Paris Peace Accords 23 Oct. 1991

Wednesday, January 29, 2014

មន្ត្រី​ កម្ពុជា ប្រាប់​សមាជិក​ UN ​ថា រដ្ឋាភិបាល​ កម្ពុជា ត្រូវការ ​ភាពត្រឹមត្រូវ និង​យុត្តិធម៌ ​លើ​ការបោះឆ្នោត​​


លោក​ម៉ក់ សម្បត្តិ (រាប់ពីធ្វេងទី២) ថ្លែងនៅក្នុងដំណើរការ​វាយតម្លៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​(UPR)នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី២៨ខែមករា/រូបភាពព្រីនស្រ្គីនពី webtv.un.org​

មន្ត្រី​ កម្ពុជា ប្រាប់​សមាជិក​ UN ​ថា រដ្ឋាភិបាល​ កម្ពុជា ត្រូវការ ​ភាពត្រឹមត្រូវ  និង​យុត្តិធម៌ ​លើ​ការបោះឆ្នោត​​


ដោយ៖​ ស៊ុន ណារិន​​ / វីអូឌី | ថ្ងៃពុធ ទី29 ខែមករា ឆ្នាំ2014

មន្ត្រី​កម្ពុជា កាលពី​ថ្ងៃ​អង្គារ ថ្លែង​ជា​ការបកស្រាយ​ទៅ​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ថា រដ្ឋាភិបាល​កម្ពុជា តែង​តែ​​ចង់បាន​ភាពត្រឹមត្រូវ និង​យុត្តិធម៌​ក្នុង​ការបោះឆ្នោត មិន​ដូច​ការចោទប្រកាន់​របស់​បុគ្គល​មួយចំនួនទេ​។​
​ការអះអាង​នេះ ធ្វើឡើង​ក្នុង​ដំណើរការ​វាយតម្លៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​(UPR) ដោយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជា​ជាតិ និង​រដ្ឋ​ជា​សមាជិក នៅ​ទីក្រុង​ហ្ស៊ឺ​ណែ​វ ដែល​ត្រូវ​បាន​បន្ត​ផ្ទាល់​តាមរយៈ​គេហទំព័រ webtv.un.org កាលពី​ថ្ងៃ​អង្គារ​។​
​លោក​ម៉ក់ សម្បត្តិ អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា មានប្រសាសន៍ថា បុគ្គល​មួយចំនួន បាន​បំភ្លៃ​ការពិត​ទៅ​លើ​ការបោះឆ្នោត ដោយ​លោក​ថ្លែង​ការពា​រថា មិន​មាន​ការ​រលុប​ទឹក​ថ្នាំ​សម្រាប់​ការបោះឆ្នោត មិន​មាន​ការ​បាត់​ឈ្មោះ​១​លាន​២​សែ​នាក់ ដែល​នេះ​ជា​ការបោកប្រាស់ មិន​អាច​ទទួលយកបាន​នោះទេ​។ លោក​បញ្ជាក់ថា ការបោះឆ្នោត មាន​តម្លាភាព​ចំពោះ​គ្រប់​ភាគី ហើយ​រដ្ឋាភិបាល​កម្ពុជា ចង់បាន​ភាពត្រឹមត្រូវ និង​យុត្តិធម៌​។​
​លោក​ម៉ក់ សម្បត្តិ ឲ្យដឹងទៀតថា រដ្ឋាភិបាល​កម្ពុជា កំពុងតែ​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត និង​ការបោះឆ្នោត ដែល​ការងារ​នេះ នឹង​ត្រូវ​ធ្វើឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ តាមរយៈ​ការបង្កើត​សិក្ខាសាលា​ថ្នាក់ជាតិ ដោយ​មាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​។​
​កន្លង​ទៅ​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​២៨​ខែកក្កដា ឆ្នាំ​២០១៣ រង​ការរិះគន់​ថា មាន​ភាពមិនប្រក្រតី​ជាច្រើន ដែល​ធ្វើឲ្យ​គណបក្ស​ប្រឆាំង មិន​​អាច​ទទួលយក​លទ្ធផល​នៃ​ការបោះឆ្នោត​បាន​។ សង្គម​ស៊ីវិល ដែល​ធ្វើកា​រលើ​ការបោះឆ្នោត និង​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​មាន​ការបោះឆ្នោត​ឡើង​វិញមុ​ន​អាណ្ណត្តិ ដើម្បី​ទម្លាយ​ភាពទ័លច្រក ដែល​កំពុង​តែ​ជាប់គាំង​។​
