IRI រកឃើញថា ពលរដ្ឋខ្មែរ ដែលថា រដ្ឋាភិបាល ដើរផ្លូវត្រូវ ថយចុះ នៅត្រឹម៥៥%
វិទ្យាស្ថាន សាធារណរដ្ឋ អន្តរជាតិ (IRI) របស់ សហរដ្ឋអាមេរិក ©IRI
វិទ្យាស្ថាន សាធារណរដ្ឋ អន្តរជាតិ (IRI)
របស់ សហរដ្ឋអាមេរិក បានចេញ របាយការណ៍ ស្ទង់មតិ ថ្មីមួយ ដោយរកឃើញ ថា, ៥៥
ភាគរយ នៃអ្នក ដែលបានស្ទង់មតិ អះអាងថា រដ្ឋាភិបាល ដើរលើផ្លូវត្រូវ ទល់ នឹង៤៣ភាគរយ ដែលអះអាង ថា, រដ្ឋាភិបាល ដើរលើផ្លូវខុស។
បើ ទោះជាអ្នក ដែលអះអាង ថា រដ្ឋាភិបាល ដើរផ្លូវត្រូវ នៅតែ មានភាគរយខ្ពស់ជាង ក៏ដោយ ក៏ចំនួននេះ បានធ្លាក់ចុះ ២៤
ពិន្ទុ ធៀប នឹងលទ្ធផល ស្ទង់មតិ កាលពីដើមឆ្នាំ ២០១៣។
នេះបើយោងតាមលទ្ធផលនៃការស្ទង់មតិដែល IRI បានចេញផ្សាយកាលពីថ្ងៃទី ២៣ មករា។ បើទោះជាចំនួនអ្នកគាំទ្ររដ្ឋាភិបាលថាបានដើរលើផ្លូវត្រូវនៅតែមាន ភាគរយខ្ពស់ជាងអ្នកដែលថារដ្ឋាភិបាលដើរលើផ្លូវខុសក៏ដោយ ក៏ចំនួននេះបានថយចុះយ៉ាងគំហុគបើធៀបនឹងលទ្ធផលនៃការស្ទង់មតិ កាលពីដើមឆ្នាំ និងចុងឆ្នាំ ២០១៣ ពោលគឺថយចុះដល់ទៅ ២៤ ពិន្ទុ។ ហើយនេះក៏ជាលើកដំបូងដែរដែល IRI រកឃើញថា អ្នកគាំទ្ររដ្ឋាភិបាលថា ដើរលើផ្លូវត្រូវ បានធ្លាក់ចុះទាប បំផុត ចាប់តាំងពីវិទ្យាស្ថាននេះបានស្ទង់មតិចាប់តាំងពីឆ្នាំ ២០០៦ មក។
កាលពីកំឡុងឆ្នាំ ២០០៨ ពោលគឺក្រោយការបោះឆ្នោតអាណត្តិទី៤ ការស្ទង់មតិរកឃើញថា មានពលរដ្ឋខ្មែរដល់ទៅ ៨២ ភាគរយ ដែលយល់ថា រដ្ឋាភិបាលដើលើផ្លូវត្រូវ។ ចំនួននេះថយចុះមកនៅត្រឹម ៧៩ ភាគរយនៅដើមឆ្នាំ ២០១៣ និងត្រឹម ៥៥ ភាគរយ ត្រឹមចុងឆ្នាំ ២០១៣ ដដែល។ ចំនួននេះទំនងជាបានឆ្លុះបញ្ចាំងពីការស្រុតចុះប្រជាប្រិយភាពរបស់ គណបក្សប្រជាជនកម្ពុជា តាមរយៈការបោះឆ្នោតសភាអាណត្តិទី៥ កាលពីថ្ងៃទី ២៨ កក្កដា ឆ្នាំ ២០១៣ ពោលគឺគណបក្សកាន់អំណាចបានធ្លាក់ចុះពី ៩០ កៅអី មកនៅ ៦៨ កៅអីក្នុងរដ្ឋសភា។
ការស្ទង់មតិនេះបានធ្វើឡើងក្នុងកំឡុងខែវិច្ឆិកាឆ្នាំ ២០១៣ ។ ប្រជាពលរដ្ឋខ្មែរ ២០០០ នាក់ចាប់ពីអាយុ ១៨ ឆ្នាំ ឡើងទៅត្រូវបានគេសាកសួរមតិ។ តាមរយៈការស្ទង់មតិនេះ គេក៏បានរកឃើញថា ភាគច្រើននៃពលរដ្ឋខ្មែរដែលត្រូវបានសាកសួរចង់បានកំណែទម្រង់ស៊ីជម្រៅ មួយខាងប្រជាធិបតេយ្យ។ នៅមិនទាន់មានប្រតិកម្មយ៉ាងណាពីគណបក្សប្រជាជនកម្ពុជានៅឡើយទេ តប នឹងរបាយការណ៍នេះ។ ប៉ុន្តែ ក្រោយការបោះឆ្នោតអាណត្តិទី៥នេះ គណបក្សកាន់អំណាចទទួលស្គាល់ការស្រុតចុះប្រជាប្រិយភាពរបស់ខ្លួន និងបានដាក់ចេញនយោបាយកំណែទម្រង់ជាច្រើន។
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា នឹងបើកកិច្ចប្រជុំទូលាយមួយនៅថ្ងៃទី ២៩ មករា ខាងមុខដើម្បីជំរុញកំណែទម្រង់របស់រដ្ឋាភិបាលថ្មីអាណត្តិទី។ កន្លងទៅ លោកនាយករដ្ឋមន្ត្រីធ្លាប់បានយកលទ្ធផលស្ទង់មតិរបស់ IRI មកបង្ហាញជាសាធារណៈ ជាច្រើនលើកផងដែរ៕
No comments:
Post a Comment