Paris Peace Accords 23 Oct. 1991

Wednesday, January 29, 2014

មន្ត្រី​ កម្ពុជា ថ្លែង​ការពារ​ លើ ការរិះគន់​ ការបង្ក្រាប​ របស់​ កម្លាំង​សមត្ថកិច្ច នៅ​ចំពោះមុខ​ ក្រុមប្រឹក្សា​ សិទ្ធិមនុស្ស​ UN

មន្ត្រី​ កម្ពុជា ថ្លែង​ការពារ​ លើ ការរិះគន់​ ការបង្ក្រាប​ របស់​ កម្លាំង​សមត្ថកិច្ច នៅ​ចំពោះមុខ​ ក្រុមប្រឹក្សា​ សិទ្ធិមនុស្ស​ UN


ដោយ៖​ ស៊ុន ណារិន​​ / វីអូឌី | ថ្ងៃអង្គារ ទី28 ខែមករា ឆ្នាំ2014

មន្ត្រី​កម្ពុជា នៅ​ថ្ងៃ​អង្គារ​នេះ បានថែ្លង​ការពារ និង​ឆ្លើយតប​ជា​បន្តបន្ទាប់​ទៅ​លើ​ការ​ថ្លែង​បារម្ភ និង​រិះគន់​របស់​ប្រទេស​ជា​សមាជិក​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​។​
​ក្នុង​ដំណើរការ​វាយតម្លៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​(UPR) ដោយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ និង​រដ្ឋ​ជា​សមាជិក ដែល​ត្រូវ​បាន​បន្ត​ផ្ទាល់​តាមរយៈ​គេហទំព័រ webtv.un.org លោក​ម៉ក់ សម្បត្តិ អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា មានប្រសាសន៍ថា ព្រឹត្តិការណ៍​នៃ​ការ​កើត​ឡើង​នៅ​ដើម​ខែ​មករា រហូតដល់​មាន​អ្នកស្លាប់ និង​របួស គឺ​ដោយសារ​កម្មករ បង្ក​ការ​ញុះញង់​បង្ក​ហិង្សា ប៉ះពាល់​ដល់​ការរស់នៅ​អ្នកដទៃ និង​ទ្រព្យសម្បត្តិ​សាធារណៈ​។ លោក​បន្តថា ដូច្នេះ រដ្ឋាភិបាល ត្រូវមាន​វិធានការ​ចំពោះ​បាតុករ និង​ពលរដ្ឋ​ទូទៅ​។​
​លោក ប៉ុល លឹម រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា  ដោយ​បញ្ហា​កើតឡើង​ជា​បន្តបន្ទាប់ ប្រទេស​កម្ពុជា ផ្អាក​ជា​បណ្តោះអាសន្ន​នៃ​ការប្រមូលផ្តុំ និង​ការតវ៉ា​នានា រហូត​ដល់​ភាពប្រក្រតី​នៃ​ស្ថានការណ៍ វិល​មក​វិញ​។​
​នៅ​ថ្ងៃ​អង្គារ​នេះ តំណាង​ចក្រភព​អង់គ្លេស បាន​លើកឡើង​ថា ខ្លួន​បារម្ភ​ពី​ការបង្ក្រាប​របស់​កម្លាំង​សមត្ថកិច្ច ដែល​បណ្តាលឲ្យ​មាន​អ្នកស្លាប់ និង​រងរបួស​។ ចក្រភព​អង់គ្លេស ជំរុញ​ឲ្យមាន​ការស៊ើបអង្កេ​ត​លើ​ការបង្ក្រាប និង​ដោះលែង​អ្នក​ទាំង​២៣​ជាបន្ទាន់​។ ចក្រភព​អង់គ្លេស ស្នើ​ឲ្យមាន​ការដក​បំរាម​នៃ​ការ​ប្រមូលផ្តុំ​ដោយ​សន្តិវិធី ការកែទម្រង់​ប្រព័ន្ធ​តុលាការ ការលុបបំបាត់​អំពើពុករលួយ កំណែទម្រង់​ការបោះឆ្នោត​និង​ការអនុវត្ត​អនុសាសន៍​របស់​លោក​ស៊ូ​ប៊ែ​ឌី​។​

