Paris Peace Accords 23 Oct. 1991

Wednesday, January 29, 2014

ពលរដ្ឋ​ នៅ​សង្កាត់​ព្រែកប្រា​ ចោទ​ក្រុមហ៊ុន​ សូគីម៉ិច​ បូម​ខ្សាច់​ ពន្លិច​យក​ដី

ពលរដ្ឋ​ នៅ​សង្កាត់​ព្រែកប្រា​ ចោទ​ក្រុមហ៊ុន​ សូគីម៉ិច​ បូម​ខ្សាច់​ ពន្លិច​យក​ដី

ប្រជាពលរដ្ឋ​ ៣​គ្រួសារ​ នៅ​ភូមិ​អូរអណ្តូង សង្កាត់​ព្រែកប្រា ខណ្ឌ​មានជ័យ ចោទ​ថា ក្រុមហ៊ុន​សូគីម៉ិច លួច​បូម​ខ្សាច់​ ពន្លិច​យក​ដី​កសិដ្ឋាន​ ចិញ្ចឹម​សត្វ​ ទំហំ​ជិត ១០​ហិកតារ។
ដោយ អ៊ុក សាវបូរី / អាស៊ីសេរី​ | ២៨ មករា ២០១៤ 
ក្រុម​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ដី​នោះ​គាត់​បាន​ទិញ​មុន​ឆ្នាំ​២០០០ មាន​អាជ្ញាធរ​សង្កាត់​ព្រែកប្រា បាន​ទទួល​ស្គាល់​សិទ្ធិ​កាន់កាប់​ដី។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១០ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ចេញ ស.ជ.ណ. លេខ​៨៨៧ ចុះ​ថ្ងៃ​ទី​៦ ខែ​សីហា ប្រគល់​ឲ្យ​ក្រុមហ៊ុន​សូគីម៉ិច (SOKIMEX Group) ធ្វើការ​អភិវឌ្ឍ​បឹងឈូក គូរ​ប្លង់​យក​ដី​អ្នក​ភូមិ​ជិត ២០​គ្រួសារ ក្នុង​ភូមិ​អូរអណ្តូង១។
ពលរដ្ឋ​នៅ​ភូមិ​អូរអណ្តូង១ សង្កាត់​ព្រែកប្រា ខណ្ឌ​មានជ័យ ទប់ស្កាត់​ក្រុមហ៊ុន​សូគីម៉ិច ប៉ង​រំលោភ​ដី​ដោយ​ការ​បូម​ខ្សាច់​ពន្លិច។
ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​សត្វ អ្នកស្រី លន ពិសី ថ្លែង​ថា ស្រះ​ចិញ្ចឹម​ត្រី និង​កន្លែង​ចិញ្ចឹម​គោ ជ្រូក ពពែ ត្រូវ​បាន​ក្រុមហ៊ុន​សូគីម៉ិច របស់​ឧកញ៉ា សុខ គង់ បូម​ពន្លិច និង​បូម​ខ្សាច់​បំបាត់​បង្គោល​ព្រំ​ដី។ អ្នកស្រី​ថា ដី​អ្នក​ភូមិ​អូរអណ្តូង១ ជាង ១០​គ្រួសារ ក្នុង​សង្កាត់​ព្រែកប្រា ត្រូវ​ក្រុមហ៊ុន​នោះ​បូម​ខ្សាច់​ពន្លិច​យក​ដី​អស់។ បច្ចុប្បន្ន​នៅ​សល់​ដី​កសិដ្ឋាន​ជិត ១០​ហិកតារ​របស់​គ្រួសារ​ចំនួន ៣ កំពុង​ធ្វើ​អាជីវកម្ម​ចិញ្ចឹម​សត្វ ក៏​ក្រុមហ៊ុន​លួច​បូម​ខ្សាច់​ពន្លិច​យក​ដី​នៅ​កន្លែង​ដែល​មិន​មាន​សង់​រោង។ នៅ​ថ្ងៃ​២៨ ខែ​មករា កម្មករ​ក្រុមហ៊ុន​សូគីម៉ិច ប៉ង​ចូល​មក​រុះ​រោង​ក្នុង​កសិដ្ឋាន​ទៀត ទើប​គាត់​និង​កម្មករ​ក្នុង​កសិដ្ឋាន រួម​គ្នា​ទប់ទល់។
