លោកស្រី ពុង ឈីវកេក ប្រធាននៃសម្ព័ន្ធខ្មែរជំរឿន និងជាប្រធានអង្គការការពារសិទ្ធិមនុស្ស លីកាដូ
Licadho និង Amnesty ស្នើសមាជិកUN ជួយដោះស្រាយ វិបត្តិ សិទ្ធិមនុស្ស នៅកម្ពុជា
នៅថ្ងៃទី២៨មករា នេះ មន្ត្រីសិទ្ធិមនុស្ស តំណាង រដ្ឋាភិបាលកម្ពុជា នឹងការពាររបាយការណ៍ សិទ្ធិមនុស្ស នៅចំពោះមុខការិយាល័យ ក្រុមប្រឹក្សា សិទ្ធិមនុស្ស កម្ពុជា ក្នុងក្របខណ្ឌនៃការត្រួតពិនិត្យ ឡើងវិញ ជាសកល និងជាទៀតទាត់ បញ្ហា ការគោរពសិទ្ធិមនុស្ស (Universal Periodic Review)។ក្នុងឱកាសនេះ អង្គការ ការពារសិទ្ធិមនុស្ស លីកាដូ និងអង្គការ លើកលែងទោស អន្តរជាតិ បានចេញផ្សាយ សេចក្តីប្រកាសព័ត៌មានរួម អំពាវានាវ ឲ្យសមាជិក អង្គការ សហប្រជាជាតិអន្តរគមន៍ រកដំណោះស្រាយ នៃការរំលោភសិទ្ធិមនុស្ស កម្ពុជា ដែលអង្គការ ទាំងពីរ បានវាយតម្លៃ ថា វាបាន ធ្លាក់ចូល ក្នុងវិបត្តិហើយ។
ចាប់តាំងពីចាប់ផ្តើមឆ្នាំ២០១៤នេះមក ស្ថានភាពនៃការគោរពសិទ្ធិមនុស្សកាន់តែអាក្រក់ទៅ គួអោយកត់សំគាល់ រហូតដល់ធ្លាក់ចូលក្នុងកម្រិតវិបត្តិហើយ។ នេះគឺជាខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមរបស់អង្គការសិទ្ធិមនុស្សលីកាដូ និងអង្គការលើកលែងទោសអន្តរជាតិ Amnesty International ដែលត្រូវបានចេញផ្សាយនៅថ្ងៃទី២៦មករា។សេចក្តីថ្លែងការណ៍រួមនេះត្រូវបានធ្វើឡើង ២ថ្ងៃមុនរដ្ឋាភិបាលកម្ពុជាត្រូវការពាររបាយការណ៍សិទ្ធិមនុស្សរបស់ខ្លួននៅចំពោះមុខការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ពោលគឺនៅថ្ងៃទី២៨មករានេះ ក្នុងក្របខណ្ឌនៃការត្រួតពិនិត្យឡើងវិញជាសកល និងទៀតទាត់ស្តីពីការគោរពសិទ្ធិមនុស្ស ដែលហៅកាត់ជាភាសាអង់គ្លេសថា UPR។ នៅថ្ងៃទី២៨មករា ក្នុងទីក្រុងហ្សឺណែវនោះ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិក៏មានវត្តមាននៅទីនោះដែរ នេះបើតាមការប្រកាសរបស់លោកសម រង្ស៊ី នៅក្នុងប្រទេសបារាំង។
តាមពិត អង្គការលីកាដូ និងអង្គការលើកលែងទោសអន្តរជាតិបានដាក់របាយការណ៍មួយតាំងពីខែមិថុនាទៅកាន់ក្រុមការងារUPR រួចហើយ ហើយដែលរបាយការណ៍នោះបាននិយាយអំពីស្ថានភាពនៃការគោរពសិទ្ធិមនុស្សដែលកាន់តែអាក្រក់ទៅចន្លោះពីឆ្នាំ២០០៩ដល់ឆ្នាំ២០១៣។
ប៉ុន្តែការណ៍ដែលអង្គការសិទ្ធិមនុស្សទាំងពីរត្រូវធ្វើសេចក្តីថ្លែងការណ៍រួមនៅពេលនេះនេះ គឺដោយសារតែ មានករណីនៃការបង្ក្រាបរបស់អាជ្ញាធរកម្ពុជាលើក្រុមបាតុករដែលបានធ្វើអោយមានមនុស្សស្លាប់យ៉ាងហោចណាស់៤នាក់ បាត់ខ្លួន២នាក់ និងរបួសជាច្រើននាក់នោះ។ ហើយចុងក្រោយ ការចាប់ និងចោទប្រកាន់ឃុំខ្លួនមនុស្ស២៣នាក់ដែលក្នុងនោះ ក៏មានអ្នកការពារសិទ្ធិមនុស្ស ព្រមទាំងសេចក្តីសម្រេចរបស់អាជ្ញាធរកម្ពុជា មិនអោយមានការជួបជុំតវ៉ានៅពេលនេះ រឹតតែធ្វើអោយអង្គការសិទ្ធិមនុស្សលីកាដូ និងអង្គការលើកលែងទោសអន្តរជាតិត្រូវអំពាវនាវរកអន្តរាគមន៍ពីសមាជិកអង្គការសហប្រជាជាតិ ក្នុងឱកាសនៃការស្តាប់ត្រួតពិនិត្យរបាយការណ៍សិទ្ធិមនុស្សនៅកម្ពុជា នៅការិយាល័យនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។
អង្គការទាំងពីរអំពាវនាវរកអន្តរាគមន៍ពីអង្គការសហប្រជាជាតិដើម្បីស្នើអោយមានការដោះលែងបណ្តោះអាសន្នជនជាប់ចោទទាំង២៣នាក់ អោយរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការប្រើប្រាស់កំលាំងហួសហេតុក្នុងការបង្ក្រាបការតវ៉ា លុបចោលបំរាមដែលហាមឃាត់មិនអោយជួបជុំធ្វើបាតុកម្ម និងបើកការស៊ើបអង្កេតលើកងប្រដាប់អាវុធដែលបានប្រើកម្លាំងបង្ក្រាបបាតុកម្ម ចាប់តាំងពីថ្ងៃបោះឆ្នោតមក៕
No comments:
Post a Comment