​សេចក្តី​សម្រច​របស់​នាយក​រដ្ឋមន្ត្រី ចុះផ្សាយ នៅ​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០១៣ ឲ្យដឹងថា សមាសភាព​នៃ​គណៈកម្មការ​សិក្សា​ស្រាវជ្រាវ​ការ​កែ​ទម្រង់​ការបោះឆ្នោត មាន​១០​រូប ក្នុងនោះ​៧​រូប​មកពី​ក្រសួង​មហាផ្ទៃ ដែល​ដឹកនាំ​ដោយ​លោក ស ខេង ជា​ប្រធាន​មួយរូប មកពី​ក្រសួង​ពាណិជ្ជកម្ម មួយ​រូប​មកពី​ក្រសួង​យុត្តិធម៌ និង​មួយ​រូប​ទៀត​ជា​ទេសរដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស ដែលជា​អនុប្រធាន​គណៈកម្មការ​។​
​លោក ហ៊ុន សែន បានចង្អុលបង្ហាញ​ថា គណៈកម្មការ​នោះ នឹង​សិក្សា​ស្រាវជ្រាវ​អំពី​ច្បាប់ លិខិតបទដ្ឋាន​នានា និង​ដកស្រង់​បទពិសោធន៍​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ពី​បណ្តា​ប្រទេស​នានា​។​
​សេចក្តី​សម្រច​របស់​នាយក​រដ្ឋមន្ត្រី​បន្តថា គណៈកម្មការ​រៀបចំ​សិក្ខាសាលា​ជាតិ ដើម្បី​ប្រមូល​មតិយោបល់ និង​អនុសាសន៍​ស​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ រួម​មាន​តំណាង​ស្ថាប័ន​នីតិបញ្ញត្តិ នីតិប្រតិបត្តិ តំណាង​គណបក្ស​នយោបាយ ដែល​ចុះបញ្ជី តំណាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត តំណាង​ស្ថានទូត​បណ្តា​ប្រទេស​ជា​មិត្ត តំណាង​សង្គម​ស៊ីវិល អង្គការ​អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍​នានា ស្ថាប័ន និង​អ្នកពាក់ព័ន្ធ​ដទៃទៀត​។​សេចក្តីសម្រេច​បន្តថា ការប្រមូល​មតិ​នេះ សំដៅ​កសាង​ឲ្យបាន​នូវ​ក្របខ័ណ្ឌ​កំណែទម្រង់​ការបោះឆ្នោត ស្រប​តាម​គោ​ការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​នីតិរដ្ឋ​។ គណៈកម្មការ​នេះ មាន​សិទ្ធិ​ប្រើប្រាស់​ត្រា និង​ថវិកា​របស់​ក្រសួង​មហាផ្ទៃ​។
​ប្រទេស​កម្ពុជា ត្រូវបាន​វាយតម្លៃ​ដោយ​ក្រុមការងារ​អង្គការសហប្រជាជាតិ​លើកដំបូង កាលពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០០៩ ដោយ​គ្រានោះ​UN បាន​ផ្តល់​អនុសាសន៍​កែលម្អ​ចំនួន ៩១​ចំណុច ហើយ​រដ្ឋាភិបាល បាន​ប្រកាស​ទទួល​យក​អនុសាសន៍​ទាំងអស់នោះ នឹង​ត្រូវ​វាយតម្លៃ​ជា​ថ្មី​ដោយ​រដ្ឋ​ជា​សមាជិក​UN ក្នុង​កិច្ចប្រជុំ​លើក​នេះ​ផងដែរ​។​
UPR គឺជា​ដំណើរការ​មួយ ដែល​រដ្ឋ​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ ត្រូវបាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ វាយតម្លៃ​ជា​ប្រចាំ​ទៅតាម​ជុំ ពាក់ព័ន្ធ​នឹង​ស្ថានភាព​សិទ្ធិមនុស្ស និង​អនុសាសន៍​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​នីមួយៗ ដែល​មាន​រយៈពេល ៤​ម៉ោង និង​៣០​នាទី​៕



No comments:

Post a Comment