Paris Peace Accords 23 Oct. 1991

Tuesday, January 28, 2014

ពលរដ្ឋ​ រិះគន់​ ចំពោះ​ ការ​ដំឡើង​ថ្លៃ​ សេវា​សុខភាព​ របស់​ មន្ទីរពេទ្យ​បង្អែក​ ខេត្ត​កំពង់ឆ្នាំង

ប្រាក់ វ៉ុន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង ៦១០
ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ប្រាក់ វ៉ុន ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៤។  (RFA / Chin Chetha)


ពលរដ្ឋ​ រិះគន់​ ចំពោះ​ ការ​ដំឡើង​ថ្លៃ​ សេវា​សុខភាព​ របស់​ មន្ទីរពេទ្យ​បង្អែក​ ខេត្ត​កំពង់ឆ្នាំង

អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​មួយ​ចំនួន នៅ​ខេត្ត​កំពង់ឆ្នាំង បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត និង​រិះគន់​ចំពោះ​ការ​ដំឡើង​ថ្លៃ​សេវាកម្ម​សុខភាព​សាធារណៈ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង។
ដោយ ជិន ជេដ្ឋា / អាស៊ីសេរី | ២៨ មករា ២០១៤
បញ្ហា​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា គឺ​ជា​បន្ទុក​មួយ​កាន់​តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ ហើយ​ពួក​គាត់​អាច​នឹង​ងាក​ទៅ​រក​មន្ទីរពេទ្យ​ឯកជន ដើម្បី​ព្យាបាល​កាន់​តែ​ច្រើន​ឡើង នៅ​គ្រា​ដែល​ពួក​គាត់​មិន​សូវ​ជឿជាក់​លើ​សេវាកម្ម​សុខភាព​សាធារណៈ​របស់​រដ្ឋ​ស្រាប់​នោះ។
ប្រជាពលរដ្ឋ ឬ​អតិថិជន​ដែល​បាន​ចូល​ទៅ​រក​សេវាកម្ម​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង ខ្លះ​មាន​ការ​ភ្ញាក់​ផ្អើល និង​ខ្លះ​មិន​បាន​ដឹង​ពី​ការ​ដំឡើង​ថ្លៃ​សេវាកម្ម​របស់​មន្ទីរពេទ្យ​ឡើយ ត្បិត​ពួក​គាត់​មាន​ការ​ភ័យ​ខ្លាច និង​បារម្ភ​តែ​ទៅ​លើ​ស្ថានភាព​ជំងឺ ចំណែក​ការ​បង់​ថ្លៃ​ព្យាបាល ឬ​ពិនិត្យ​ជំងឺ​វិញ គឺ​អាស្រ័យ​ទៅ​លើ​មន្ទីរពេទ្យ​ជា​អ្នក​កំណត់។
