Paris Peace Accords 23 Oct. 1991

Tuesday, February 4, 2014

គរុ​សិស្ស នៅ​សៀមរាប ត្អូញត្អែរ ករណី​ នាយក​សាលា ឲ្យធ្វើ​ការ លើស​ម៉ោង និង​បិទ​សិទ្ធិសេរីភាព​​

គរុ​សិស្ស នៅ​សៀមរាប ត្អូញត្អែរ ករណី​ នាយក​សាលា ឲ្យធ្វើ​ការ លើស​ម៉ោង និង​បិទ​សិទ្ធិសេរីភាព​​


ដោយ៖​ បូ សាវី​ / វីអូឌី | ថ្ងៃចន្ទ ទី3 ខែកុម្ភៈ ឆ្នាំ2014

គរុ​សិស្ស នៃ​សាលា​គរុកោសល្យ​វិក្រឹត្យកា​រ ខេត្ដ​សៀមរាប​មួយចំនួន ត្អូញត្អែរ ចំពោះ​នាយក​សាលា​របស់​ខ្លួន ដែល​បង្ខំ​ឲ្យ​ពួកគេ​ធ្វើការ​លើស​ម៉ោង​រដ្ឋ និង​គាបសង្កត់​សិទ្ធិសេរីភាព ធ្វើឲ្យប៉ះពាល់​ដល់ ការចុះ​បំពេញ​កម្មសិក្សា​ពួកគេ​តាម​សាលា​។​
​គរុ​សិស្ស​ឆ្នាំ​ទី​២ នៃ​គរុ​កោ​ល​ស្យ​វិ​ក្រឹត្យការ ខេត្ដ​សៀមរាប ដែល​សូម​មិន​បញ្ចេញ​អត្តសញ្ញាណ ប្រាប់​VOD​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា នាយក​សាលា​គរុកោសល្យ​ខេត្ដ លោក លា​វ ឱ​រ៉ា បង្ខំ​ពួកគេ​ឲ្យធ្វើ​ការលើស​ម៉ោង​ធ្វើការរ​ដ្ឋ និង​ដាក់​វេន​យាម​សាលា ចំ​ពេល​ចុះ​កម្មសិក្សា​តាម​សាលា​ផ្សេងៗ ធ្វើ​ពួកគាត់​ជួប​ការលំបាក​ក្នុង​ការបង្រៀន​។
​លោក​បន្ដថា គរុ​សិស្ស​ធ្លាប់បាន​ធ្វើ​ការតវ៉ា​ជាច្រើន​ដង ទាំង​ដាក់​លិខិត និង​ប្រាប់​ផ្ទាល់មាត់ ប៉ុន្ដែ​នាយក​សាលា​រូបនោះ មិន​យកចិត្ដទុកដាក់ដ​ល់​ពួកគេ​ឡើយ​។ ពួកគេ​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ជំរុញ​ឲ្យ​នាយក​សាលា​នោះ បញ្ឈប់​ដាក់​ម៉ោង​យាម​យប់​ចំពេល​ពួក​គេ​ចុះ​បង្រៀន​សិស្ស ដើម្បី​ទុក​ពេលវេលា​នោះ តែង​កិច្ចការ​សាលា​ «​យក​ពេលវេលា ធ្វើ​កិច្ច​តែងការ​សាលាបង្រៀន ហើយ​និង​សម្ភារ​ផង គាត់​មិន​មាន​ពេល​មក​យាម​ទេ​។ ពេល​កម្មសិក្សា​ខ្ញុំ​ត្រូវ​ចុះ​ទៅ​តាម​សាលា​ថ្នាល់ ចេញពី​សាលា​ថ្នាល់​មកវិញ​មក​យាម គឺ​មក​មិនទាន់​ទេ​។ ពេល​ពួក​ខ្ញុំ​ធ្វើ​កិច្ច​តែង​ការបង្រៀន​ហើយ ត្រូវ​យក​ទៅ​ឲ្យ​គាត់​មើល ប្រសិន​ជា​មាន​ខុស​តិចតួច គឺ​គាត់​ដាក់​ចោល​ហើយ​។ សូមឲ្យ​ក្រសួង​ជួយ​ធ្វើ​ការដោះស្រាយ​»​។​
