Paris Peace Accords 23 Oct. 1991

Wednesday, January 22, 2014

គណបក្ស​ សង្គ្រោះ​ជាតិ​៖ មិន​មាន​ ការលុបចោល​ គម្រោង​ ជួប​សំណេះសំណាល​ ជាមួយ​ពលរដ្ឋ​ ទៀត​ទេ​​

គណបក្ស​ សង្គ្រោះ​ជាតិ​៖ មិន​មាន​ ការលុបចោល​ គម្រោង​ ជួប​សំណេះសំណាល​ ជាមួយ​ពលរដ្ឋ​ ទៀត​ទេ​​


ដោយ៖​ ជន ស្រីណុច​ / វិទ្យុ វីអូឌី | ថ្ងៃពុធ ទី22 ខែមករា ឆ្នាំ2014

លោក​កឹម សុខា អនុប្រធាន​គណបក្ស​​សង្គ្រោះជាតិ ថ្លែង​នៅក្នុង​ពិធី​រំលឹក​ខួប​សព​លោកជា វិជ្ជា នៅ​ថ្ងៃ​ទី​២២​ខែ​មករា (រូបថត តាត ឧត្តម)
ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា នឹង​មិន​មាន​ការលើក​ពេល​ចុះជួប​សំណេះសំណាល​ ជាមួយ​ពលរដ្ឋ​នៅតាម​មូលដ្ឋាន​ទៀត​ទេ ប្រសិនបើ​មាន​ដូច​ករណី​កើតឡើង​ដូច​នៅ​ឃុំ​ត្រើយ​ស្លា កាលពី​រសៀល​ថ្ងៃ​អង្គារ​ម្សិលមិញ ខ្លួន​នឹង​រាយការណ៍​ទៅ​អន្តរជាតិ​ឲ្យបាន​ដឹង ពី​ទង្វើ​របស់​មនុស្ស​ក្រោម​ឱវាទ​លោក​ហ៊ុន សែន។​
​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ពេល​ជួប​សួរសុខទុក្ខ​ប្រជាពលរដ្ឋ នៅ​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល នៅ​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ បន្ទាប់ពី​ដឹង​ថា សមត្ថកិច្ច​រាប់រយ​នាក់ ត្រៀម​រារាំង ការជួប​សំណេះសំណាល​នោះ​។​
​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ប្រាប់​VOD នៅ​ព្រឹក​ថ្ងៃ​ពុធ នេះ​ថា គណបក្ស​របស់​លោក នៅតែ​បន្ត​ជួប​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត បើទោះបីជា​មាន​ការរារាំង​បែបណាក៏ដោយ​។ លោក​បន្តថា ការ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ លើក​ពេល​កាល​ពី​ម្សិលមិញ មិនមែន​បង្ហាញ​ពី​ភាពកំសោយ​របស់​គណបក្ស​លោក​ទេ ផ្ទុយទៅវិញ​កាន់តែ​បញ្ជាក់ថា រដ្ឋាភិបាល​លោក​ហ៊ុន សែន​ កាន់តែ​ខ្សោយ​ទៅៗ​។​
​លោក កឹម សុខា អំពាវនាវ​ទៅ​ដល់​ក្រុមមនុស្ស​ដែល​អួតអាង​ថា ជា​មនុស្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ពិចារណា​ឡើងវិញ ហើយ​សុំ​បញ្ឈប់​នូវ​ទង្វើ​របស់​ខ្លួន ដែល​កាត់​តែ​នាំ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​គេ​យល់​ថា រដ្ឋាភិបាល​លោក​ហ៊ុន សែន កាន់តែ​សាង​អំពើអាក្រក់​ផ្ទុយ​នឹង​ច្បាប់​ច្រើន​ទៅៗ ។​
​អ្នកវិភាគ​នយោបាយ លោក សុខ ទូច មានប្រសាសន៍ថា នេះ​ជា​រឿង​មួយ​ដែល​ទទួល​បាន​ប្រសិទ្ធភាព បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​សេចក្តីថ្លែងការណ៍​ទៅ​អ្នកគាំទ្រ​ខ្លួន កាលពី​ពេល​ថ្មីៗ​នៅ​ខេត្ត​ក្រចេះ។ លោក​បន្តថា ការ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ចេះ​គិត​មិន​តបត​ដោយ​អំពើ​ហិង្សា​បែបនេះ គឺជា​ចំណុច​ល្អ ប៉ុន្តែ​ក៏​ជា​កំសោយ​មួយ​របស់​បក្ស​ប្រឆាំង​ដែរ នៅពេល​ដែល​ឃើញ​សត្រូវ​ចូល​ជិត​ភ្លាម មិនទាន់​សិក្សា​ឲ្យបាន​ច្បាស់​ផង ថា​ជា​ប្រជាពលរដ្ឋ ឬ​កងកម្លាំង​ជាតិ ក៏​នាំគ្នា​រត់គេច​អស់ ដោយ​មិន​ព្រម​ប្រឈមនឹង​ការ​ពិត។ លោក​បន្ថែមថា​ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រើ​កងកម្លាំង​មក​ដូច្នេះ​មែន គឺជា​រឿង​ដែល​ខុសច្បាប់​។​
​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ភូមិ​កុមារ អេស អូ អេស ខេត្ត​ក្រចេះ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​មករា​នេះ ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន មានប្រសាសន៍ថា ដើម្បី​រក្សា​ប្រក្រតីភាព​នៃ​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច និង​សង្គម ក្នុង​គោលដៅ​ដំណើរការ​គ្រប់គ្រង​រដ្ឋ​ស្រប​តាម​រដ្ឋធម្មនុញ្ញ រដ្ឋាភិបាល នឹង​ចាត់​រាល់​វិធានការ បង្ក្រាប​លើ​រាល់​សកម្មភាព ដែល​មាន​លក្ខណៈ​ប្រឆាំង​នឹង​រដ្ឋធម្មនុញ្ញ​។​
​កាល​ពី​ម្សិលមិញ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ មានប្រសាសន៍ថា លោក​មិន​ដឹង ពី​ការត្រៀម​ដាក់​កម្លាំង​សមត្ថកិច្ច​រារាំង​លោក សម រង្ស៊ី នោះទេ​។ លោក​បង្វែរ​សំណួរ​អ្នកសារព័ត៌មាន ឲ្យទៅ​សួរ​អធិការនរគបាល​ស្រុក​ស្អាង​។ VOD មិនអាច​សុំ​ការបំភ្លឺ​ពី​អធិការ​នរគ​បាល​ស្រុក​ស្អាង លោក សេង សុជាតិ បានទេ​៕


No comments:

Post a Comment