ក្រសួងអប់រំ ក្រើនរំលឹក យុវវ័យ ឲ្យប្រយ័ត្នប្រយែង នៅថ្ងៃ១៤ កុម្ភៈ
ដោយ៖ ស៊ុន ណារិន / វីអូឌី | ថ្ងៃពុធ ទី12 ខែកុម្ភៈ ឆ្នាំ2014
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃពុធនេះ ក្រើនរំលឹកយុវវ័យ សិស្សានុសិស្សឲ្យប្រុងប្រយ័ត្ននៅថ្ងៃ១៤កុម្ភៈ ទិវានៃក្តីស្រឡាញ់ ដើម្បីចៀសវាងការចាញ់បោក ដែលពេលខ្លះឈានទៅដល់ការរួមភេទ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ចេញផ្សាយនៅថ្ងៃទី១២ខែកុម្ភៈ ឲ្យដឹងថាក្រសួងសោកស្តាយយ៉ាងខ្លាំងដោយសង្កេតឃើញយុវជន យុវនារី សិស្សានុសិស្សមួយចំនួនតូច បាននឹងកំពុងភ្លើតភ្លើនភ្លេចខ្លួនទន់ទោរតាមការអូសទាញរបស់មិត្តមិនល្អ ចម្លងវប្បធម៌បរទេស ដោយខ្វះការពិចារណា ឲ្យបានគ្រប់ជ្រុងជ្រោយ ដូចជាយល់ថា ទិវានៃក្តីស្រឡាញ់ជាថ្ងៃ ដែលត្រូវបានបូជាខ្លួនប្រាណជូនគូសង្សារបណ្តាលឲ្យជ្រុលជ្រួស បាប់បង់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ខ្លួន និងក្រុមគ្រួសារ។ ក្រសួងអំពាវនាវដល់មាតាបិតា អ្នកអាណាព្យាបាលទាំងអស់ ជួយទប់ស្កតាត់ និងអប់រំ យុវជន វយុនារី សិស្សានុសិស្ស ជាកូនចៅ ឲ្យប្រកាន់ខ្ជាប់ឥរិយាបទថ្លៃថ្នូរ ប្រុងប្រយ័តជានិច្ច កុំបណ្តោយខ្លួន ឲ្យចាញ់បោកមិត្តមិនល្អ ជនខិលខូច ឬជនឱកាសនិយម នាំឲ្យខូចប្រាណ បាត់បងកិត្តិយស សេចក្តីថ្លៃថ្នូររបស់ក្រុមគ្រួសារ និងធ្វើឲ្យអាប់ឱនដល់ទំនាមទម្លាប់ប្រពៃណីជាតិ។
ការស្ទង់មតិ ធ្វើឡើងកាលពីខែមករា ឆ្នាំ២០១៤ ក្នុងចំណោមយុវជនយុវនារី៧១៥នាក់ នៅរាជធានីភ្នំពេញ ដែលមានទ្រព្យសម្បត្តិបង្គួរ និងមានអាយុចន្លោះពី១៥ដល់២៤ឆ្នាំ បង្ហាញថាទំនាក់ទំនងផ្លូវភេទក្នុងចំណោមយុវវ័យ ដែលអាចនឹងរួមភេទនៅទិវានៃក្តីស្រឡាញ់ខាងមុខ មានការធ្លាក់ចុះ គឺ១១.៣ភាគរយ ឆ្លើយថាពួកនឹងរួមភេទនៅថ្ងៃ១៤កុម្ភៈ ដែលធ្លាក់ចុះបើប្រៀបធៀបនៅឆ្នាំ២០០៩ គឺមានទៅដល់១២.៤ភាគរយ។ ចំណែកយុវជនដែលមានគូសង្សារ មានផែនការ នឹងអាចរួមភេទនៅថ្ងៃនោះ មានការកើនឡើង (នៅឆ្នាំ២០០៩ មាន១៤.៣ភាគរយ តែនៅឆ្នាំ២០១៤ មាន១៥.៨ភាគរយ)។ ការស្ទង់មតិបង្ហាញថា នៅក្នុងក្រុមនេះ ភាគរយនៃពួកគេ ដែលមិនមានផែនការប្រើប្រាស់ស្រោមអនាម័យ មានការកើនឡើងពីរដង (នៅឆ្នាំ២០០៩ មាន១៥.៦ភាគរយ តែនៅឆ្នាំ២០១៤ មានទៅដល់៣០.២ភាគរយ)។
ការស្ទង់មតិឲ្យដឹងទៀតថា យុវវ័យ មានការចាប់អារម្មណ៍តិចជាងមុន ចំពោះការវិវត្តនៃក្តីស្រឡាញ់ខាងមុខនេះ ជាពិសេសក្នុងចំណោមយុវវ័យ ដែលមានគូរសង្សារ(នៅឆ្នាំ២០០៩ មាន៨១ភាគរយ តែនៅឆ្នាំ២០១៤ មានតែ៥៦ភាគរយ)។
ការស្ទង់មតិយុវវ័យលើទិវានៃក្តីស្រឡាញ់១៤កុម្ភៈឆ្នាំ២០១៤
ការស្ទង់មតិនេះ ធ្វើឡើងកាលពីខែមករា ឆ្នាំ២០១៤ ក្នុងចំណោមយុវជនយុវនារី៧១៥នាក់ នៅរាជធានីភ្នំពេញ ដែលមានទ្រព្យសម្បត្តិបង្គួរ និងមានអាយុចន្លោះពី១៥ដល់២៤ឆ្នាំ។
នាយិកាអង្គការសីលការ លោកស្រី ធីតា ឃឹះ យល់ថា មូលហេតុដែលនាំឲ្យយុវ័យ ជ្រើសរើស យកថ្ងៃទី១៤កុម្ភៈ ដើម្បីរួមភេទ ដោយសារ វប្បធម៌អឺរ៉ុបហូរចូលមកកម្ពុជា ទើបធ្វើឲ្យយុវ័យទាំងនោះ សម្រេចចិត្តដើរផ្លូវខុស ដោយមិនបានពិចារណា។ លោកស្រីបន្តថា បើយុវ័យសម្រេចធ្វើបែបនេះ នៅថ្ងៃអនាគត ពួកគេនឹងជួបបញ្ហាប្រឈម ប៉ះពាល់សុខភាព និងជំងឺឆ្លងជំងឺផ្សេងៗជាដើម។ លោកស្រីបញ្ជាក់ថា ដើម្បីកុំឲ្យយុវ័យប្រព្រឹត្តអំពើបែបនេះ រដ្ឋាភិបាលកម្ពុជា ត្រូវបង្កើតការអប់រំយុវជន តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ការសិក្សា ជាដើម៕
No comments:
Post a Comment