គរុ​សិស្ស​មួយ​រូប​ទៀត ដែល​សុំ​មិន​បង្ហាញ​អត្តសញ្ញាណ​ដូចគ្នា ឲ្យដឹងថា នាយក​គរុកោសល្យ លោក លា​វ ឱ​រ៉ា បាន​គាបសង្កត់​សិទ្ធិសេរីភាព​ពួកគេ ដូច​ជា​បង្ខំ​សិស្ស​ឲ្យធ្វើ​ពលកម្ម​ខុស​ម៉ោង​រដ្ឋ​ជា​ដើម​។ លោក​ថា​ប្រសិនបើ​សិស្ស​ណា​យឺតយ៉ាវ​ ក្នុង​ការចុះ​វត្ដ​មាន​ពេល​មក​យាម នាយក​សាលា​នោះ ដាក់ពិន័យ​ពួកគេ​ឲ្យ​យាម​មួយ​សប្ដាហ៍​ដល់​មួយខែ​ «​ណា​មួយ​យើង​ទៅ​បង្រៀន​ទៅ គេ​ថា​យើង​ជា​គរុ​សិស្ស គេ​ថា​យើង​មិន​មាន​បទពិសោធន៍​ហើយ​ពិបាក និង​នឿយហត់​។ យើង​ត្រូវ​ហូប​បាយ​ទឹក ហើយ​ធ្វើ​កិច្ច​តែងការ យក​ទៅ​បង្រៀន​ទៀត ហើយ​ទៅ​យាម​នៅ​សាលា​ទៀត ខ្ញុំ​គិត​ថា​បញ្ហា​នេះ វា​ពិបាក​ខាង​ពួក​ខ្ញុំ ពិសេស​ស្រីៗ នៅពេល​ដែល​គ្នា​នៅ​យប់​អធ្រាត្រ ជួនកាល​បញ្ហា​គ្រោះ​ថា្នក់​ចរាចរណ៍ ពេល​ទៅ​យប់​»​។​
​ករណីនេះ នាយក​សាលា​គរុកោសល្យ វិក្រឹត្យការ​ខេត្ដ​សៀមរាប លោក លា​វ ឱ​រ៉ា មានប្រសាសន៍​បដិសេធ​ថា លោក​មិន​ឲ្យ​គរុ​សិស្ស​ឆ្នាំ​ទី​២​យាម​នោះ​ទេ ដោយ​គ្រាន់តែ​ឲ្យ​ពួកគេ​មក​សំរាក​ធ្វើ​ការងារ​ជុំគ្នា​ជាមួយ​គរុ​សិស្ស​ឆ្នាំ​ទី​១។ លោក​បន្ដថា ដោយឡែក ការលើកឡើង​ពី​ការដាក់ពិន័យ​នោះ គឺ​ធ្វើ​តាម​បទបញ្ជាផ្ទៃក្នុង​របស់​សាលា​ «​រឿង​យាម​ជា​រឿង​ធម្មតា គ្រាន់​តែ​ពេល​កម្មសិក្សា គេ​មិន​ឲ្យ​យាម គ្រាន់តែ​មក​សម្រាក់​ធ្វើ​ការងារ​ធម្មតា​។ ក្នុង​បទបញ្ជា​ផ្ទៃក្នុង មិន​អី​ទេ គ្រាន់តែ​សម្រាក់​ជុំគ្នា បានជា​គ្នា ជា​មួយ​ឆ្នាំ​ទី​១ ទៅ​ធ្វើការ​ធម្មតា ធ្វើការ​ហើយ សម្រាក់​ទៅ​មាន​ទៅ​ស្អី មិនមែន​ជា​យាម​ទេ មក​សម្រាក់​ធ្វើ​ការងារ​នៅ​កន្លែង​គរុកោសល្យ មិន​ពិន័យ​ទេ គ្រាន់តែ​ណែនាំ​ទេ​»​។​
​ដោយឡែក ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ដ លោក អ៊ុង សិរី​ឌី ថ្លែងថា ការ​ដាក់​ផែនការ​បែប​នោះ ជា​ពង្រឹង​វិន័យ ដើម្បី​យក​ទៅ​បំពេញ​ភារៈកិច្ច​នៅ​តាម​មូលដ្ឋាន​។ លោក​បន្ដថា ការដាក់​វេន​យាម​នៅតាម​អង្គភាព​នោះ ដើម្បី​ធានា​សន្ដិសុខ​សុវត្ថិភាព ហើយ​ក៏​មិនមែន​ជា​រឿង​ធំដុំ​ឡើយ​។​
​សាលា​គរុកោសល្យ​វិក្រឹត្យការ ខេត្ដ​សៀមរាប មាន​ទីតាំង​តាម​បណ្ដោយ​ផ្លូវ​ទៅ​អង្គរវត្ដ ក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប មាន​គរុ​សិស្ស​ជាង​៥​រយ​នាក់ ពួក​គេ​ចុះ​កម្មសិក្សា​ចាប់ពី​ម៉ោង​១​រសៀល ដល់​ម៉ោង​៥​ល្ងាច និង​វេន​យាម​៦​ថ្ងៃ​ម្ដង គឺ​ចាប់ពី​ម៉ោង​៦​យប់ ដល់​ម៉ោង​៦​ព្រឹក​៕



No comments:

Post a Comment