វិទ្យុ​អាស៊ីសេរី បាន​ជួប​សម្ភាស​ជាមួយ​នឹង​អ្នក​ជំងឺ និង​បង​ប្អូន​សាច់ញាតិ​ជា​ច្រើន​នាក់ នៅ​ថ្ងៃ​ទី​២៦ និង​ថ្ងៃ​ទី​២៧ ខែ​មករា ហើយ​ពួក​គាត់​បាន​បញ្ជាក់​ស្រដៀង​គ្នា​ថា ពួក​គាត់​ខក​ចិត្ត និង​មិន​ចង់​ឲ្យ​មន្ទីរពេទ្យ​ដំឡើង​ថ្លៃ​ការ​ពិនិត្យ ឬ​ព្យាបាល​ជំងឺ​ឡើយ ពីព្រោះ​ពួក​គាត់​កំពុង​តែ​មាន​ជីវភាព​ក្រ​លំបាក ហើយ​សុខ​ចិត្ត​រត់​ទៅ​រក​ខ្ចី​បុល ឬ​ចង​ការ​ប្រាក់​គេ ដើម្បី​ចូល​ទៅ​រក​សេវា​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ បើ​ទោះ​បី​ជា​ដឹង​ថា សេវាកម្ម​នេះ​មិន​សូវ​ប្រសើរ​ដូច​ជា​នៅ​តាម​មន្ទីរពេទ្យ​ឯកជន​យ៉ាង​ណា​ក្ដី។
ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​ក្រុង​កំពង់ឆ្នាំង អ្នកស្រី ដោក ចាន់ថន មាន​ប្រសាសន៍​ថា ក្រុម​គ្រួសារ និង​កូន​ស្រី​របស់​អ្នកស្រី ធ្លាប់​ចូល​មក​សម្រាល​កូន​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង នេះ​ដែរ ក៏ប៉ុន្តែ បច្ចុប្បន្ន​តម្លៃ​នៃ​ការ​សម្រាល​កូន និង​ការ​ព្យាបាល​ជំងឺ​ផ្សេងៗ មាន​ការ​ប្រែប្រួល​យ៉ាង​ណា​នោះ គឺ​អ្នកស្រី​មិន​ដឹង​ច្បាស់​ឡើយ។ អ្នកស្រី​ថា បញ្ហា​ដំឡើង​ថ្លៃ​សេវា​សុខភាព​សាធារណៈ​របស់​រដ្ឋ អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ក្រីក្រ ក៏ប៉ុន្តែ​វា​មិន​មែន​ជា​បញ្ហា​ចោទ​ខ្លាំង​សម្រាប់​អ្នក​មាន​ជីវភាព​ធូរធារ​នោះ​ទេ៖ «ចូល​ដែរ​ក្មួយ វះ​តាំង​ពី​យូរ​ណាស់​ហើយ មុខ​កាំបិត​ម៉ា​កូន​ខ្ចី (សម្រាល​កូន) ២៥​ម៉ឺន។ តែ​ឥឡូវ​មិន​ដឹង​ប៉ុន្មាន​ទេ អត់​ដឹង បើ​តាម​ចិត្ដ​ខ្ញុំ អត់​ចង់​ឲ្យ​ឡើង​ទេ លោកគ្រូ​ដូច​សេវា​នៅ​តែ​ប៉ុណ្ណឹង​នៅ​តែ​ប៉ុណ្ណឹង​រហូត​ទៅ ធនធាន​យើង​អ្នក​អត់​វា​ល្មម តែ​ខ្លាច​គេ​អ្នក​មាន​គេ​មិន​តវ៉ា​ទេ ប៉ុន្មាន​ក៏ដោយ»
តារាង​កែ​សម្រួល​ថ្លៃ​សេវាកម្ម​ហិរញ្ញប្បទាន​ឡើង​វិញ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង ដែល​ចុះ​ហត្ថលេខា​ដោយ​ប្រធាន​មន្ទីរពេទ្យ លោក សូរិន្ទី រ៉ាវុឌ្ឍី និង​មាន​ការ​ឯកភាព​ពី​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ប្រាក់ វ៉ុន ដែល​វិទ្យុ​អាស៊ីសេរី ទើប​តែ​ទទួល​បាន​បង្ហាញ​ថា តម្លៃ​សេវាកម្ម​សុខភាព​សាធារណៈ​របស់​មន្ទីរពេទ្យ​នេះ បាន​កើន​ឡើង​ជាង​ពាក់​កណ្ដាល និង​សេវា​ខ្លះ​បាន​កើន​ឡើង​ស្ទើរ​ទ្វេ​ដង ដូច​ជា​តម្លៃ​សេវាកម្ម​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ក្នុង​ករណី​ក្រឡាភ្លើង