅថ្ងៃទី២ ខែមករាម្សិលមិញនេះ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ ផ្អាកគម្រោងចរចាជាមួយក្រុមការងារតំណាងគណបក្សប្រជាជនកម្ពុជា ដែលគ្រោងធ្វើនៅព្រឹកថ្ងៃសុក្រនេះ ដោយសារតែសមត្ថកិច្ចប្រើហិង្សាមកលើកម្មករ និងចាប់ព្រះកាយព្រះសង្ឃ តំណាងសហជីពកម្មករមួយចំនួនទៀត ដែលទាមទារដំទ្បើងប្រាក់ឈ្នួល។ គណបក្សសង្គ្រោះជាតិ បានថ្កោលទោសសមត្ថកិច្ចក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ដែលប្រើហិង្សាបង្ក្រាបមកលើបាតុករអហិង្សា រំលោភកិច្ចព្រមព្រៀងរវាងគណបក្សទាំងពីរ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣។
តបនឹងរឿងនេះ គណបក្សប្រជាជនកម្ពុជា ក៏បានថ្កោសទោសវិញ ដោយសំអាងថា ការប៉ះទង្គិចគ្នានោះ គឺកើតចេញពីការអុជអាលញុះញង់របស់គណបក្សសង្គ្រោះជាតិ។ ការផ្អាកការចរចានេះ គណបក្សប្រជាជនកម្ពុជា ចាត់ទុកថា ជាការសបញ្ជាក់ពីការខ្វះសុឆន្ទៈ ក្នុងការស្វែងរកដំណោះស្រាយនយោបាយ តាមរយៈការចរចា៕
No comments:
Post a Comment