លោក ម៉ម សូណង់ដូ និងសហការី ធ្វើសន្និសីទកាសែតនាការិយាល័យវិទ្យុសម្បុកឃ្មុំ កាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤។ (រូបថត RFA / Ouk Savborey)
លោក ម៉ម សូណង់ដូ ប្រកាសធ្វើ បាតុកម្ម អហិង្សា នៅថ្ងៃ២៧ សុំបើក ប៉ុស្តិ៍ទូរទស្សន៍
វិទ្យុ សម្បុកឃ្មុំ នៅតែមិនអាចទទួលបាន ការអនុញ្ញាត ឲ្យ បើកស្ថានីយវិទ្យុ ផ្សាយបន្ត ដែលហៅថា រ៉ឺឡេ (Relay) នៅតាមខេត្តនានា និងសុំ បើកប៉ុស្តិ៍ទូរទស្សន៍ សម្បុកឃ្មុំ ពីក្រសួងព័ត៌មានបានទេ។ ហេតុនេះ លោក ម៉ម សូណង់ដូ ប្រធាន វិទ្យុសម្បុកឃ្មុំ ប្រកាសដឹកនាំ ធ្វើបាតុកម្មអហិង្សា ដើម្បីឲ្យ ក្រសួងព័ត៌មាន អនុញ្ញាត ឲ្យ វិទ្យុនេះ ទទួលបាន រឺឡេ បន្ថែម និងមានប៉ុស្តិ៍ទូរទស្សន៍។
ដោយ អ៊ុក សាវបូរី
ប្រធានវិទ្យុសម្បុកឃ្មុំ លោក ម៉ម សូណង់ដូ ប្រកាសនៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤ ថា លោកដឹកនាំធ្វើបាតុកម្មអហិង្សានៅថ្ងៃទី២៧ ខែមករា បើសិនសាលារាជធានីភ្នំពេញអនុញ្ញាត។
លោកថ្លែងយ៉ាងដូច្នេះ បន្ទាប់ពីជំនួប១ម៉ោងរវាងរូបលោក និងអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន លោក ប៊ុត ប៊ូវុធ កាលពីថ្ងៃព្រហស្បតិ៍ នៅតែមិនអាចសុំបង្កើនកម្រិតការផ្សាយ ឬហ្វ្រេកង់វិទ្យុលើស ១០គីឡូវ៉ាត់ និងហ្វ្រេកង់ទូរទស្សន៍សម្បុកឃ្មុំដូចការស្នើសុំ។
លោកថានឹងគោរពតាមបទបញ្ជារបស់សាលារាជធានីភ្នំពេញ ប៉ុន្តែបើមិនអនុញ្ញាតឲ្យគាត់ដឹកនាំបាតុកម្ម ដោយសារបញ្ហាណាមួយនោះ លោកព្រមានថា ប្រជាពលរដ្ឋរាប់លាននាក់ជាអ្នកស្តាប់វិទ្យុនឹងធ្វើបាតុកម្មជំនួសអោយរូបលោក៖
«ប៉ុនបើសិនជាសាលាក្រុងភ្នំពេញ គាត់មិនអនុញ្ញាតទេ ខ្ញុំក៏មិនដកខ្លួនដែរ ប៉ុន្តែពេលនោះ គឺប្រជាពលរដ្ឋរាប់លាននាក់ គាត់ដើរតួនាទីក្រោកឈរឡើង ដើម្បីទាមទារឲ្យក្រសួងព័ត៌មាន ផ្តល់សិទ្ធិវិទ្យុសម្បុកឃ្មុំធ្វើរឺឡេ និងហ្រ្វេកង់សម្រាប់ទូរទស្សន៍»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជម្រាបសួរព័ត៌មានបន្ថែមបានទេ នៅថ្ងៃទី២៤ ខែមករា។ ប៉ុន្តែកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្ញើលិខិតមួយច្បាប់ជម្រាប លោកស្រី ឌិន ផាណារ៉ា ប្រធានស្តីទីវិទ្យុសម្បុកឃ្មុំ ថាក្រសួងព័ត៌មាន មានការសោកស្ដាយដោយពុំសល់ហ្រ្វេកង់វិទ្យុ និងហ្វ្រេកង់ទូរទស្សន៍សម្រាប់ផ្តល់ជូនតាមការស្នើសុំទេ។
កាលពីថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រាប់អ្នកកាសែតថា វិទ្យុសម្បុកឃ្មុំបានជំពាក់ប្រាក់សោតទស្សន៍ច្រើនរយលានរៀល។ ប៉ុន្តែ លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសម្បុកឃ្មុំអះអាងថា មិនបានជំពាក់ប្រាក់សោតទស្សន៍ទេ ព្រោះច្បាប់សោតទស្សន៍មិនទាន់មាននៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែ លោកបានសុំឲ្យក្រសួងព័ត៌មាន បញ្ចុះតម្លៃសេវាកម្មសោតទស្សន៍ប្រចាំឆ្នាំពី ៧លានរៀល មកត្រឹម ១លានរៀល។