អ្នកស្រី លន ពិសី៖ «ជាមួយ​បឹងកក់ គឺ​ដូច​គ្នា។ ខុស​គ្នា​ត្រង់​ថា ពួក​ខ្ញុំ​នេះ​មាន​គ្នា​តិច ឯ​ពួក​គាត់​ខាង​នោះ​មាន​គ្នា​ច្រើន។ ខ្ញុំ​គិត​ថា ពួកគាត់​មាន​គ្នា​ច្រើន​ប៉ុណ្ណឹង​ហើយ នៅ​គេ​រំលោភ​បាន​ចុះ​ទម្រាំ​ពួក​ខ្ញុំ​មាន​គ្នា​តិច​តែ​មួយ មាន​កម្លាំង​ឯ​ណា​ស្រែក​ដូច​គេ»
អ្នកស្រី ស៊ុន សុគន្ធី ជា​ម្ចាស់​ដី​ទំហំ​ជាង ៣​ហិកតារ​ថ្លែង​ថា ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង (ស.ជ.ណ.) លេខ​៨៨៧ ចុះ​ថ្ងៃ​៦ ខែ​សីហា ឆ្នាំ​២០១០ ហើយ​ប្រគល់​ប្លង់ដី​ឲ្យ​ក្រុមហ៊ុន​សូគីម៉ិច អភិវឌ្ឍន៍ បឹង​ឈូក។ អ្នកស្រី​ថា ស.ជ.ណ. នោះ បាន​គូស​ប៉ះពាល់​ដី​អ្នក​ភូមិ​អូរអណ្តូង១ ជិត ២០​គ្រួសារ។ អ្នកស្រី​ថា នៅ​ចុង​ឆ្នាំ​២០១៣ ស្រះ​ចិញ្ចឹម​ត្រី​គាត់​ទំហំ ៦០​ម៉ែត្រ​គុណ​នឹង ៨០​ម៉ែត្រ ត្រូវ​ក្រុមហ៊ុន​បូម​ខ្សាច់​ពន្លិច​ធ្វើ​ឲ្យ​ងាប់​ត្រី​អស់​គ្មាន​សំណង។ គាត់​ប្ដឹង​ទៅ​តុលាការ និង​ទៅ​សាលា​សង្កាត់​ព្រែកប្រា មិន​មាន​ដំណោះស្រាយ​ទេ។
អ្នកស្រី ស៊ុន សុគន្ធី៖ «ព្រោះ​ខ្ញុំ​ទិញ​ពី​ម្ចាស់​ដើម គេ​កាន់​កាប់​ពី​ឆ្នាំ​១៩៨៣ ហើយ​សព្វថ្ងៃ​ម្ចាស់​ដើម​ហ្នឹង​គេ​នៅ​រស់​ដែរ។ ដល់​ក្រោយ​មក​បាន​ឭ​ថា ក្រុមហ៊ុន​មាន​គម្រោង ហើយ​ខាង​ក្រុមហ៊ុន​ហ្នឹង គាត់​មាន ស.ជ.ណ. ថា​ត្រូវ​រឹបអូស​ដី​របស់​ពួក​ខ្ញុំ។ ជាក់ស្ដែង​ខាង​ក្រុមហ៊ុន​គាត់​អភិវឌ្ឍន៍​នៅ​ខាង​បឹងឈូក​ទេ ហើយ​ដី​ពួក​ខ្ញុំ​កាន់កាប់​នៅ​តំបន់​ព្រែកប្រា​ឯណេះ។ ហើយ ស.ជ.ណ. គាត់​ចេញ​២០១០ ហើយ​ប្លង់​រឹង​គាត់​ក៏​ទើប​នឹង​ធ្វើ​២០១០។  ពួក​ខ្ញុំ​នៅ​នឹង​តាំង​ពី​ឆ្នាំ​២០០០ រហូត​មក​អ៊ីចឹង​ទៅ ហើយ​ឥឡូវ​គាត់​កាន់​ប្លង់ ខ្ញុំ​កាន់​ដី»
អ្នកស្រី ឡាយ សុធាវី ជា​ម្ចាស់ដី​ទំហំ​ជាង ២​ហិកតារ​ថ្លែង​ថា ដី​គាត់​មាន​ប្លង់​ទិញ​លក់​នៅ​ឆ្នាំ​២០០០ ទទួល​ស្គាល់​ដោយ​ចៅសង្កាត់​ព្រែកប្រា។ នៅ​២០១០ ទើប​មាន ស.ជ.ណ. ពី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ប្រគល់​ឲ្យ​ក្រុមហ៊ុន​សូគីម៉ិច អភិវឌ្ឍ បឹងឈូក។ អ្នកស្រី​ថា ម្ចាស់​លក់​ដី​ឲ្យ​គាត់​បាន​ជួយ​ធ្វើ​ជា​សាក្សី​ថា ដី​មិន​ពាក់ព័ន្ធ​ដី​អភិវឌ្ឍន៍​ទេ។ ប៉ុន្តែ​ក្រុមហ៊ុន​សូគីម៉ិច នៅ​តែ​ប៉ង​បូម​ពន្លិច និង​ប៉ង​រុះ​រោង​កសិដ្ឋាន​ចិញ្ចឹម​សត្វ​គាត់​ទៀត។
