ស្ថានទូត អាមេរិក ឧបត្ថម្ភ ការបញ្ចាំង ភាពយន្តឯកសារ តន្ត្រីសម័យខ្មែរ Rock & Roll ជាលើក ដំបូង នៅក្នុងពិភពលោក
ដោយ៖ ឡាយ សាមាន / វិទ្យុ វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី9 ខែមករា ឆ្នាំ2014
មជ្ឈមណ្ឌលឯកសារកម្ពុជា(DC-Cam) សហការជាមួយស្ថានទូតអាមេរិកប្រចាំកម្ពុជា នឹងចាក់បញ្ចាំងជាលើកដំបូងក្នុងពិភពលោកនូវភាពយន្តឯកសារមួយមានចំណងជើងថា«កុំស្មានបងភ្លេច Don’t Think I’ve forgotten» ជាតន្ត្រីសម័យរបស់ប្រទេសកម្ពុជា ដែលបានបាត់បង់ទៅជាច្រើនឆ្នាំមកហើយ។
ការចាក់បញ្ចាំងនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ ទី១១ ខែមករា ចាប់ពីម៉ោង ៦និង៣០ល្ងាច នៅសាលមហោស្រពចតុមុខ។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ឲ្យដឹងថា ភាពយន្តឯកសារនេះ គឺជាការអបអរចំពោះតន្ត្រីដែលមានលក្ខណៈរស់រវើកអស្ចារ្យរបស់ប្រទេសកម្ពុជាហើយ និងជាការស្វែងយល់ពីសារៈសំខាន់របស់វាចំពោះសង្គមខ្មែរ។ សេចក្តីប្រកាសបន្តថា ភាពយន្តឯកសារនេះ បង្ហាញពីទស្សនៈវិស័យថ្មីមួយស្តីពីប្រទេសកម្ពុជា ហើយមានបទសម្ភាសន៍ជាមួយតន្ត្រីករមួយចំនួនតូច ដែលនៅរស់រានមានជីវិត។ ខ្សែភាពយន្តនេះ ក៏នឹងគាស់កកាយយកមកបង្ហាញនូវការប្រគុំតន្ត្រីនាសម័យនោះ ដែលត្រូវបានថតទុកជាប័ណ្ណសារ និងភាពយន្តដើម។
បន្ទាប់ពីការបញ្ចាំងភាពយន្តនេះ នឹងមានការប្រគុំតន្ត្រីតាមបទនៅក្នុងភាពយន្តនោះ ដោយតន្ត្រីករដើមដែលនៅមានជីវិតនៅឡើយ លោក ហុង សំឡី និងក្រុមតន្ត្រីDrakar Band ។ ឆោម និមល ដែលជាអ្នកចំរៀងមានប្រជាប្រិយក្នុងក្រុមតន្ត្រីខ្មែរអាមេរិក ដែលមានឈ្មោះថា Dengue Fever ក៏នឹងចូលរួមក្នុងការប្រគុំតន្ត្រីនោះផងដែរ។ ការប្រគុំតន្ត្រីនោះនឹងចាប់ផើ្តមនៅម៉ោង៩យប់ ហើយបើកឲ្យសាធារណជនទស្សនា៕
No comments:
Post a Comment