លោក ម៉ម សូណង់ដូ៖ «សព្វថ្ងៃវិទ្យុសម្បុកឃ្មុំ បង់ថ្លៃអាជ្ញាប័ណ្ណប្រចាំឆ្នាំសម្រាប់ស្ថានីយវិទ្យុផ្សាយសំឡេង ១០គីឡូវ៉ាត់ចំនួនមួយគ្រឿងទៅក្រសួងប្រៃសណីយ៍ គឺតម្លៃ ១.០០០ដុល្លារ។ ហើយបង់ថ្លៃអាជ្ញាប័ណ្ណប្រចាំឆ្នាំសម្រាប់ដំណើរការវិទ្យុ បញ្ជូនទិន្នន័យ គឺតម្លៃ ១.១២០ដុល្លាររាល់ឆ្នាំ។ ហើយទាក់ទងទៅនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អ្វីដែលខ្ញុំចំណាយ និងចំណូល ខ្ញុំបានបង់ ១០% ថែមទៀតទៅក្រសួងសេដ្ឋកិច្ច។ ដូច្នេះ ខ្ញុំគឺជាមនុស្សមួយគោរពច្បាប់ ហើយក៏មិនចង់ជំពាក់លុយជំពាក់កាក់ទេ។ ប៉ុន្តែ បើទាក់ទងទៅរឿងសោតទស្សន៍ គឺអត់ទាន់មានច្បាប់ផង ហើយបើសិនខ្ញុំបង់សោតទស្សន៍ហ្នឹង តើខ្ញុំមានសិទ្ធិធ្វើអ្វីខ្លះ? ហើយសព្វថ្ងៃ អត់មានសិទ្ធិធ្វើអ្វីទាំងអស់»។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មិនទាន់អាចឆ្លើយបំភ្លឺបានការសុំធ្វើបាតុកម្មអហិង្សារបស់ លោក ម៉ម សូណង់ដូ នៅថ្ងៃទី២៧ ខែមករា ខាងមុខទេ។
វិទ្យុសម្បុកឃ្មុំចាប់ផ្ដើមការផ្សាយនៅឆ្នាំ១៩៩៦ ក្នុងនាមក្រុមហ៊ុន ម៉ម សូណង់ដូ។ នៅខែមីនា ឆ្នាំ២០០៥ ប្រធានវិទ្យុសម្បុកឃ្មុំ បានស្នើសុំក្រសួងព័ត៌មាន ដំឡើងកម្លាំងផ្សាយបន្តនៅខេត្តនានា ដោយរក្សាកម្ពស់រលកអាកាស អែហ្វ.អិម ១០៥ (FM 105 MHz) ដដែល។
ប៉ុន្តែ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានតបថាមិនទាន់មានច្បាប់សោតទស្សន៍ (Broadcasting Law) ដើម្បីបែងចែកវិទ្យុរដ្ឋ ពាណិជ្ជកម្ម សហគមន៍ វិទ្យុសាសនា និងស្ថានីយវិទ្យុផ្សាយបន្តនៅឡើយ។
នៅខែមីនា ឆ្នាំ២០០៦ ប្រធានវិទ្យុសម្បុកឃ្មុំក៏បានស្នើសុំម្តងទៀត គឺសុំផ្សាយបន្តទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ចាម និងខេត្តក្រចេះ។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានតបវិញថា ក្រសួងព័ត៌មាន បានចេញលិខិតលេខ ១២១/០៥ ព.ម ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០០៥ ស្ដីពីការផ្អាកបើកធ្វើអាជីវកម្មវិទ្យុ ទូរទស្សន៍ ផ្សាយបន្តទៅតាមខេត្តក្រុង។ ដូច្នេះ សំណើសុំរបស់ប្រធានវិទ្យុសម្បុកឃ្មុំ ក្រសួងព័ត៌មាន នឹងសុំគោលការណ៍ពីរាជរដ្ឋាភិបាលជាមុនសិន។
នៅខែមិថុនា ឆ្នាំ២០១០ ប្រធានវិទ្យុសម្បុកឃ្មុំ ស្នើសុំហ្វ្រេកង់ទូរទស្សន៍សម្បុកឃ្មុំ។ ប៉ុន្តែ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ច្រានចោលសំណើនោះ ដោយសំអាងគ្មានសល់ហ្វ្រេកង់។ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ប្រធានវិទ្យុសម្បុកឃ្មុំ បានស្នើសុំជាថ្មីទៀត សុំហ្វេ្រកង់វិទ្យុ និងហ្វ្រេកង់ទូរទស្សន៍ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងព័ត៌មាន ច្រានចោលដូចការស្នើសុំនៅលើកមុនៗដែរ៕
No comments:
Post a Comment