រូបភាពគេហទំព័រUN ដែលផ្សាយផ្ទាល់UPR
ការវាយតម្លៃ ស្ថានភាព សិទ្ធិមនុស្ស នៅកម្ពុជា ដោយក្រុមការងារ UN នឹងមានផ្សាយផ្ទាល់ នៅយប់នេះ
ដោយ៖ តាំង វីដា / វីអូឌី | ថ្ងៃអង្គារ ទី28 ខែមករា ឆ្នាំ2014
ដំណើរការវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា (UPR) ដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងរដ្ឋជាសមាជិក នឹងត្រូវផ្សាយបន្តផ្ទាល់ តាមរយៈគេហទំព័រអង្គការសហប្រជាជាតិ http://webtv.un.org/ ចាប់ផ្តើមពីម៉ោង ៨និង៣០នាទីយប់ ដល់ម៉ោង១២អាធ្រាត្រ ម៉ោងនៅកម្ពុជា។
ក្នុងបទបង្ហាញដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR នៅរសៀលថ្ងៃអង្គារនេះ មន្ត្រីសម្របសម្រួលកម្មវិធី នីតិរដ្ឋ នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) លោកស្រី Catherine Phuong ឲ្យដឹងថា ការត្រួតពិនិត្យជាសាកលតាមពេលវេលាកំណត់ ស្តីពី ប្រទេសកម្ពុជា ដែលនឹងធ្វើឡើងរយៈពេល ៤ម៉ោងនិង៣០នាទី ផ្អែកលើរបាយការណ៍បីប្រភេទ៖ ទី១ របាយការណ៍ជាតិរៀបចំឡើងដោយរដ្ឋ ទី២ របាយការណ៍ចងក្រងដោយអង្គការការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងទី៣ របាយការណ៍សង្ខេបរបស់សង្គមស៊ីវិល។ លោកស្រី ឲ្យដឹងថា តាមនីតិវិធីនៃការអនុវត្តយូភីអ (UPR) គឺគណៈប្រតិភូកម្ពុជា នឹងមានរយៈពេល ២០នាទី ធ្វើបទបង្ហាញពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ហើយរដ្ឋជាសមាជិកUN នឹងផ្តល់ជាមតិយោបល់ ឬអនុសាសន៍ ក្រោមមកតំណាងកម្ពុជា ត្រូវឆ្លើយតប។
លោកស្រី Catherine Phuong ឲ្យដឹងទៀតថា ក្រោយកិច្ចប្រជុំនេះ ប្រទេសចំនួនបី រួមមាន ហ្វីលីពីន ម៉ូរុកកូ និងប្រទេសអ៊ីតាលី ដែលត្រូវបានជ្រើសរើសដោយការបោះឆ្នោត នឹងចំណាយពេល ៤៨ម៉ោង ដើម្បីរៀបចំរបាយការណ៍ខ្លឹមសារនៃកិច្ចពិភាក្សា ដោយមានភ្ជាប់នូវអនុសាសន៍សម្រាប់កម្ពុជា។ លោកស្រីបន្តថា របាយការណ៍អនុសាសន៍នេះ នឹងត្រូវអនុម័តចំនួនពីរដង គឺនៅចុងសប្តាហ៍នេះ ដោយក្រុមការងារ UN និងនៅខែមិថុនា ឆ្នាំ២០១៤ ដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស ហើយនៅពេលនេះ កម្ពុជា មានរយៈពេល២០នាទី ក្នុងការធ្វើបទបង្ហាញ និងប្រកាសទទួល ឬបដិសេធចំពោះអនុសាសន៍ទាំងនោះ។
ប្រទេសកម្ពុជា ត្រូវបានវាយតម្លៃដោយក្រុមការងារអង្គការសហប្រជាជាតិលើកដំបូង កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៩ ដោយគ្រានោះUN បានផ្តល់អនុសាសន៍កែលម្អចំនួន ៩១ចំណុច ហើយរដ្ឋាភិបាល បានប្រកាសទទួលយកអនុសាសន៍ទាំងអស់នោះ នឹងត្រូវវាយតម្លៃជាថ្មីដោយរដ្ឋជាសមាជិកUN ក្នុងកិច្ចប្រជុំលើកនេះផងដែរ។
នាយិកាកម្មវិធីនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កញ្ញា ចក់ សុភាព ឲ្យដឹងថា បទបង្ហាញពីUPRនេះ ត្រូវបានបង្កើតឡើងជាលើកដំបូង ដើម្បីឲ្យអ្នកស្តាប់អាចយល់ដឹង និងតាមដានពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក៏ដូចជាការអនុវត្តរបស់រដ្ឋាភិបាល ឆ្លើយតបនឹងអនុសាសន៍របស់បណ្តាប្រទេសជាសមាជិកUN។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការ លីកាដូ លោក អំ សំអាត ឲ្យដឹងថា ទណ្ឌកម្មនៃការមិនអនុវត្តទៅតាមអនុសាសន៍ ដែលបានលើកឡើងក្នុងកិច្ចប្រជុំនេះ នឹងស្តែងឡើងតាមរូបភាពនៃការកាត់បន្ថយជំនួយពីប្រទេសជាសមាជិក មកកម្ពុជា។
កាលពីថ្ងៃចន្ទម្សិលមិញនេះ អង្គការសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចេញសេចក្តីថ្លែងការណ៍ ជំរុញឲ្យសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សUN គួរតែថ្កោលទោសរដ្ឋាភិបាលកម្ពុជា ដោយសារការបរាជ័យក្នុងការសន្យាសារជាថ្មីក្នុងការធានាឲ្យមានការគោរព សិទ្ធិមនុស្ស។ ចំណែក សម្ព័ន្ធអង្គការសិទ្ធិមនុស្សចំនួន៤ ក៏បានចាត់ទុកថា នេះជាឱកាសមួយ ដែលសហគមន៍អន្តរជាតិ គប្បីលើកពិភាក្សាពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសវិធានការរបស់រដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឡើងបំបិទសេរីភាពបញ្ចេញមតិរបស់សកម្មជន អ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន ដែលហ៊ានចេញមុខរិះគន់៕
No comments:
Post a Comment