ត្រូវ​បាន​គេ​ដំឡើង​ពី ១០​ម៉ឺន​រៀល ទៅ ២៥​ម៉ឺន​រៀល។ តម្លៃ​សេវាកម្ម​ផ្នែក​កុមារ​វិញ ដូច​ជា ទារក​ទើប​កើត​មាន​ជំងឺ​ធ្ងន់ បាន​ដំឡើង​ពី ៤​ម៉ឺន​រៀល ទៅ ១៥​ម៉ឺន​រៀល និង​តម្លៃ​សេវាកម្ម​ផ្នែក​ជំងឺ​ទូទៅ ដូច​ជា ករណី​គ្រុន​ចាញ់​សន្លប់ បាន​ដំឡើង​ពី ៨​ម៉ឺន​រៀល ទៅ ១៥​ម៉ឺន​រៀល​ជា​ដើម។
នាយិកា​នៃ​អង្គការ​បង្កើន​សមត្ថភាព​សហគមន៍​ដើម្បី​អភិវឌ្ឍន៍ (CCD) អ្នកស្រី យឹម លាងអ៊ី មាន​ប្រសាសន៍​ថា ការ​ដំឡើង​ថ្លៃ​សេវាកម្ម​សុខភាព​នេះ គឺ​ជា​បញ្ហា​ក្ដៅ​គគុក​សម្រាប់​ប្រជាពលរដ្ឋ ដោយសារ​តែ​ស្ថានភាព​ជាក់​ស្ដែង​នៃ​ការ​រក​ចំណូល​របស់​ប្រជាពលរដ្ឋ​ភាគ​ច្រើន បាន​ត្រឹម​តែ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ៖ «អ្វី​ដែល​ខាង​ខ្ញុំ​ចុះ​ទៅ​ធ្វើ​ការ​ជា​មួយ​សហគមន៍ យើង​គិត​ថា បញ្ហា​សុខភាព​នេះ គឺ​វា​ប៉ះពាល់​ខ្លាំង ប្រសិន​មិន​មាន​គោល​នយោបាយ​គាំទ្រ​ទៅ​ដល់​ពួក​គាត់ ហើយ​បើ​មិន​បាន​គិតគូរ​ទៅ​លើ​តម្លៃ​ហ្នឹង​ទេ វា​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ»
ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ប្រាក់ វ៉ុន បាន​ពន្យល់​ថា ការ​ដំឡើង​ថ្លៃ​សេវា​ហិរញ្ញប្បទាន​នេះ នឹង​មិន​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ឡើយ ដោយ​ខាង​មន្ទីរពេទ្យ​មាន​ករណី​លើក​លែង​ការ​បង់​ថ្លៃ​សេវា​ពិនិត្យ ឬ​ព្យាបាល​ជំងឺ ចំពោះ​ប្រជាពលរដ្ឋ​ណា​ដែល​មាន​ជីវភាព​ក្រីក្រ​ជាក់​ស្ដែង ឬ​មាន​ប័ណ្ណ​ក្រីក្រ​នៅ​ក្នុង​ដៃ៖ «នៅ​ពេល​ដែល​យើង​ធ្វើ យើង​ឆ្លង​ការ​ពិគ្រោះ​យោបល់​នៅ​ថ្នាក់​មូលដ្ឋាន​រួច ដែល​មាន​អង្គការ​ដៃគូ​នៅ​ក្នុង​ហ្នឹង​ដូច​ជា សមាគម​រ៉ាក់ (RHAC) ដូច​ជា យូ.អ.ស៊ី (URC) ដែល​ធ្វើ​ការ​នៅ​កំពង់ឆ្នាំង ផ្នែក​ហិរញ្ញប្បទាន។ ហើយ​យើង​ដាក់​នៅ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​មួយ បាន​អា​ហ្នឹង​ហើយ​បាន​មាន​ថ្នាក់​អាជ្ញាធរ​ចូល​រួម​មាន​អភិបាល​ស្រុក និង​មេ​ឃុំ​ជា​ដើម ហើយ​បាន​យើង​បាន​ធ្វើ​សំណើ​នេះ​ទៅ​ក្រសួង​សុខាភិបាល។ គាត់​ពិនិត្យ​ហើយ គាត់​យល់​ថា​តម្លៃ​ហ្នឹង គឺ​ជា​តម្លៃ​សមស្រប អា​ហ្នឹង​គាត់​ចេញ​លិខិត​អនុញ្ញាត​ឲ្យ​យើង​ប្រើប្រាស់​តម្លៃ​ហ្នឹង»