​ចំណែក​តំណាង​អាមេរិក បាន​ថ្លែង​បារម្ភ​យ៉ាងខ្លាំង​ទៅលើ​ការបង្ក្រាប​របស់​កម្លាំង​សន្តិសុខ នា​ពេល​ថ្មី ស្នើ​ឲ្យ​ដក​បំរាម​លើ​ការប្រមូលផ្តុំ កំណែទម្រង់​ការបោះឆ្នោត កំណែទម្រង់​ក្រមព្រហ្មទណ្ឌ និង​បង្កើត​យន្តការ​រៀបចំ​កា​រ​ចុះបញ្ជី​ដីធ្លី​។​
​នៅ​ដើម​ខែ​មករា ឆ្នាំ​២០១៤​នេះ រដ្ឋាភិបាល​កម្ពុជា បាន​ប្រើប្រាស់​យន្តការ​ថ្មីៗ ដើម្បី​ទប់ស្កាត់ និង​ចាត់វិធានការ​ទៅលើ​ការតវ៉ា​របស់​ក្រុម​ប្រឆាំង​នឹង​រដ្ឋាភិបាល រួម​មាន​ការបង្ក្រាប​កាលពី​ថ្ងៃ​ទី​០២​និង​ទី​០៣​ខែ​មករា ដែល​បណ្តាលឲ្យ​មនុស្ស​៥​នាក់ ស្លាប់ ការ​បោសសម្អាត​បាតុករ​ពី​ទីលាន​ប្រជាធិបតេយ្យ ដោយ​មិនឲ្យ​មាន​ការតវ៉ា ការ​ហាម​មិនឲ្យ​មាន​ការប្រមូល​ផ្តុំ និង​សម្តែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ រហូត​មាន​ការប៉ះទង្គិច ការគំរាមកំហែង ការប្រមូលផ្តុំ​របស់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កំពង់ចាម និង​ការបង្ក្រាប​ទៅលើ​បាតុករ ដែល​ដឹកនាំ​ដោយ​លោក ម៉ម សូណង់ដូ​ជាដើម​។​
​មន្ត្រី​កម្ពុជា ក៏​បាន​ឆ្លើយតប ដោយ​បាន​លើកឡើង​ពី​ការខិតខំ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការផ្តល់​សិទ្ធិ​ដល់​ប្រជាពលរដ្ឋ ការផ្តល់​សេរីភាព​សារព័ត៌មាន សេរីភាព​តាម​អ៊ី​ន​ធើ​ណែ​ត ការបង្កើត​ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន ការបង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ឯករាជ្យ ការងារ​លើ​កុមារ ការងារ​លើ​ស្ត្រី កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត និង​ការបោះឆ្នោត និង​កំណែទម្រង់​ប្រព័ន្ធតុលាការ​។​
​ប្រទេស​កម្ពុជា ត្រូវបាន​វាយតម្លៃ​ដោយ​ក្រុមការងារ​អង្គការសហប្រជាជាតិ​លើកដំបូង កាលពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០០៩ ដោយ​គ្រានោះ​UN បាន​ផ្តល់​អនុសាសន៍​កែលម្អ​ចំនួន ៩១​ចំណុច ហើយ​រដ្ឋាភិបាល បាន​ប្រកាស​ទទួល​យក​អនុសាសន៍​ទាំងអស់នោះ នឹង​ត្រូវ​វាយតម្លៃ​ជា​ថ្មី​ដោយ​រដ្ឋ​ជា​សមាជិក​UN ក្នុង​កិច្ចប្រជុំ​លើក​នេះ​ផងដែរ​។​
UPR គឺជា​ដំណើរការ​មួយ ដែល​រដ្ឋ​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ ត្រូវបាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ វាយតម្លៃ​ជា​ប្រចាំ​ទៅតាម​ជុំ ពាក់ព័ន្ធ​នឹង​ស្ថានភាព​សិទ្ធិមនុស្ស និង​អនុសាសន៍​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​នីមួយៗ ដែល​មាន​រយៈពេល ៤​ម៉ោង និង​៣០​នាទី​៕


No comments:

Post a Comment