HRW៖ ការបោះឆ្នោត មិនត្រឹមត្រូវ នៅកម្ពុជា ជំរុញ ឲ្យមាន ការតវ៉ា មកទល់ថ្ងៃនេះ
សេចក្ដីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ដែលចេញផ្សាយនៅថ្ងៃទី២១ មករា បានសរសេរថា ការបោះឆ្នោតមិនត្រឹមត្រូវនៅកម្ពុជា ជំរុញឱ្យមានការតវ៉ា ហើយការបង្ក្រាបអ្នកការពារសិទ្ធិមនុស្ស និងការរឹបអូសយកដីធ្លីនៅតែបន្ត។
លោក ប្រែដ អាដាម (Brad Adams) នាយកប្រតិបត្តិតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ (Human Rights Watch)។
Photo courtesy of Human Rights Watch
នាយកប្រតិបត្តិអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំអាស៊ី គឺលោក ប៊្រែដ អាដាម ត្រូវបានស្រង់សម្ដីក្នុងសេចក្ដីថ្លែងការណ៍ថា ពលរដ្ឋកម្ពុជា បានបង្ហាញឆន្ទៈកាន់តែខ្លាំងឡើងៗក្នុងការអនុវត្តសិទ្ធិមូលដ្ឋានរបស់គេ ប្រឈមនឹងបក្សកាន់អំណាចគ្មានឆន្ទៈគោរព៖«បណ្ដាប្រទេសផ្ដល់ជំនួយមកកម្ពុជា ភាគច្រើនដែលជាអ្នកផ្ដល់ថវិកាដល់រដ្ឋាភិបាល នៅតែមើលមិនឃើញនូវអំពើអាក្រក់របស់រដ្ឋាភិបាលកម្ពុជា រួមមាន ការគ្រប់គ្រងមិនល្អ អំពើពុករលួយ និងការបង្ក្រាបគាបសង្កត់ជាប្រចាំ ដែលប្រជាពលរដ្ឋកម្ពុជា តែងសម្ដែងការខកចិត្តមែនទែន»។
លទ្ធផលផ្លូវការនៃការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣ បានធ្វើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចយូរ មកកាន់អំណាចបន្តទៀត។ ការចោទប្រកាន់ដែលអាចឱ្យជឿបានអំពីភាពមិនប្រក្រតីក្នុងការបោះឆ្នោត ចេះតែបន្ត ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនបានស៊ើបអង្កេត បានធ្វើឱ្យមេបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដឹកនាំមហាបាតុកម្មជាញឹកញាប់។ កងកម្លាំងសន្តិសុខ បានប្រើកម្លាំងហួសហេតុបង្ក្រាបការតវ៉ា និងភាពចលាចលទាំងនេះ។
គណបក្សប្រជាជនកម្ពុជា បានឆ្លើយតបភាពចលាចលក្រោយការបោះឆ្នោត ដោយកាយវិការលួងលោមមជ្ឈដ្ឋានសាធារណៈ និងអន្តរជាតិខ្លះៗ។ ឧទាហរណ៍ តុលាការបានដោះលែងជាបណ្ដោះអាសន្នអ្នកការពារដីធ្លីលេចធ្លោមួយរូប គឺអ្នកស្រី យ៉ោម បុប្ផា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣។ ក៏ប៉ុន្តែ ការដោះលែងនេះនៅតែទុកឱ្យគាត់ជាប់ពិរុទ្ធដដែល។
សេចក្ដីថ្លែងការណ៍បានបញ្ចប់សេចក្ដីដោយប្រសាសន៍ លោក ប៊្រែដ អាដាម ថា បក្សប្រជាជនកម្ពុជា មិនទាន់ត្រៀមខ្លួនរួចស្រេចសម្រាប់កែទម្រង់ទេ៖«កាយវិការរបស់មនុស្សស្មោះស្ម័គ្រនឹងគណបក្សប្រជាជនកម្ពុជា រួមមានទាំងអំពើហិង្សា និងការគំរាមកំហែងកាន់តែខ្លាំងៗនេះ ជាការបង្ហាញថា គណបក្សនេះមិនបានត្រៀមខ្លួនរួចរាល់សម្រាប់ធ្វើកំណែទម្រង់ទេ។ ប៉ុន្តែ ផ្ទុយទៅវិញ វាជាភស្តុតាងដែលបញ្ជាក់ថា សម្ពាធអន្តរជាតិត្រូវការជាចាំបាច់ ដើម្បីនាំយកការផ្លាស់ប្ដូរផ្នែកសិទ្ធិមនុស្ស»។
មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រតិកម្មថា រដ្ឋាភិបាលមិនមានអ្វីចម្លែកទេនឹងសេចក្ដីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ នោះ៖ «គ្មានអ្វីចម្លែក ឬភ្ញាក់ផ្អើលចំពោះរបាយការណ៍ ឬពាក្យសម្ដីហ្នឹងទេ។ អាហ្នឹងជាប្រវត្តិរបស់អង្គការហ្នឹងហើយ។ អង្គការហ្នឹងមានទិសដៅផ្ទុយពីអ្វីដែលយើងកំពុងតែពង្រឹងលទ្ធិប្រជាធិបតេយ្យ ដែលដោះស្រាយទៅតាមច្បាប់ និងនីតិរដ្ឋដែលយើងមាន។ ហើយការគ្រប់គ្រងស្ថានភាពឱ្យវិលត្រឡប់មកវិញនូវស្ថិរភាព នូវសណ្ដាប់ធ្នាប់សាធារណៈ ផ្ដល់ភាពសុខក្សេមក្សាន្តដល់មហាជននៅទីក្រុងភ្នំពេញ ហើយធ្វើឱ្យផ្លូវសាធារណៈក្លាយទៅផ្លូវមួយ ដែលអាចធ្វើដំណើរបានដោយសេរី ធ្វើឱ្យរោងចក្រក្លាយទៅជាផលប្រយោជន៍របស់កម្មករ និងនិយោជក ដែលគេកំពុងតែធ្វើការ កំពុងតែជជែកគ្នា អំពីការគិតគូរប្រាក់ដំណាច់ទីបំផុតរបស់គេ នេះហើយជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលដែលមានចែងនៅក្នុងច្បាប់»។
ទន្ទឹមគ្នានឹងសេចក្ដីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ជាភាសាអង់គ្លេសថា ស៊ី.ស៊ី.អេច្ឆ.អ (CCHR) នៅថ្ងៃទី២១ មករា ក៏បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួនមួយដែរ ដោយអំពាវនាវឱ្យអាជ្ញាធរលុបចោលជាបន្ទាន់នូវការហាមប្រាមមិនឱ្យជួបប្រជុំ ការធ្វើបាតុកម្ម និងការហែក្បួននានា រហូតដល់ពេលសណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខ វិលមករកភាពធម្មតាវិញ។
ការចេញសេចក្ដីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា គឺបន្ទាប់ពីមានការឃាត់ខ្លួនសកម្មជន ១១នាក់ ដែលក្នុងនោះមាន លោក រ៉ុង ឈុន ផង កាលពីព្រឹកថ្ងៃទី២១ មករា៕
No comments:
Post a Comment