លោក​បញ្ជាក់​ថា តាំង​ពី​ឆ្នាំ​២០០០ មក មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង មិន​ដែល​មាន​ការ​កែ​សម្រួល ឬ​ដំឡើង​ថ្លៃ​សេវា​ហិរញ្ញប្បទាន​ឡើយ ទើប​តែ​នៅ​ចុង​ឆ្នាំ​២០១៣ នេះ​ទេ ដែល​មាន​ការ​កែ​សម្រួល ហើយ​លោក​គិត​ថា មន្ទីរពេទ្យ​នឹង​ផ្ដល់​សេវាកម្ម​របស់​ខ្លួន​កាន់​តែ​ប្រសើរ​ឡើង​ដល់​អតិថិជន ក្រោយ​ពី​បាន​អនុវត្ត​តម្លៃ​សេវា​ហិរញ្ញប្បទាន​ថ្មី​នេះ។
ចំណែក​អ្នក​ស្រាវជ្រាវ​ផ្នែក​ការ​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ការ​ដំឡើង​ហិរញ្ញប្បទាន​របស់​មន្ទីរពេទ្យ គឺ​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ។ លោក​បន្ត​ថា ក្រៅ​ពី​បង់​ថ្លៃ​សេវា​ខ្ពស់ ក្រុម​គ្រួសារ​របស់​អ្នក​ជំងឺ​ត្រូវ​ចំណាយ​ប្រាក់​ជា​ច្រើន​ទៀត​ទៅ​លើ​ការ​ស៊ី​ចាយ និង​មើល​ថែ​ទាំ​អ្នក​ជំងឺ​នៅ​អំឡុង​ពេល​នៃ​ការ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ។ ដូច្នេះ ទាមទារ​ឲ្យ​មន្ត្រី​សុខាភិបាល​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​ទាំងអស់​នេះ និង​គិតគូរ​ពី​គុណភាព​នៃ​ការ​ព្យាបាល៖ «សមត្ថភាព សម្ភារៈ ឬ​មួយ​កម្រិត​វិជ្ជា​បច្ចេកទេស​អី វា​សមស្រប​ហើយ ក៏ប៉ុន្តែ​ខ្វះ​នូវ​ទឹក​ចិត្ត​នៅ​ក្នុង​ការ​ផ្ដល់​សេវា​ប្រកប​ដោយ​គុណភាព។ ខ្វះ​ទឹក​ចិត្ត​ហ្នឹង គឺ​ខ្វះ​ការ​ផ្ដល់​ប្រាក់​បៀវត្សរ៍​សមរម្យ ជា​ពិសេស​គឺ​អាច ៥០០​ដុល្លារ​នៅ​ក្នុង​មួយ​ខែ​ក្នុង​ម្នាក់ អា​ហ្នឹង​គាត់​អាច​បំពេញ​ភារកិច្ច​បាន​ល្អ»
មតិ​របស់​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​មួយ​ចំនួន បាន​លើក​ឡើង​ថា ស្ថាប័ន​សុខាភិបាល ឬ​មន្ទីរពេទ្យ​បង្អែក​របស់​រដ្ឋ​ទាំងអស់ គួរ​តែ​ត្រូវ​បាន​ពង្រឹង​គុណភាព​ព្យាបាល និង​សេវាកម្ម​ឲ្យ​បាន​ប្រសើរ ជា​ជាង​ការ​ដំឡើង​តម្លៃ​សេវាកម្ម​ខ្ពស់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ត្អូញត្អែរ និង​ងាក​ទៅ​រក​សេវាកម្ម​ឯកជន​កាន់​តែ​ច្រើន​ទៅ​វិញ៕



No comments:

Post a Comment