IRI៖ «ប្រទេស ត្រូវការ ការផ្លាស់ប្តូរ» ជាកត្តាសំខាន់បំផុត សម្រាប់ អ្នកបោះឆ្នោត កាលពីខែកក្កដា ឆ្នាំ២០១៣
ដោយ៖ ស៊ុន ណារិន / វីអូឌី | ថ្ងៃសុក្រ ទី24 ខែមករា ឆ្នាំ2014
របាយការណ៍របស់វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ(IRI) រកឃើញថា កត្តាដែលពលរដ្ឋសម្រេចចិត្តក្នុងការជ្រើសរើសគណបក្សណាមួយដឹកនាំប្រទេស នៅពេលទៅបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០១៣ គឺការការចង់ផ្លាស់ប្តូរប្រទេស។
របាយការណ៍សិក្សាមួយរបស់IRI ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី២៨ខែតុលា ដល់ថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០១៣ បន្ទាប់ពីការបោះឆ្នោត ក្នុងចំណោមមនុស្ស២០០០នាក់ ដែលមកពី២៤ខេត្តរាជធានីទូទាំងប្រទេសកម្ពុជា និងមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដែលមានសិទ្ធិក្នុងការបោះឆ្នោត។
របាយការណ៍បង្ហាញថា កត្តាដែលជាចំណុចសំខាន់បំផុតនៅពេលសម្រេចចិត្តទៅបោះឆ្នោតឲ្យគណបក្សណាមួយកាលពីខែកក្កដា ឆ្នាំ២០១៣ គឺប្រទេសត្រូវការការផ្លាស់ប្តូរ ដែលមានទៅដល់៤៦ភាគរយ។ កត្តាទី២ គឺការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើនរហូតមកដល់ពេលនេះ ដែលមានទៅដល់៤១ភាគរយ កត្តាទី៣ គឺស្នាដៃរបស់គណបក្ស ដែលមាន៣៩ភាគរយ កត្តាទី៤ គឺមេដឹកនាំគណបក្ស មាន៣៥ភាគរយ កត្តាទី៥ គឺការសន្យាពេលយុទ្ធនាការបោះឆ្នោត ដែលមាន៣០ភាគរយ កត្តាផ្សេងៗទៀត។
របាយការណ៍ស្ទង់មតិ បង្ហាញថា ការស្ទង់មតិ នៅខែមករាឆ្នាំ២០១៣ រកឃើញថា អ្នកដែលគិតថា កម្ពុជាដើរលើផ្លូវត្រូវ មានចំនួន ៧៩% ប៉ុន្តែការស្ទង់មតិនៅខែវិឆ្ឆិកា ឆ្នាំ២០១៣ដដែលនេះ ពោលក្រោយការបោះឆ្នោតរួច រកឃើញថា កម្ពុជាដើរលើផ្លូវត្រូវ បានថយមកត្រឹម៥៥%វិញ។
របាយការណ៍ IRI បញ្ជាក់ថា នេះជាដំណាក់កាលមួយដែលមានការគាំទ្រយ៉ាងខ្លាំង ជំរុញឲ្យកែទម្រង់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
កាលពីអាណត្តិទី៤ ក្រោយការបោះឆ្នោត រកឃើញថា ៨២% យល់ថា កម្ពុជាដើរលើផ្លូវត្រូវ ខណៈគណបក្សប្រជាជនកម្ពុជា បាន៩០អាសនៈ។ រីឯការដើរលើផ្លូវខុសមានតែ១៧%។ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលនោះ បានទទួលស្គាល់ការស្ទង់មតិរបស់ IRI នេះ។
ប៉ុន្តែក្រោយការបោះឆ្នោតអាណត្តិទី៥នេះ IRI រកឃើញថា កម្ពុជាដើរលើផ្លូវត្រូវ បានថយមកត្រឹម៥៥%វិញ ខណៈគណបក្សប្រជាជនកម្ពុជាបានតែ៦៨អាសនៈ ៕
No comments:
Post a Comment