Paris Peace Accords 23 Oct. 1991

Friday, January 24, 2014

ក្រសួង​មហាផ្ទៃ​ ព្រមាន​ ចាត់​វិធាន​ការ​ ទៅ​លើ​ មេ​ដឹក​នាំ​ សហជីព​កម្មករ​ បើ​មានៈ​ ធ្វើ​បាតុកម្ម

កម្មករ បាតុកម្ម ៦១០
បន្លា​លួស​ដែល​អាជ្ញាធរ​ដាក់​រាំង​មិន​ឲ្យ​កម្មករ​ចូល​ទៅ​ក្បែរ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី តាម​ផ្លូវ​សហព័ន្ធ​រុស្ស៊ី រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​៣០ ធ្នូ ឆ្នាំ​២០១៣។ (រូបថត RFA / Leng Maly)

ក្រសួង​មហាផ្ទៃ​ ព្រមាន​ ចាត់​វិធាន​ការ​ ទៅ​លើ​ មេ​ដឹក​នាំ​ សហជីព​កម្មករ​ បើ​មានៈ​ ធ្វើ​បាតុកម្ម

មន្ត្រី​ ជាន់​ខ្ពស់​ ក្រសួង​មហាផ្ទៃ បាន​ព្រមាន​ ចាត់​វិធាន​ការ​ តាម​ផ្លូវ​ច្បាប់ ទៅ​លើ​ មេ​ដឹក​នាំ​សហជីព និង​សមាគម​ចំនួន ៩​ស្ថាប័ន ដែល​មានៈ និង​ប៉ុនប៉ង​ ប្រមូល​ផ្តុំ​គ្នា​ ធ្វើ​បាតុកម្ម​ ដោយ​ខុស​ច្បាប់​ នៅ​ទីលាន​ប្រជាធិបតេយ្យ ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មករា ខាង​មុខ។
ដោយ ដែន អយុធ្យា / អាស៊ីសេរី​ | ២៤ មករា ២០១៤
លោក ខៀវ សុភ័គ រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៤ ខែ​មករា ថា ក្រសួង​មិន​អាច​អនុញ្ញាត​មេ​ដឹក​នាំ​សហជីព ឬ​ស្ថាប័ន​ណា​មួយ ប្រមូល​ផ្តុំ​គ្នា ឬ​ដើរ​ហែ​ក្បួន​នៅ​ទី​សាធារណៈ​នោះ​ទេ នៅ​ក្នុង​កាលៈទេសៈ​នេះ។ លោក​ស្នើ​ដល់​មេ​ដឹក​នាំ​សហជីព​កម្មករ​មួយ​ចំនួន ដែល​បាន​ដាក់​ពាក្យ​ស្នើ​យក​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ធ្វើ​បាតុកម្ម​ឲ្យ​ផ្អាក​សកម្មភាព​ជា​បណ្ដោះ​អាសន្ន និង​លើក​ពេល​ទៅ​ថ្ងៃ​ក្រោយ។
លោក ខៀវ សុភ័គ៖ «កន្លង​មក​ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា ស្តី​អំពី​ការ​ធ្វើ​បាតុកម្ម​កូដកម្ម ដើរ​ដង្ហែ​ក្បួន ឬ​ជួប​ជុំ​គ្នា​នៅ​តាម​ផ្លូវ​សាធារណៈ សូម​ផ្អាក​មួយ​រយៈពេល​សិន ដោយ​រង់ចាំ​សភាពការណ៍​វិល​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ ទើប​អនុញ្ញាត​ឲ្យ​ធ្វើ​ពិធី​ទាំង​នេះ​ឡើង​វិញ។ ប៉ុន្តែ បើ​សិន​ជា​ពួក​គាត់​សង្គម​ស៊ីវិល​នៅ​តែ​មានៈ ដូច​ជា​មិន​យោគយល់​គ្នា​ជាមួយ​សមត្ថកិច្ច។ ក្រសួង​មហាផ្ទៃ បាន​ស្នើ​ឲ្យ​មេ​ដឹក​នាំ​សហជីព​កម្មករ ឲ្យ​មាន​ការ​យោគយល់​គ្នា​នៅ​ក្នុង​កាលៈទេសៈ​នេះ»
ក្រុម​ដឹក​នាំ​សហព័ន្ធ​សហជីព​កម្មករ និង​សមាគម​ចំនួន ៩​ស្ថាប័ន កាល​ពី​សប្ដាហ៍​មុន បាន​ដាក់​លិខិត​ជូន​ដំណឹង​ទៅ លោក ប៉ា សុជាតិវង្ស អភិបាល​សាលា​រាជធានី​ភ្នំពេញ ដោយ​ស្នើ​យក​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ដើម្បី​ធ្វើ​បាតុកម្ម​មាន​មនុស្ស​ប្រមាណ ១​ម៉ឺន​នាក់​ចូល​រួម។ ប៉ុន្តែ សំណើ​នេះ​ត្រូវ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​បដិសេធ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មករា។
ទោះ​យ៉ាង​ណា មេ​ដឹក​នាំ​សហជីព​កម្មករ​មួយ​ចំនួន បាន​អះអាង​ថា នឹង​បន្ត​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​ទៅ​តាម​ការ​គ្រោង​ទុក ទោះ​បី​សមត្ថកិច្ច​ព្រមាន​បង្ក្រាប​បែប​ណា​ក្តី។
មន្ត្រី​សហជីព ឲ្យ​ដឹង​ថា គោល​បំណង​ដឹក​នាំ​ធ្វើ​បាតុកម្ម គឺ​ដើម្បី​ទាមទារ​លក្ខខណ្ឌ ៣​ចំណុច រួម​មាន ស្នើ​ឲ្យ​តុលាការ ឬ​រដ្ឋាភិបាល​ដោះ​លែង​មនុស្ស​ចំនួន ២៣​នាក់​ពី​ពន្ធនាគារ​ត្រពាំងផ្លុង ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ​គោល​ជូន​កម្មករ ១៦០​ដុល្លារ​ក្នុង​១​ខែ និង​ស្នើ​បង្កើត​គណៈកម្មការ​ឯករាជ្យ​តាម​ចាប់​ជន​ដៃ​ដល់ និង​អ្នក​បញ្ជា​ឲ្យ​មាន​អំពើ​ហិង្សា និង​បាញ់​សម្លាប់​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង និង​សង្កាត់​កំបូល កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់៕


No comments:

Post a Comment