ឆ្លើយ​តប​បញ្ហា​នេះ អនុ​ប្រធាន​ក្រុមហ៊ុន​សូគីម៉ិច លោក ហ៊ឺ ហេង បំភ្លឺ​បញ្ហា​ជម្លោះ​ដី​នោះ​ថា ក្រុមហ៊ុន​បាន​ទិញ​ដី​បឹងស្នោ ​ពី​ប្រជាពលរដ្ឋ​តាំង​ពី​ឆ្នាំ​១៩៩៤។ ក្រោយ​ពី​មាន​រឿង​ជម្លោះ​ដី​កើត​ឡើង​រវាង​អ្នក​ចាប់​ដី​បឹង​រស់​នៅ និង​ក្រុមហ៊ុន​មក អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដីធ្លី​បាន​ចុះ​ស៊ើប​អង្កេត​ដី​នោះ​រក​ឃើញ​ពលរដ្ឋ​ជា​ម្ចាស់​ដី​នៅ​សេសសល់ បាន​ចាប់​ដី​បឹង​នោះ​ទិញ​លក់​មិន​ស្រប​ច្បាប់ ទើប​កើត​មាន ស.ជ.ណ. ហើយ​ក្រុមហ៊ុន​ក៏​បាន​ធ្វើ​ប្លង់​កម្មសិទ្ធិ​នៅ​ឆ្នាំ​២០១០។
លោក ហ៊ឺ ហេង៖ «ប៉ុន្តែ​គាត់​ចេះ​តែ​ស្រែក ចេះ​តែ​តវ៉ា ចង្អុល​មុខ​បឹង​ហ្នឹង ហើយ​មិន​មែន​មាន​កម្មសិទ្ធិ​អី​ច្បាស់លាស់​យក​មក​អះអាង​ផង​ហ្នឹង បើ​ផ្លូវ​ច្បាប់​គាត់​អត់​មាន​អី​ទៅ​និយាយ​ផង ហើយ​គាត់​ចេះ​តែ​ធ្វើ​ទៅ​ម៉េច​កើត?»
ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង ថ្លែង​ថា ក្រុមហ៊ុន​សូគីម៉ិច របស់​ឧកញ៉ា សុខ គង់ កំពុង​គ្រប់គ្រង​ដី​ច្រើន​ជាង ១​លាន​ហិកតារ​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ «ប្រទេស​កម្ពុជា​យើង​បច្ចុប្បន្ន មិនមែន​ជា​ប្រទេស​ដែល​អនុវត្ត​ច្បាប់​នោះ​ទេ គឺ​ជា​ប្រទេស​បក្សពួក ជា​ក្រុម​ម៉ាហ្វីយ៉ា ដែល​មាន​ឥទ្ធិពល​ខ្លាំង ពីព្រោះ​ថា​ពួក​ម៉ាហ្វីយ៉ា​ទី​១ គេ​មិន​គោរព​ច្បាប់ ទី​២ មិន​គោរព​អំពី​សិទ្ធិ​មនុស្ស ធ្វើ​ម៉េច​ឲ្យ​តែ​គេ​បាន​ចំណេញ បាន​ផល​ប្រយោជន៍ ទី​៣ គឺ​គេ​មិន​គិតគូរ​អំពី​ផល​ប៉ះពាល់​ទៅ​លើ​ផ្ទះសម្បែង ជីវភាព​រស់​នៅ​របស់​ប្រជាជន​ទេ»
ពាក់ព័ន្ធ​បញ្ហា​នេះ​ មេ​ភូមិ​អូរអណ្តូង១ លោក​ ស៊ុន បេ ថ្លែង​ថា ដី​នោះ​មិន​ទាន់​កំណត់​ព្រំដី​រវាង​សង្កាត់​វាលស្បូវ​ និង​សង្កាត់​ព្រែកប្រា នៅ​ឡើយ។
ចៅ​សង្កាត់​ព្រែកប្រា លោក ​ហួរ ហួត ថ្លែង​ថា គ្មាន​អាជ្ញាធរ​មូលដ្ឋាន​ណា​មួយ​ហ៊ាន​ប្រឆាំង​នឹង ស.ជ.ណ. ទេ បើ​ទោះ​បី​ដី​នោះ​ស្ថិត​នៅ​ក្នុង​សង្កាត់​នេះ​ក្ដី៕


No comments:

Post a Comment