អង្គការ AHF បើកយុទ្ធនាការ ចែកស្រោមអនាម័យ ១០ម៉ឺន ស្រោម នៅថ្ងៃ១៤ កុម្ភៈ
ដោយ៖ ស៊ុន ណារិន / វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី13 ខែកុម្ភៈ ឆ្នាំ2014
មូលនិធិថែរក្សាសុខភាពសម្រាប់អ្នកជំងឺអេដស៍ ( AIDs Healthcare Foundation AHF) នៅថ្ងៃទី១៤ខែកុម្ភៈ ដែលជាទិវានៃក្តីស្រឡាញ់ នឹងបើកយុទ្ធនាការចែកស្រោមអនាម័យចំនួន១០ម៉ឺនទៅដល់ក្រុមយុវវ័យ និងអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងពីការការពារជំងឺអេដស៍។
សេចក្តីប្រកាសព័ត៌មានរបស់AHF ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ឲ្យដឹងថា កន្លែងចំនួន៨នៅរាជធានីភ្នំពេញ ដែលជាគោលដៅយុទ្ធនាការ រួមមាន នៅមជ្ឈមណ្ឌលកោះពេជ្រ ផ្សារសាំហាន់ ផ្សារឈូកមាស កៀនឃ្លាំង មណ្ឌលសុខភាពផ្សារដើមថ្កូវ មណ្ឌលសុខភាពទឹកថ្លា មណ្ឌលសុខភាពសម្តេចឪ និងមណ្ឌលសុខភាពស្ទឹងមានជ័យ។យុទ្ធនាការនេះ សហការជាមួយមន្ទីរសុខភាពរាជធានីភ្នំពេញ និស្សិតមហាវិទ្យាល័យ ដៃគូសង្គមស៊ីវិលចំនួន១២នៅភ្នំពេញ ដែលធ្វើការលើផ្នែកមេរោគអេដស៍។
ការស្ទង់មតិ ធ្វើឡើងកាលពីខែមករា ឆ្នាំ២០១៤ ក្នុងចំណោមយុវជនយុវនារី៧១៥នាក់ នៅរាជធានីភ្នំពេញ ដែលមានទ្រព្យសម្បត្តិបង្គួរ និងមានអាយុចន្លោះពី១៥ដល់២៤ឆ្នាំ បង្ហាញថាទំនាក់ទំនងផ្លូវភេទក្នុងចំណោមយុវវ័យ ដែលអាចនឹងរួមភេទនៅទិវានៃក្តីស្រឡាញ់ខាងមុខ មានការធ្លាក់ចុះ គឺ១១.៣ភាគរយ ឆ្លើយថាពួកនឹងរួមភេទនៅថ្ងៃ១៤កុម្ភៈ ដែលធ្លាក់ចុះបើប្រៀបធៀបនៅឆ្នាំ២០០៩ គឺមានទៅដល់១២.៤ភាគរយ។ ចំណែកយុវជនដែលមានគូសង្សារ មានផែនការ នឹងអាចរួមភេទនៅថ្ងៃនោះ មានការកើនឡើង (នៅឆ្នាំ២០០៩ មាន១៤.៣ភាគរយ តែនៅឆ្នាំ២០១៤ មាន១៥.៨ភាគរយ)។ ការស្ទង់មតិបង្ហាញថា នៅក្នុងក្រុមនេះ ភាគរយនៃពួកគេ ដែលមិនមានផែនការប្រើប្រាស់ស្រោមអនាម័យ មានការកើនឡើងពីរដង (នៅឆ្នាំ២០០៩ មាន១៥.៦ភាគរយ តែនៅឆ្នាំ២០១៤ មានទៅដល់៣០.២ភាគរយ)៕
No comments:
Post a Comment